ភ្នំពេញៈ ​អគ្គ​នាយកដ្ឋាន​ពន្ធដារ ​ប្រមូល​បាន​ចំណូល​ពន្ធ​អាករ​​បាន​ជាង​ ២ ​ពាន់​លាន​ដុល្លារ​​នៅ​ឆ្នាំ​ ២០១៨ កើន​ឡើង​​ ១៣,៣៧ ​ភាគរយ ​​បើ​ធៀប​រយៈ​ពេល​ដូចគ្នា​កាល​ពី​ឆ្នាំ ​២០១៧​។ ​នេះ​បើ​យោង​តាម​​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​​អគ្គ​នាយកដ្ឋាន​ពន្ធដារ​កាល​ពី​ថ្ងៃ​អង្គារ​។​

នៅ​កិច្ច​ប្រជុំ​បូក​សរុប​លទ្ធផល​ប្រមូល​ចំណូល​ពន្ធ​ប្រចាំ​ខែ​ធ្នូ ​ប្រចាំ​ឆ្នាំ ​២០១៨ ​និង​សមិទ្ធផល ​៥ ​ឆ្នាំ​ ព្រម​ទាំង​ទិស​ដៅ​សម្រាប់​អនុវត្ត​បន្ត​សម្រាប់​ឆ្នាំ ​២០១៩ ​របស់​អគ្គ​នាយកដ្ឋាន​ពន្ធដារ​កាល​ពី​ថ្ងៃ​ទី​ ​២៩ ​មករា​ លោក គង់ ​វិបុល ​អគ្គ​នាយក ​នៃ​អគ្គ​នាយកដ្ឋាន​ពន្ធដារ ​បាន​បង្ហាញ​ថា ​GDT​ ប្រមូល​ចំណូល​ពន្ធដារ​គ្រប់​ប្រភេទ​​បាន​ជាង​ ២,១៩ ​ពាន់​លាន​ដុល្លារ​កើន​លើស​ផែន​ការ​ជាង ​២៧៤ លាន​​ដុល្លារ​។

របាយ​ការណ៍​បាន​​​បង្ហាញ​ថា​ នៅ​ខែ​ធ្នូ ឆ្នាំ ២០១៨ ​អគ្គ​នាយកដ្ឋាន​ពន្ធដារ​​ប្រមូល​ចំណូល​បាន​ជាង ​១៤២ ​លាន​ដុល្លារ ​កើន​ឡើង​ចំនួន ​៣១ ​លាន​​ដុល្លារ បើ​ធៀប​នឹង​ខែ​ធ្នូ​ឆ្នាំ ​២០១៧​។

យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​ ក្នុង​រយៈ​ពេល ​៥ ​ចុង​ក្រោយ​​នេះ ​អគ្គ​នាយកដ្ឋាន​ពន្ធដារ ​សម្រេច​បាន​​កំណើន​ចំណូល​ពន្ធ​ ក្នុង​រង្វង់​ប្រមាណ ​២០ ​ភាគរយ​​ក្នុង​មួយ​ឆ្នាំ ​ក្នុង​នោះ​ឆ្នាំ ​២០១៤ ​ប្រមូល​ចំណូល​បាន ​១,០៦ ​​ពាន់​លាន​ដុល្លារ ​ឆ្នាំ ​២០១៥ ​មាន​​ជាង ​១,៣ ​ពាន់​លាន​ដុល្លារ ​ឆ្នាំ ២០១៦ ​មាន​​ចំនួន​​ជាង ​១,៥ ​ពាន់​លាន​ដុល្លារ​ និង​ឆ្នាំ ​២០១៧ ​ប្រមូល​បាន​​ជាង​ ១,៩៧ ​ពាន់​លាន​ដុល្លារ​​។

លោក​ អូន ​ព័ន្ធ​មុនីរ័ត្ន ​រដ្ឋមន្ត្រី​ក្រសួង​សេដ្ឋកិច្ច ​និង​ហិរញ្ញវត្ថុ​ ដែល​បាន​ចូល​រួម​ក្នុង​កិច្ច​ប្រជុំ​បូក​​សរុប​​លទ្ធផល​ប្រមូល​ចំណូល​​ប្រចាំ​ឆ្នាំ​នេះ​បាន​បន្ត​គាំទ្រ​អគ្គ​នាយកដ្ឋាន​ពន្ធដារ​ក្នុង​បេសកកម្ម​ដើម្បី​ធានា​បាន​នូវ​​ប្រសិទ្ធភាព​ក្នុង​ការ​អនុវត្ត​ការ​​ប្រមូល​ចំណូល​ពន្ធ ​និង​ឈាន​ទៅ​សម្រេច​ឲ្យ​បាន​លើស​​ផែនការ​ឲ្យ​បាន​ជា​អតិបរិមា សម្រាប់​​​ឆ្នាំ ២០១៩ ​នេះ​។

តាម​លោក​រដ្ឋមន្ត្រី​ក្រសួង​សេដ្ឋកិច្ច ​ដើម្បី​សម្រេច​បាន​ ក្នុង​ការ​អនុវត្ត​ការ​ប្រមូល​ចំណូល​​ពន្ធ​ អគ្គ​នាយកដ្ឋាន​ត្រូវ​បន្ត​ធ្វើ​ទំនើប​កម្ម​រដ្ឋបាល​សារ​ពើពន្ធ ​ដោយ​សិក្សា​រៀបចំ​ផែនការ​យុទ្ធសាស្ត្រ​បច្ចេកវិទ្យា​ព័ត៌មាន ​ដើម្បី​​បង្កើត​ឲ្យ​មាន​មជ្ឈមណ្ឌល​​​រក្សា​ទិន្នន័យ​រួម​របស់​អគ្គ​នាយកដ្ឋាន​ពន្ធដារ ​រៀបចំ​ធ្វើ​បច្ចុប្បន្នភាព និង​សិក្សា​​រៀបចំ​បន្ថែម​នូវ​បទប្បញ្ញត្តិ​ស្ដីពី​ពន្ធដារ ស​ម្រាប់​គំាទ្រ​ដល់​ការ​គ្រប់គ្រង​ប្រមូល​ចំណូល​ពន្ធ ​និង​​ការ​​បន្ត​ធ្វើ​បច្ចុប្បន្នភាព​ព័ត៌មាន​អចលន​​​ទ្រព្យ​ទាំង​អស់​នៅ​រាជ​ធានី​ភ្នំពេញ ​និង​នៅ​តាម​តំបន់​ដែល​ជា​កម្មវត្ថុ​នៃ​ពន្ធ​លើ​អចលន​ទ្រព្យ​៕LA