ភ្នំពេញៈ ​អគ្គ​នាយកដ្ឋាន​ពន្ធដារ​ (GDT) បាន​ចេញ​សេចក្តី​ណែនាំ​មួយ​​ស្តីពី​ការ​ប្រើប្រាស់​រូបិយប័ណ្ណ​ប្រាក់​រៀល​ក្នុង​វិក្កយបត្រ​ ដែល​តម្រូវ​ឲ្យ​អ្នក​ជាប់​ពន្ធ​ទាំង​អស់​ត្រូវ​បង្ហាញ​វិក្កយបត្រ​កាតព្វកិច្ច​ពន្ធ​កត់ត្រា​​ជា​ប្រាក់​​រៀល​​លើ​តម្លៃ​សរុប​ដែល​ត្រូវ​ប្រកាស​​ពន្ធ។

យោង​តាម​សេចក្តី​​​ណែនាំ​របស់ GDT ​ការ​ណែនាំ​នេះ​​​នឹង​ត្រូវ​ចាប់​ផ្តើម​អនុវត្ត​ចាប់​ពី​ថ្ងៃ​ទី​ ១ មេសា​ ខាង​មុខ​តទៅ។ សេចក្តី​​​ណែនាំ​របស់​ GDT បាន​លើក​ឡើង​ថា ​អ្នក​ជាប់​ពន្ធ​ត្រូវ​កត់ត្រា​​រូបិយប័ណ្ណ​ប្រាក់​រៀល​លើ​តម្លៃ​សរុប នៃ​វិក្កយបត្រ​របស់​ខ្លួន ប៉ុន្តែ​​ចំ​ពោះ​តម្លៃ​នៃ​មុខ​ទំនិញ​នីមួយៗ​អាច​ប្រើប្រាស់​​ប្រាក់​រៀល​ ឬ ដុល្លារ​ក៏​បាន។ ចំពោះ​តម្លៃ​សរុប​នៃ​វិក្កយបត្រ​ដែល​ត្រូវ​ប្តូរ​ទៅ​ជា​ប្រាក់​រៀល​ អាច​​ធ្វើ​ការ​ប្តូរ​ដោយ​ប្រើប្រាស់​អត្រា​ប្តូរ​ប្រាក់​ផ្លូវ​ការ​ប្រចាំ​ខែ​​ ដែល​ចេញ​ដោយ​ GDT ឬ​អត្រា​ទីផ្សារ​ក៏​បាន​ តែ​មិន​ត្រូវ​ទាប​ជាង​អត្រា​ផ្លូវការ​របស់​ធនាគារ​ជាតិ។

លោក ​រស់ ​សុខុម ​ប្រធាន​ក្រុមហ៊ុន​ Rosoco Limited ​ដែល​ជំនាញ​ផ្នែក​សវនកម្ម ​បាន​លើក​ឡើង​ថា សេចក្តី​ណែនាំ​ថ្មី​របស់​​ GDT នេះ​អាច​ធ្វើ​ឲ្យ​ឯកសារ​ភ្ជាប់​សម្រាប់​កាតព្វកិច្ច​ពន្ធ​សមាមាត្រ​ទៅ​នឹង​ប្រព័ន្ធ​ប្រកាស​ពន្ធ​តាម​​អនឡាញ​របស់​ GDT ដែល​ទើប​ដំណើរការ។

ខណៈ​អ្នក​ជាប់​ពន្ធ​ទាំង​អស់ ​ត្រូវ​តម្រូវ​ឲ្យ​បំពេញ​កាតព្វកិច្ច​ពួក​គេ ​ជា​ប្រាក់​រៀល​ខ្មែរ​ទៅ​ GDT ​លោក ​សុខុម​ បាន​ឲ្យ​ដឹង​ថា ​អ្នក​ជាប់​ពន្ធ​ភាគ​ច្រើន​បង្ហាញ​វិក្កយបត្រ​ពន្ធ​របស់​ពួក​គេ​ជា​ប្រាក់​ដុល្លារ ​ដោយសារ​តែ​ជា​ទូទៅ​ពួក​​គេ​ទទួល​បាន​រូបិយប័័ណ្ណ​បរទេស​សម្រាប់​អតិថិជន​របស់​ពួក​គេ​។ ​លោក​ថ្លែង​ថា៖​ «​វា​នឹង​មាន​ការ​​ពិបាក​មួយ​ចំនួន​សម្រាប់​អ្នក​ជាប់​ពន្ធ​ ក្នុង​ការ​បំពេញ​​តម្រូវការ​ពី​ GDT ជា​មុន​សិន​ ដោយ​​សារ​តែ​ពួក​គេ​ភាគ​ច្រើន​បោះពុម្ព​វិក្កយបត្រ​ជា​ប្រាក់​ដុល្លារ​អាមេរិក ​ដែល​បង្កើត​ឡើង​ដោយ​ស្វ័យប្រវត្តិ​ដោយ​ប្រព័ន្ធ​នេះ»​។ ​

