ភ្នំពេញៈ រដ្ឋាភិបាល​បានដាក់​ឱ្យ​ដំណើរការ​ជា​ផ្លូវការ​នូវ​មុខងារ​សន្ធានកម្ម​ប្រព័ន្ធ​ស្វ័យប្រវត្តិកម្ម​ទិន្នន័យ​រវាង​អគ្គនាយកដ្ឋាន​ពន្ធដារ និង​អគ្គនាយកដ្ឋាន​គយ​ និង​រដ្ឋាករ​កម្ពុជា លើ​ការចែករំលែក​ទិន្នន័យ​តាមរយៈ​ប្រព័ន្ធ​បច្ចេកវិទ្យា​ព័ត៌មាន​ដោយ​ធ្វើ​ទំនើបកម្ម​ឱ្យទាន់​សម័យ និង​ទាន់សភាពការណ៍​នៃ​កំណើនសេដ្ឋកិច្ច និង​កាន់តែ​ច្បាស់លាស់​នៃ​ព័ត៌មាន​ទិន្នន័យ​។

ការដាក់​ដំណើរការ​ជា​ផ្លូវការ​នៃ​ប្រព័ន្ធ​នេះ​ត្រូវបាន​ប្រកាស​កាលពី​ថ្ងៃ​ ១៨ ខែមករា ដោយ​អនុលោម​តាម​ក្រុមការងារ​ចម្រុះ​រវាង​អគ្គនាយកដ្ឋាន​ពន្ធដារ និង​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា​ដែល​ត្រូវបាន​បង្កើតឡើង​កាលពី​ថ្ងៃទី​ ១៥ ខែ​មិថុនា ឆ្នាំ​ ២០១៨ ដើម្បី​សហការ និង​សម្របសម្រួល​ក្នុង​ការផ្តល់ជូន​គ្នា​ទៅវិញ​ទៅមក​នូវ​ព័ត៌មាន និង​ទិន្នន័យ​ដែល​អាច​បម្រើ​ឱ្យ​ការសិក្សា វិភាគ លើក​វិធាន​ការពង្រឹង​ការគ្រប់គ្រង និង​បង្កើន​ការប្រមូល​ចំណូល​ពន្ធដារ និង​ចំណូល​ពន្ធគយ ប្រកប​ដោយ​តម្លាភាព គណនេយ្យភាព ប្រសិទ្ធភាព និង​ស័ក្តិសិទ្ធិភាព​ក៏ដូចជា​ចូលរួម​ពង្រឹង​ការអនុវត្ត បទបញ្ជា​រាជរដ្ឋាភិបាល​ស្តីពី​វិធានការ​បង្កើន​ប្រសិទ្ធភាព​ក្នុង​ការទប់ស្កាត់ និង​បង្ក្រាប​អំពើ​គេចវេះ​ពន្ធ​នានា​។ នេះ​បើ​យោងតាម​សេចក្តី​ប្រកាស​ព័ត៌មាន​ពី​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​។

សេចក្តី​ប្រកាស​ព័ត៌មាន​នោះបាន​សង្កត់ធ្ងន់​ថា​៖​ «​ការដាក់​ឱ្យ​ដំណើរការ​នូវ​មុខងារ​សន្ធានកម្ម​ប្រព័ន្ធ​ស្វ័យប្រវត្តិកម្ម​ទិន្នន័យ​រវាង​អគ្គនាយកដ្ឋាន​ពន្ធដារ និង​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា នាពេល​នេះ​បានបង្ហាញ​ពី​វឌ្ឍនភាព​ថ្មី​នៃ​ការចាប់យក​នូវ​សក្តានុពល និង​កាលានុវត្តន៍​នៃ​បច្ចេកវិទ្យា​ក្នុង​ការពង្រឹង​កិច្ចសហប្រតិបត្តិការ​អន្តរស្ថាប័ន​ឱ្យ​កាន់តែ​ល្អប្រសើរ​បន្ថែម​រវាង​អគ្គនាយកដ្ឋាន​ទាំង​ ២ ​លើ​ការចែករំលែក​ទិន្នន័យ​តាមរយៈ​ប្រព័ន្ធ​បច្ចេកវិទ្យា​ព័ត៌មាន​ដោយ​ធ្វើ​ទំនើបកម្ម​ភាពទាន់សម័យ ទាន់សភាពការណ៍​នៃ​កំណើនសេដ្ឋកិច្ច និង​កាន់តែ​ច្បាស់លាស់​នៃ​ព័ត៌មាន​ទិន្នន័យ ស្រប​តាម​កម្មវិធី​កែទម្រង់​ដ៏មុត​ស្រួច​របស់​រាជរដ្ឋាភិបាល​ជាពិសេស​កម្មវិធី​កែទម្រង់​ការគ្រប់គ្រង​ហិរញ្ញវត្ថុ​សាធារណៈ និង​យុទ្ធសាស្ត្រ​កៀរគរ​ចំណូល​ ២០១៩- ២០២៣ របស់​រាជរដ្ឋាភិបាល​»​។

