ភ្នំពេញ: រដ្ឋាភិបាល​បាន​សម្រេច​ពន្យារពេល​ការអនុវត្ត​ពន្ធ​លើ​ចំណេញ​មូលធន​ក្នុង​រយៈពេល​ ១ ​ឆ្នាំ ដើម្បី​ទុកពេល​វេលា​គ្រប់គ្រាន់​ដល់​អ្នក​ជាប់ពន្ធ​ទាំងអស់​ធ្វើការ​ស្វែងយល់​ឱ្យ​កាន់តែ​ច្បាស់​នូវ​បទប្បញ្ញត្តិ​ស្តីពី​ពន្ធ​លើ​ចំណេញ​មូលធន​។

ការសម្រេច​ពន្យារពេល​នេះ​ត្រូវបាន​ធ្វើឡើង​បន្ទាប់ពី​សមាគម​អ្នក​អភិវឌ្ឍន៍​លំនៅឋាន​កម្ពុជា​បាន​ស្នើសុំ​ឱ្យ​រដ្ឋាភិបាល​ពន្យារពេល​ការអនុវត្ត​ពន្ធ​លើ​ចំណេញ​មូលធន​រហូតដល់​ស្ថានភាព​នៃ​ការរាតត្បាត​ជំងឺ​កូវីដ ១៩ មាន​ភាពធូរស្រាល​ឡើងវិញ ខណៈ​វិស័យ​អចលនទ្រព្យ​នៅ​ប្រទេស​កម្ពុជា​កំពុង​រង​ផលប៉ះពាល់​ដោយសារ​វិបត្តិ​សុខភាព​នេះ​។

សេចក្តី​ជូនដំណឹង​របស់​អគ្គនាយកដ្ឋាន​ពន្ធដារ​ចេញផ្សាយ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ថា​៖ «​យោងតាម​លិខិត​របស់​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​ស្តីពី​សំណើសុំ​ពន្យារពេល​ការអនុវត្ត​ពន្ធ​លើ​ចំណេញ​មូលធន និង​ចំណារ​ឯកសារ​ដ៏​ខ្ពង់ខ្ពស់​របស់​នាយករដ្ឋមន្ត្រី​ ហ៊ុន សែន ​ចុះ​ថ្ងៃទី​ ៩ ខែ តុលា ឆ្នាំ ២០២០ រាជរដ្ឋាភិបាល​សម្រេច​ឱ្យ​ពន្យារ​កាលបរិច្ឆេទ​កំណត់​ការដាក់ឱ្យ​អនុវត្ត​ពន្ធ​លើ​ចំណេញ​មូលធន​រយៈពេល​ ១ ​ឆ្នាំ​ទៀត​រហូតដល់​ដំណាច់​ឆ្នាំ​ ២០២១»​។

ការសម្រេច​ពន្យារពេល​នេះ​ក្នុង​គោលបំណង​ដើម្បី​ទុក​ពេលវេលា​គ្រប់គ្រាន់​ដល់​អ្នក​ជាប់ពន្ធ និង​សាធារណជន​ទាំងអស់​ធ្វើការ​ស្វែងយល់​ឱ្យ​កាន់តែ​ច្បាស់​នូវ​បទប្បញ្ញត្តិ​ស្តីពី​ពន្ធ​លើ​ចំណេញ​មូលធន ព្រមទាំង​ជា​ការត្រៀម​ខ្លួន​ចូលរួម​អនុវត្ត​ពន្ធ​លើ​ចំណេញ​មូលធន​នេះ​ឱ្យ​កាន់តែ​មាន​ភាពរលូន និង​មាន​ប្រសិទ្ធភាព​ខ្ពស់​ចាប់ពី​ថ្ងៃទី​ ១ ខែ​ មករា ឆ្នាំ​ ២០២២ តទៅ​។

ពន្ធ​ចំណេញ​មូលធន​នឹង​ត្រូវអនុវត្ត​ចំពោះ​ការលក់ ឬ​ផ្ទេរ ឬក៏​បង្កើត​ឱ្យ​មាន​សិទ្ធិ​គ្រប់គ្រង​លើ​ទ្រព្យ ឬ​ចុះបញ្ជី​សម្រាប់​ការផ្ទេរ​កម្មសិទិ្ធ ឬ​សិទ្ធិ​កាន់កាប់​ទ្រព្យ​។ យោង​ប្រកាស​របស់​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​កាលពី​ថ្ងៃទី​ ១ ខែមេសា ឆ្នាំ​ ២០២០ ការបង់ពន្ធ​នេះ​គឺ​បាន​មកពី​ការលក់​នៃ​អចលនទ្រព្យ​មួយចំនួន​ដូចជា ដី អគារ ភាគហ៊ុន អាជ្ញាប័ណ្ណ ប៉ាតង់ សញ្ញា​បណ្ណ​បំណុល និង​រូបិយប័ណ្ណ​ក្នុង​អត្រា ២០ ​ភាគរយ​៕

វីដេអូ៖