លោក​បន្ថែម​ថា ​ប៉ុន្តែវា​មិនមែន​ជា​បញ្ហា​ធំ​នោះ​ទេ​ ដោយសារ​​​អ្នក​ជាប់ពន្ធ​ នឹង​ព្យាយាម​​កែ​តម្រូវ​ប្រព័ន្ធ​គណនេយ្យ​របស់​ពួក​គេ​ ទោះ​បី​ជា​ពួក​គេ​នឹង​ត្រូវ​ការ​ពេល​វេលា​ ក្នុង​ការ​យល់​ដឹង​ពី​ការ​ផ្លាស់​​ប្តូរ​ថ្មី​នេះ​ក៏​ដោយ​។ ​លោក​លើក​ឡើង​ថា៖​ «​តាមរយៈ​ការ​បង្ហាញ​វិក្កយបត្រ​ពន្ធ​ជា​ប្រាក់​រៀល​​ខ្មែរ​ អ្នក​ជាប់​ពន្ធ​អាច​លើក​ទឹក​ចិត្ត​​ឲ្យ​អតិថិជន​របស់​ពួក​គេ​បង់​ជា​ប្រាក់​​រៀល ​ហើយ​ទី​បំផុត​វា​នឹង​ជួយ​បង្កើន​ល្បឿន​ការ​ប្រើប្រាស់​ប្រាក់​រៀល​»។​​

GDT ​បាន​ដាក់​ឲ្យ​ដំណើរការ​​កម្មវិធី​ទូទាត់​អេឡិចត្រូនិក ​ចាប់​តាំង​ពី​ចុង​ឆ្នាំ ​២០១៧ ​ដែល​អាច​ឲ្យ​អ្នក​ជាប់​ពន្ធ​ជា​បុគ្គល ​និង​ក្រុមហ៊ុន​បង់​ប្រាក់​កាតព្វកិច្ច​របស់​ពួក​គេ​តាម​អនឡាញ ​និង​ដោយ​ផ្ទាល់​តាមរយៈ​គណនី​ធនាគារ​។ ក្រោយ​មក ​GDT ​ដំណើរការ​ប្រព័ន្ធ​រៀបចំ​ឯកសារ​អេឡិចត្រូនិក​​ដោយ​ឡែក​មួយ​ទៀត​កាល​ពី​ឆ្នាំ ​២០១៨​ ដែល​អាច​ឲ្យ​ជាប់​ពន្ធ​ដាក់​ឯកសារ​ជាប់​ពាក់ព័ន្ធ​ រួម​មាន​វិក្កយបត្រ​ពន្ធ​អនឡាញ​ ដោយ​មិន​ចាំបាច់​ត្រូវ​ការ​សរសេរ​អ៊ីមែល​ពួក​គេ​ទៅ​អាជ្ញាធរ​ពន្ធ​នោះ​​ទេ ​ឬ​ដាក់​ឯកសារ​ទាំង​នោះ​ដោយ​​ផ្ទាល់​បាន​។

GDT បាន​​ប្រមូល​ប្រាក់​ចំណូល​ពន្ធ​សរុប​​ជាង ​២,២ ​ពាន់​លាន​ដុល្លារ ​កាល​​ពី​ឆ្នាំ ​២០១៨ ​កើន​ឡើង ​១៣ ​ភាគរយ​ធៀប​នឹង​ចំនួន​កាល​ពី​ឆ្នាំ ​២០១៧​។​

លោក ​លឹម ​ហេង ​អនុ​ប្រធាន​សភា​ពាណិជ្ជកម្ម​កម្ពុជា​ (CCC)​ បាន​ឲ្យ​ដឹង​ថា ​មាន​កំណើន​និន្នាការ​នៃ​ការ​ប្រើប្រាស់​ប្រាក់​រៀល​នៅ​ក្នុង​សេដ្ឋកិច្ច ​ដោយ​សារ​តែ​រដ្ឋាភិបាល​កែ​ទម្រង់​ពន្ធ​ ដែល​តម្រូវ​ឲ្យ​អ្នក​ជាប់​ពន្ធ​ ត្រូវ​បំពេញ​កាតព្វកិច្ច​​ជា​រូបិយប័ណ្ណ​ក្នុង​ស្រុក​។​

លោក​ លឹម ​ហេង ​មាន​សុទិដ្ឋិនិយម​​ថា​ ប្រជាជន​នឹង​ចាប់​អារម្មណ៍​ខ្លាំង​លើ​ការ​ប្រើប្រាស់​ប្រាក់​រៀល​ ដោយសារ​តែ​តម្លៃ​រូបិយប័ណ្ណ​ប្រាក់​រៀល​រក្សា​ស្ថិរភាព​ល្អ​៕LA