ក្រសួង​បន្ត​៖ «​ទន្ទឹមនេះ ការដាក់​ឱ្យ​ដំណើរការ​នេះ​ក៏​ជាការ​ចូលរួមចំណែក​ដ៏សំខាន់​ក្នុង​ការជំរុញ​រដ្ឋាភិបាល​អេឡិចត្រូនិក (e-Government) និង​បដិវត្តន៍​ឧស្សាហកម្ម​ទី​ ៤ ​ជាពិសេស​ជា​ការឆ្លើយតប ប្រកប​ដោយ​ប្រសិទ្ធភាព​ទៅនឹង​ការសម្រួល​ផ្នែក​ធុរកិច្ច (ease of doing business)​ ​ផង លើកតម្កើង​ឱ្យមាន​ភាពស្មើគ្នា​នៃ​ការវិនិយោគ​ផង ព្រមទាំង​ឆ្លើយតប​ទៅនឹង​ផលប៉ះពាល់​ពី​ជំងឺ​ផ្លូវដង្ហើម​បណ្តាល​មកពី​មេរោគ​កូវីដ​១៩ ដែល​តម្រូវឱ្យ​រក្សា​គម្លាត​សង្គម និង​កាត់បន្ថយ​ការជួបជុំ​គ្នា​»​។

លោក Anthony Galliano អគ្គនាយក​ក្រុមហ៊ុន​សេវាកម្ម​ហិរញ្ញវត្ថុ Cambodia Investment Management បាន​ប្រាប់​ភ្នំពេញ​ប៉ុស្ដិ៍​កាលពី​ថ្ងៃ​អង្គារ​ថា អគ្គនាយកដ្ឋាន​ទាំង​ ២ ​នេះ​ស្ថិតក្រោម​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​តែមួយ និង​ជា​ស្នូល​នៃ​ការរក និង​ការប្រមូលប្រាក់​ចំណូល​សម្រាប់​ប្រទេស​កម្ពុជា រហូតមក​ដល់ពេល​ថ្មីៗ​នេះ​មាន​ការយល់ឃើញ​ថា ពួកគេ​បាន​ប្រតិបត្តិការ​ផ្សេង​ពីគ្នា​ច្រើនជាង​ការភ្ជាប់​ទំនាក់​ទំនង​ជាមួយ​គ្នា​។

លោក​ថា ការដាក់ឱ្យ​ដំណើរការ​ប្រព័ន្ធ​ចុះបញ្ជី​ពាណិជ្ជកម្ម​អនឡាញ​គឺជា​សមិទ្ធផល​ដ៏សំខាន់​មួយ​សម្រាប់​ប្រទេស​កម្ពុជា នៅក្នុង​ចំណុច​ប្រទាក់ក្រឡា​គ្នា​របស់​ក្រសួង និង​ជំហាន​ផ្សេងទៀត​នៅក្នុង​ការជំរុញ​របស់​រដ្ឋាភិបាល​ក្នុង​ការតភ្ជាប់​ក្រសួង​ទាំងនេះ និង​គំនិត​ផ្តួចផ្ដើម​របស់ខ្លួន​នៃ​ការចែករំលែក​ទិន្នន័យ​ពាក់ព័ន្ធ​ក្នុងចំណោម​នាយកដ្ឋាន​របស់​ខ្លួន​។

លោក​ថ្លែងថា​៖ «​ការភ្ជាប់​ទិន្នន័យ​នេះ​គឺ​ពិតជា​សំខាន់​ណាស់​ជាពិសេស​សម្រាប់​ការអនុវត្ត​ច្បាប់ និង​ការអនុវត្ត​ពន្ធ ហើយ​នឹង​ក្លាយជា​ឧបករណ៍​ដ៏មាន​តម្លៃ​សម្រាប់​ក្រុម​សវនករ​ដែល​ទទួល​បាន​ឱកាស​ក្នុង​ការផ្ទៀងផ្ទាត់ និង​ការធ្វើឱ្យមាន​សុពលភាព​លក្ខខណ្ឌ​នៃ​ការនាំ​ចូល និង​ការនាំចេញ​ទំនិញ ជាពិសេស​ពន្ធគយ និង​ពន្ធ​ត្រូវ​ប្រកាស​»​។

លោក​បញ្ជាក់ថា​៖ «​វា​ក៏​ផ្ដល់​ការត្រួតពិនិត្យ​ប្រៀបធៀប​រវាង​នាយកដ្ឋាន​រដ្ឋាភិបាល​នានា​ដែល​អាចមាន​ផលប្រយោជន៍​ក្នុង​ការបង្ការ​ការគេចពន្ធ និង​អាកប្បកិរិយា​រឹងរូស​»​។

ក្រសួង​សេដ្ឋកិច្ច​បញ្ជាក់ថា សន្ធានកម្ម​ប្រព័ន្ធ​ស្វ័យប្រវត្តិកម្ម​ទិន្នន័យ​រវាង​អគ្គនាយកដ្ឋាន​ទាំង​ ២ ត្រូវ​បានដាក់​ដំណើរការ​សាកល្បង​ដោយ​ក្រុមការងារ​បច្ចេកទេស និង​ទទួល​បាន​ជោគជ័យ​ចាប់​តាំងពី​ថ្ងៃទី​ ២៥ ​ខែ ​វិច្ឆិកា ឆ្នាំ​ ២០២០៕LA