ក្រុងញូវយ៉កៈ ការសិក្សាមួយដោយមូលនិធិរូបិយវត្ថុ អន្តរជាតិ (IMF) បានរកឃើញថា ប្រាក់ចំណូលពីពន្ធរបស់អាមេរិក ដែលប្រមូលបានពីពន្ធលើទំនិញរបស់ប្រទេស ចិន «ត្រូវបានរ៉ាប់រងស្ទើរតែទាំងស្រុងដោយក្រុមហ៊ុននាំចូលរបស់អាមេរិក»។
ការសិក្សាដែលបានចេញផ្សាយកាលពីចុងសប្តាហ៍មុនបានឲ្យដឹងថា ពន្ធនាំចូលដែលបានដកហូតកន្លងមកបានកាត់បន្ថយពាណិជ្ជកម្មរវាងអាមេរិក និងចិន ប៉ុន្តែ «ឱនភាពពាណិជ្ជកម្មទ្វេភាគី នៅតែមិនផ្លាស់ប្តូរ»។
ការសិក្សានេះក៏បានឲ្យដឹងថា ពន្ធនាំចូលបន្ថែមត្រូវបានហុចទៅឲ្យអតិថិជនរបស់អាមេរិក ខណៈដែលពន្ធនាំចូលផ្សេងទៀត ត្រូវបានស្រូបយកដោយក្រុមហ៊ុននាំចូលតាមរយៈកាត់បន្ថយប្រាក់ចំណេញ។
ការសិក្សានេះបានឲ្យដឹងថា៖ «អតិថិជននៅអាមេរិក និងចិន ច្បាស់ណាស់គឺជាអ្នកចាញ់ដោយសារតែភាពតានតឹងផ្នែកពាណិជ្ជកម្ម»។
នៅដើមខែនេះ អាមេរិកបានបង្កើនពន្ធនាំចូលបន្ថែមលើការនាំចូលទំនិញរបស់ប្រទេស ចិន ដែលមានតម្លៃ ២០០ ពាន់លានដុល្លារ ពី ១០ ភាគរយ ដល់ ២៥ ភាគរយ។ ជាការឆ្លើយតប ចិនបានប្រកាសថា ខ្លួននឹងបង្កើនពន្ធនាំចូលបន្ថែមលើការនាំចូលរបស់អាមេរិកជាច្រើនចាប់ពីថ្ងៃទី ១ ខែមិថុនាទៅ។
ការសិក្សារបស់មូលនិធិ IMF បានឲ្យដឹងថា៖ «ការបង្កើនពន្ធនាំចូលបន្ថែមទៀត នឹងទំនងជាត្រូវបានហុចបន្តស្រដៀងគ្នាដែរទៅឲ្យអតិថិជន»។
ការសិក្សានេះឲ្យដឹងទៀតថា៖ «បើទោះជាផលប៉ះពាល់លើកំណើនសេដ្ឋកិច្ចពិភពលោក មានតិចតួចបំផុតក្តីនៅពេលនេះ ក៏ការកើនឡើងភាពតានតឹងខ្លាំងចុងក្រោយនេះ អាចធ្វើឲ្យប៉ះពាល់ខ្លាំងដល់ក្រុមហ៊ុន និងទំនុកចិត្តទីផ្សារហិរញ្ញវត្ថុ រារាំងដល់ចង្វាក់ផ្គត់ផ្គង់ពិភពលោក និងធ្វើឲ្យគ្រោះថ្នាក់ដល់ការស្ទុះងើបឡើងវិញនៃកំណើនសេដ្ឋកិច្ចពិភពលោក ក្នុងឆ្នាំនេះ»៕ People''s Daily/LA