ភ្នំពេញៈ ក្រុមហ៊ុនរោងចក្រកាត់ដេរ Grand Twin International (Cambodia) Ltd របស់តៃវ៉ាន់នឹងចូលផ្សារហ៊ុន នៅដើមឆ្នាំក្រោយ។
រោងចក្រនេះនឹងក្លាយជាក្រុមហ៊ុនឯកជនដំបូងគេ ដែលបានចុះបញ្ជីនៅលើផ្សារហ៊ុនកម្ពុជា។
អ្នករកស៊ីនៅក្នុងវិស័យនេះ និងមន្ត្រីពាក់ព័ន្ធ បានឲ្យដឹងថា ការចូលរបស់រោងចក្រនេះ នឹងក្លាយជាកត្តាជំរុញធ្វើឲ្យផ្សារហ៊ុនដែលទើបនឹងបង្កើតថ្មីរបស់កម្ពុជា មានដំណើរការកាន់តែប្រសើរ។
រោងចក្រ Grand Twin International (Cambodia) Ltd បានចុះហត្ថលេខាលើកិច្ចសន្យារៀបចំ IPO ជាមួយក្រុមហ៊ុនធានាទិញមូលបត្រ ភ្នំពេញ ស៊ីឃ្យូរីធី (PPS) កាលពីខែមិថុនា ឆ្នាំមុន ខណៈក្រុមហ៊ុនTY Fashion (Cambodia) Co.,Ltd ដែលជារោងចក្ររបស់តៃវ៉ាន់ដែរនោះចុះហត្ថលេខាកាលពីខែកក្កដា។
លោកStephen Hsu អគ្គនាយករបស់PPS បានឲ្យដឹងថា បន្ទាប់ពីចំណាយពេលជាងមួយឆ្នាំនៃការខិតខំរបស់ក្រុមហ៊ុនទាំងពីរ ក្រុមហ៊ុនទាំងនេះបានបញ្ជូនលិខិតបញ្ជាក់អំពីគោលបំណងរបស់ខ្លួន ក្នុងការចូលក្នុងផ្សារហ៊ុនមកកាន់គណៈកម្មការផ្សារមូលបត្រកម្ពុជា (SECC)តាំងពីចុងឆ្នាំ២០១១។ លោកបន្តថា៖ «យើងកំពុងធ្វើការជាមួយរោងចក្រទាំងពីរ នៅពេលតែមួយ ហើយដំណើរការនេះ នឹងប្រព្រឹត្តទៅយ៉ាងល្អ។ បច្ចុប្បន្នវាឈានដល់ដំណាក់កាលចុងក្រោយហើយ។ បន្ទាប់ពីក្រុមហ៊ុនទាំងពីរ ផ្លាស់ប្តូរមាត្រារបស់ខ្លួន នៅក្រសួងពាណិជ្ជកម្មមក នឹងដាក់ពាក្យសុំអនុញ្ញាតចុះបញ្ជីជាផ្លូវការ»។
លោកសង្ឃឹមថាក្រុមហ៊ុនទាំងនេះ អាចចុះបញ្ជីបានដោយជោគជ័យ នៅលើផ្សារហ៊ុន នៅដើមឆ្នាំ២០១៣។
លោក មិញ បានកុសល អគ្គនាយក SECC បានឲ្យដឹងថា លោកមិនបានទទួលឯកសារលម្អិតពីក្រុមហ៊ុននោះឡើយ ដោយលោកបានបញ្ជាក់ថា ក្រុមហ៊ុនដែលបានចុះបញ្ជីនៅលើផ្សារហ៊ុន ចាំបាច់ត្រូវបញ្ជូនឯកសារមក SECC ដើម្បីទទួលបានការអនុញ្ញាត។ លោកថ្លែងថា៖ «ពួកគេចាំបាច់ត្រូវបញ្ជូនឯកសារមកយើង ដើម្បីត្រួតពិនិត្យថាតើពួកគេបំពេញតាមលក្ខខណ្ឌរបស់យើងដែរឬអត់។បើឯកសាររបស់ពួកគេត្រូវតាមលក្ខខណ្ឌ យើងនឹងអនុញ្ញាតឲ្យពួកគេភ្លាម»។ លោកបន្តថាការអនុញ្ញាតនឹងត្រូវការពេលប្រហែល១ ទៅ ២ខែ។
លោក ស្វាយ ហៃ ប្រធានក្រុមហ៊ុនជើងសារធនាគារអេស៊ីលីដាបានឲ្យដឹងថា ការចូលផ្សារហ៊ុនរបស់ក្រុមហ៊ុនទាំងនេះ នឹងធ្វើឲ្យផ្សារហ៊ុនកាន់តែមានសកម្មភាព។ លោកបញ្ជាក់ថា៖ «ផ្សារហ៊ុនយើងមានដំណើរការជាបណ្តើរៗ ទោះបីយើងមានតែក្រុមហ៊ុនមួយក៏ដោយ។ បើយើងមានក្រុមហ៊ុនច្រើន ចុះបញ្ជី វានឹងទាក់ទាញវិនិយោគិនកាន់តែច្រើន»។ លោកបន្តថាមកទល់ពេលនេះមានក្រុមហ៊ុនប្រមាណ១០ មកពីវិស័យឯកជន និងរដ្ឋ បង្ហាញចំណាប់អារម្មណ៍ចង់ចូលក្នុងផ្សារហ៊ុន៕CS