ភ្នំពេញៈ ​សេចក្តី​ព្រាងច្បាប់​ស្តីពី​សុវត្ថិភាព​ម្ហូបអាហារ​ត្រូវបាន​រំពឹងថា​នឹង​បញ្ជូនទៅ​ទីស្តី​គណៈរដ្ឋមន្ត្រី​ពិនិត្យ​ និង​សម្រេច បន្ទាប់ពី​ស្ថានភាព​ជំងឺ​កូវីដ១៩​នៃ​ព្រឹត្តិការណ៍​សហគមន៍ ២០ កុម្ភៈ​ត្រូវ​បាន​គ្រប់គ្រង​បាន​នៅពេល​ខាងមុខ។

អ្នក​នៅក្នុង​វិស័យ​ទេសចរណ៍​ជឿថា​ច្បាប់​នេះ​នឹង​រួមចំណែក​ទាក់ទាញ​ភ្ញៀវទេសចរ​មក​ទស្សនា​នៅ​ប្រទេស​កម្ពុជា​ បន្ទាប់ពី​កម្ពុជា​អាច​គ្រប់គ្រង​បាន​នៃ​ការឆ្លង​ជំងឺ​កូវីដ១៩។

សេចក្តី​ព្រាងច្បាប់​ស្តីពី​សុវត្ថិភាព​ម្ហូបអាហារ​ត្រូវបាន​រៀបចំ​ឡើង​ក្នុង​ឆ្នាំ ២០១៥ ដោយ​មាន ១១ ជំពូក ៥៣ មាត្រា។

ច្បាប់​នេះ​មាន​គោលបំណង​បង្កើត​ប្រព័ន្ធ​សុវត្ថិភាព​ម្ហូបអាហារ​សម្រាប់​ការពារ​សុខភាព​មនុស្ស និង​អ្នកប្រើប្រាស់​តាមរយៈ​ការទប់ស្កាត់ ការគ្រប់គ្រង និង​លុបបំបាត់​ការបំពុល និង​គ្រោះថ្នាក់​ដែល​បណ្តាល​មកពី​ម្ហូបអាហារ។

បទប្បញ្ញត្តិ​ច្បាប់​នេះ គ្របដណ្តប់​លើ​ម្ហូបអាហារ​ទាំង​កែច្នៃ និង​មិន​កែច្នៃ ដែលមាន​កំណត់​ក្នុង​ច្បាប់ និង​លើ​ខ្សែចង្វាក់​ផលិតកម្ម​ម្ហូបអាហារ​ទាំងមូល ស្របតាម​គោលការណ៍​សុវត្ថិភាព​ម្ហូបអាហារ​ចាប់ពី​កសិដ្ឋាន​ដល់​តុ​បរិភោគ។

លោក ផាន អូន អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​ការពារ​អ្នកប្រើប្រាស់​កិច្ចការ​ប្រកួតប្រជែង និង​បង្ក្រាប​ការក្លែងបន្លំ​ក្រសួង​ពាណិជ្ជកម្ម ឲ្យ​ដឹងថា សេចក្តី​ព្រាងច្បាប់​ស្តីពី​សុវត្ថិភាព​ម្ហូបអាហារ​ត្រូវបាន​ក្រុមការងារ​នៃ​ក្រសួង​ពាណិជ្ជកម្ម និង​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​បាន​បញ្ចប់​ការជជែក​ពិភាក្សា​គ្នា​ម្តង​រួចហើយ កាលពី​ថ្ងៃទី ៤ ខែ​កុម្ភៈ​កន្លងមក។

លោក ផាន អូន ឲ្យ​ដឹង​ទៀតថា​សេចក្តី​ព្រាងច្បាប់​នេះ​នឹង​បន្ត​ដាក់​ឆ្លងទៅ​ក្នុង​កិច្ចប្រជុំ​អន្តរក្រសួង​ម្តងទៀត មុន​នឹង​បញ្ជូន​ទៅ​គណៈរដ្ឋមន្ត្រី ប៉ុន្តែ​លោក​មិនទាន់​ដឹងថា​នឹង​កំណត់​ពេលណា​នោះទេ​ ដោយសារ​ការរីករាលដាល​នៃ​ជំងឺ​កូវីដ១៩​នៃ​ព្រឹត្តិការណ៍​សហគមន៍ ២០ កុម្ភៈ​មិន​ទាន់​ធូរស្រាល​នៅឡើយ។

