
ភ្នំពេញៈ ផ្សារទំនើបវៀតណាមនៅតាមបណ្តោយមហាវិថី ព្រះមុនីវង្ស ត្រូវបានបិទ ខណៈមន្ដ្រីពាណិជ្ជកម្មវៀតណាមអះអាងថា ដោយសារក្រុមហ៊ុនវិនិយោគផ្សារនេះបង្វែរទៅបង្កើតផ្សារលក់ដុំវិញ។
ផ្សារលក់ដុំរបស់វៀតណាមកំពុងត្រូវបានសាងសង់នៅជាយរាជធានីភ្នំពេញស្ថិតនៅខណ្ឌ ឫស្សីកែវ ក្នុងគោលបំណងជំរុញផលិតផល វៀតណាម នៅ កម្ពុជា។
ផ្សារទំនើបវៀតណាមបានបើកដំណើរការកាលពីចុងខែ ធ្នូ ឆ្នាំ ២០១០ វិនិយោគដោយក្រុមហ៊ុន វៀតណាម-កម្ពុជា សេង ម៉េង ដែលជាម្ចាស់ក្រុមហ៊ុន Z38 និងជាសមាជិកសមាគមពាណិជ្ជកម្មវៀតណាមនៅកម្ពុជា។
លោក Tran Tu មន្ដ្រីអនុព័ន្ធពាណិជ្ជកម្មនៅការិយាល័យពាណិជ្ជកម្មនៅស្ថានទូតវៀតណាមក្នុងទីក្រុង ភ្នំពេញបាននិយាយថាផ្សារលក់ដុំ កំណត់លក់ទំនិញក្នុងចំនួនច្រើនឲ្យអតិថិជនកម្ពុជាជាជាងគ្រាន់តែលក់រាយដើម្បីលើកកម្ពស់ផលិតផលវៀតណាមនៅក្នុងទីផ្សារនេះ។ លោកលើកឡើងថា៖ «ការបិទផ្សារទំនើបដោយសារតែម្ចាស់មិនអាចបង់ថ្លៃជួលមានតម្លៃខ្ពស់។ ក្រុមហ៊ុន Z38 នឹងផ្លាស់ប្តូរពីការលក់រាយទៅលក់ដុំនៅកន្លែងថ្មីដែលពួកគេមានឃ្លាំងមួយរួចហើយ»។
ផ្សារលក់ដុំនេះមានទីតាំងនៅតាមផ្លូវជាតិលេខ ៥ ចម្ងាយតែ ៩ គីឡូម៉ែត្រពីទីក្រុង ភ្នំពេញ។ លោក Tu និយាយថា ផ្ទៃដីនេះមានទំហំ ១០ ហិកតា ប៉ុន្តែឃ្លាំងនេះនឹងត្រូវបានសាងសង់លើផ្ទៃដីមួយហិកតាប៉ុណ្ណោះ ដោយសារតែដើមទុនវិនិយោគមានកំណត់។
លោកបានបន្តថា៖ «តាមពិតពួកគេបានកំណត់ផែនការនៅក្នុងរយៈពេលពីរឆ្នាំចុងក្រោយ នេះ ដើម្បីសាងសង់ផ្សារលក់ដុំ ប៉ុន្តែពួកគេរង់ចាំដោយសារពួកគេស្វែងរកដៃគូ។ បច្ចុប្បន្ន ពួកគេរកបានហើយ។ ដៃគូនេះផ្ដល់ផ្ទៃដីសម្រាប់សាងសង់»។ លោកបន្តថា៖ «គំនិតនេះល្អព្រោះមកដល់ពេលនេះមិនមានទំនិញវៀតណាមលក់ដុំនៅកម្ពុជាទេ។ នេះជាការវិនិយោគលើកដំបូង។ ដូច្នេះខ្ញុំគិតថាវាល្អសម្រាប់អ្នកដែលបង្កើតទីផ្សារលក់ដុំដូចនេះនៅកម្ពុជា។ ប៉ុន្តែខ្ញុំគិតថា បញ្ហានោះត្រូវការពេលវេលា»។
លោក សេង ម៉េង បានបដិសេធនិយាយពីគម្រោងនេះ។
លោក Tran Tu និយាយថា ទីផ្សារនេះមិនគ្រាន់តែលក់ដុំផលិតផល វៀតណាម ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងលក់ទំនិញផ្សេងទៀតផងដែរ។
លោកបន្ថែមថា៖ «ពិតហើយ ពួកគេផ្តោតជាសំខាន់លើទីផ្សារវៀតណាមដូច្នេះពួកគេត្រូវតែនាំចូលផលិតផលវៀតណាមកាន់តែច្រើនឡើងៗ ប៉ុន្តែពួកគេបាននាំចូលផងដែរពីថៃ ចិន ឬកូរ៉េ ខ្ញុំគិតថាដោយសារតម្រូវការទីផ្សារកម្ពុជានឹងមិនផ្តោតតែលើផលិតផលវៀតណាមនោះទេ បើអ្នកទៅផ្សារនេះ អ្នកនឹងជួបផលិតផលផ្សេងទៀត»។ ប៉ុន្តែលោកមិនបានដឹងពីតម្លៃវិនិយោគនេះទេ ហើយមិនបានដឹងថាពេលណាទើបបើកដំណើរការនោះដែរ។
ទិន្នន័យការិយាល័យពាណិជ្ជកម្មវៀតណាមបង្ហាញថា ពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា វៀតណាមកើនឡើង ១០ ភាគរយក្នុងរយៈពេល ៩ ខែដំបូង ដោយកើនពីជាង ២,៤៥ ពាន់លានដុល្លារដល់ជាង ២,៦៩ ពាន់លានដុល្លារនៅក្នុងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។
ទិន្នន័យពីក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបង្ហាញថា កម្ពុជាទទួលការវិនិយោគផ្ទាល់ជាង ១,២៨ ពាន់លានដុល្លារពី វៀតណាមចន្លោះ ១៩៩៤-២០១២ ដែលភាគច្រើនលើវិស័យកសិកម្ម ឧស្សាហកម្មហិរញ្ញវត្ថុ ធានារ៉ាប់រង និងវិស័យទេសចរណ៍ជាដើម៕ PB