ក្រុងអង់តេកឺរ៉ាៈ កសិករអេស្ប៉ាញបានចាប់ផ្ដើមការប្រមូលផលផ្លែអូលីវនៅភាគខាងត្បូងប្រទេសអេស្ប៉ាញ នៅពេលលោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ មានអារម្មណ៍ខឹងសម្បាដោយប្រកាសថា ទីក្រុងវ៉ាស៊ីនតោននឹងហូតពន្ធនាំចូលចំនួនច្រើនលើការផលិតរបស់ពួកគេ។
លោក Carlos Carreira បានថ្លែងនៅឯចម្ការអូលីវលើផ្ទៃដីទំហំ ១៣០ ហិកតា (៣២០ អែកឃឺ) របស់លោកនៅជិតទីក្រុង Antequera នៅតំបន់ភាគខាងត្បូងនៃទីក្រុង Andalusia ថា៖ «យើងពិតជាមានការបារម្ភ»។
អេស្ប៉ាញគឺជាប្រទេសផលិតប្រេងអូលីវធំជាងគេរបស់ពិភពលោក ហើយប្រេងអូលីវចំនួនច្រើនមកពីតំបន់ Andalusia ដែលមានការដាំដើមលីវនៅលើភ្នំតូចៗ និងវាលរាបជាច្រើន។
លោក Carreira បន្ថែមថា៖ «តម្លៃកាលពីឆ្នាំមុនជួនកាលទាបខ្លាំងដែលតម្លៃនេះមិនបានរ៉ាប់រងលើថ្លៃដើមផលិតនោះទេ។ ប្រសិនបើយើងបន្ថែម [អត្រាពន្ធខ្ពស់ខ្លាំង] លើតម្លៃផលិតផលរបស់យើងនៅអាមេរិក កសិករជាច្រើនអាចចប់»។
កសិករដាំដុះដើមអូលីវជាច្រើនពាន់នាក់ដែលភាគច្រើនគ្រវីមែកឈើអូលីវដើរជាក្បួនកាត់តាមទីក្រុងម៉ាឌ្រីដកាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍មុន ដើម្បីតវ៉ាប្រឆាំងនឹងការធ្លាក់ចុះតម្លៃ និងទាមទារឲ្យមានការការពារពីពន្ធ ២៥ ភាគរយដែលអាមេរិកកំពុងគ្រោងនឹងដកហូតចាប់ពីថ្ងៃទី ១៨ ខែតុលាទៅ។
ពន្ធនាំចូលថ្មីដែលបានប្រកាសកាលពីថ្ងៃទី ២ ខែតុលាដោយសហរដ្ឋអាមេរិក កំណត់ទិសដៅផលិតផលកសិកម្ម និងឧស្សាហកម្មអឺរ៉ុបមួយចំនួនដែលរួមមានផ្លែអូលីវ និងប្រេងអូលីវរបស់ប្រទេសអេស្ប៉ាញតម្លៃ ៧,៥ ពាន់លានដុល្លារ (៦,៨ ពាន់លានអឺរ៉ូ)។
ពន្ធនាំចូលនេះ គឺជាការសងសឹកទៅនឹងការឧបត្ថម្ភធនដែលបានផ្ដល់ដោយទីក្រុងប្រ៊ុចសែលដល់ក្រុមហ៊ុនផលិតយន្តហោះ Airbus ។
ផ្លែអូលីវ និងប្រេងអូលីវ គឺជាការនាំចេញកសិកម្មដ៏សំខាន់របស់ប្រទេសអេស្ប៉ាញទៅអាមេរិក។ ប្រទេសនេះបាននាំចេញប្រេងអូលីវតម្លៃ ៤០៥ លានអឺរ៉ូ និងផ្លែអូលីវតម្លៃ ១៧៩ លានអឺរ៉ូទៅអាមេរិកនេះកាលពីឆ្នាំមុន៕ LA