លោក​ថ្លែងថា៖ «ខ្ញុំ​ជឿថា​នៅពេល​ស្ថានភាព​ធូរស្បើយ​ការប្រជុំ​វែកញែក​ជជែក​ដើម្បី​ឲ្យ​ទិដ្ឋភាព​ច្បាប់​អាច​សម្រេច​ទៅបាន​នឹង​លឿន​ទៅតាម​នោះដែរ»។

លោក​បន្ថែមថា សេចក្តី​ព្រាងច្បាប់​ស្តីពី​សុវត្ថិភាព​ម្ហូបអាហារ​ត្រូវបាន​ធ្វើឡើង​ស្រប​នឹង​ការប្តេជ្ញាចិត្ត​របស់​រាជរដ្ឋាភិបាល​ក្នុង​ការបំពេញ​កាតព្វកិច្ច​ទៅតាម​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក​ដែល​កម្ពុជា​បាន​ចូល​ជា​សមាជិក​របស់​អង្គការ​នេះ។

សេចក្តី​ព្រាងច្បាប់​ស្តីពី​ម្ហូបអាហារ​ក៏នឹង​ឆ្លើយតប​ និង​បំពេញបន្ថែម​ទៅនឹង​ច្បាប់​ស្តីពី​ការគ្រប់គ្រង​គុណភាព​សុវត្ថិភាព​ទំនិញ និង​សេវា និង​ច្បាប់​ផ្សេងទៀត​នឹង​ធានាបាន​នូវ​ផលិតផល​ម្ហូបអាហារ​មួយ​ដែលមាន​សុវត្ថិភាព ការទទួល​ខុសត្រូវ​របស់​ពាណិជ្ជករ អាជីវករ អ្នក​ផលិត​ និង​ចែកចាយ និង​អ្នក​នាំចូល​ត្រូវ​មាន​កាតព្វកិច្ច​ទទួល​ខុសត្រូវ​ចំពោះមុខ​ច្បាប់។

លោក​និយាយថា៖ «សេចក្តី​ព្រាងច្បាប់​នេះ​ត្រូវបាន​ប្រកាស​ឲ្យ​ប្រើ​នៅ​ថ្ងៃ​ណាមួយ​នោះ ខ្ញុំ​ជឿថា​សុវត្ថិភាព​ម្ហូបអាហារ​នឹង​ទទួលបាន​ការធានា​មួយកម្រិត​ទៀត ដូច្នេះ​វា​ជា​យន្តការ​មួយ​ទាក់ទាញ​ទេសចរណ៍​ក្នុង​ស្ថានភាព​ជំងឺ​កូវីដ១៩​អាច​គ្រប់គ្រង​បាន​ក៏​នឹងមាន​ភាពកកក្តៅ​ពី​អ្នក​ទេសចរណ៍​អន្តរជាតិ និង​ក្នុងស្រុក​ក៏ដូចជា​ប្រជាពលរដ្ឋ​អ្នកប្រើប្រាស់​ចុងក្រោយ​សុវត្ថិភាព​ក្នុង​ការទទួលទាន​ផង​ដែរ»។

លោក តុប សុភ័ក្រ អ្នកនាំពាក្យ​ក្រសួង​ទេសចរណ៍​ប្រាប់​ភ្នំពេញ ប៉ុស្តិ៍​ថា សម្រាប់​ភ្ញៀវទេសចរ​ផ្នែក​ម្ហូបអាហារ​មាន​តួនាទី​យ៉ាងសំខាន់​ក្នុង​ការទាក់ទាញ​ពួកគេ​មក​ទស្សនា​នៅតាម​តំបន់​គោលដៅ​ទេសចរណ៍​នានា​នៅ​កម្ពុជា។ គ្រប់​ទិសដៅ​ទេសចរណ៍​ទាំងអស់​ចាំបាច់​បំផុត​ត្រូវមាន​ម្ហូបអាហារ​ដែលមាន​គុណភាព អនាម័យ​ល្អ សម្រាប់​បម្រើ​សេវា​ដល់​អតិថិជន​របស់ខ្លួន។

លោក សុភ័ក្រ ថ្លែងថា៖ «ម្ហូបអាហារ​ពិតជា​ចាំបាច់​ណាស់​សម្រាប់​វិស័យ​ទេសចរណ៍ ក្រសួង​ទេសចរណ៍​ក៏​ធ្លាប់ធ្វើ​កម្មវិធី​មហោស្រព​ទេសចរណ៍​ម្ហូបអាហារ​នាពេល​កន្លងមក ហើយ​បាននិង​កំពុង​ជ្រើសរើស​មុខម្ហូប​អាហារ​ជា​លក្ខណៈ​ជាតិ​ ដើម្បី​ឲ្យ​ភ្ញៀវទេសចរ​មក​កម្ពុជា​ទទួល​បាន​ម្ហូបអាហារ​សម្គាល់​តាម​គោលដៅ​ទេសចរណ៍»។

លោក​ថ្លែង​ទៀតថា៖ «ទាំងនេះ​គឺជា​ការខិតខំ​ប្រឹងប្រែង​របស់​រដ្ឋាភិបាល ក៏ដូចជា ក្រសួង​ទេសចរណ៍​ក្នុង​ការពង្រឹង​ផលិតផល​ទេសចរណ៍​ម្ហូបអាហារ​មួយ​ដ៏ទាក់ទាញ​សម្រាប់​ភ្ញៀវទេសចរ»។

ប្រធាន​សមាគម​ទីភ្នាក់ងារ​ទេសចរណ៍​កម្ពុជា​លោកស្រី ឆាយ ស៊ីវលីន ធ្លាប់បាន​លើកឡើង​នាពេល​កន្លងមក​ថា នៅពេល​ច្បាប់​នេះ​ត្រូវបាន​ដាក់​ឲ្យ​ប្រើប្រាស់ កម្ពុជា​នឹង​ក្លាយជា​គោលដៅ​ទាក់ទាញ​ការវិនិយោគ​លើ​វិស័យ​ម្ហូបអាហារ។

លោកស្រី​និយាយថា៖ «វា​ក៏​អាច​ធ្វើឱ្យ​មាន​ការវិនិយោគ​លើ​ហាង​លក់​ម្ហូបអាហារ​សម្រាប់​ភ្ញៀវទេសចរ​បញ្ហា​សុវត្ថិភាព និង​គុណភាព​អាហារ គឺជា​ផ្នែក​មួយ​ដ៏សំខាន់​សម្រាប់​ភ្ញៀវទេសចរ ព្រោះ​ភ្ញៀវទេសចរ គឺ​តែង​ចង់​ទទួលទាន​អាហារ​ដែលមាន​គុណភាព រសជាតិ និង​អនាម័យ។ ពេលធ្វើ​ដំណើរ​ទៅ​ប្រទេស​ណា​ភ្ញៀវ​តែង​សួរ​ពី​ប្រភេទ​អាហារ និង​សុវត្ថិភាព​អាហារ​មុនគេ»។

យោងតាម​របាយការណ៍​ក្រសួង​ទេសចរណ៍​បាន​ឲ្យ​ដឹងថា កាលពី​ឆ្នាំ ២០២០ កន្លង​ទៅនេះ កម្ពុជា​ទទួលបាន​ភ្ញៀវទេសចរ​អន្តរជាតិ​តែ ១,៣១ លាន​នាក់​ប៉ុណ្ណោះ ដោយមាន​ការថយចុះ​ប្រមាណ ៨០% និង​ទទួលបាន​ភ្ញៀវទេសចរ​ផ្ទៃក្នុង​ប្រមាណ ៩ លាន​នាក់ ថយចុះ ២០% បើ​ធៀប​នឹង​ឆ្នាំ ២០១៩ កន្លងទៅ។

ការធ្លាក់ចុះ​នៃ​ចំនួន​ភ្ញៀវទេសចរ​អន្តរជាតិ​កាលពី​ឆ្នាំមុន​បាន​ធ្វើឲ្យ​ឧស្សាហកម្ម​ទេសចរណ៍​កម្ពុជា​បាត់បង់​ចំណូល​ជាង ៣ ពាន់​លាន​ដុល្លារ​អាមេរិក ដោយ​ប្រាក់ចំណូល​ពី​ទេសចរណ៍​អន្តរជាតិ​ទទួល​បាន​ក្នុង​ឆ្នាំ ២០២០ មាន​ត្រឹម ១,០២៣ ពាន់​លាន​ដុល្លារ ធ្លាក់ចុះ ៧៩,២ ភាគរយ បើ​ធៀប​នឹង​ឆ្នាំ ២០១៩ ដែលមាន​ចំនួន ៤,៩១៩ ពាន់​លាន​ដុល្លារ៕