ភ្នំពេញៈ ពលករ​កម្ពុជា​បម្រើ​ការងារ​នៅ​ក្រៅ​ប្រទេស​បាន​ផ្ញើ​ប្រាក់​មក​ស្រុក​កំណើត​តាម​រយៈ​ធនាគារ​ អេស៊ីលីដា ភីអីលស៊ី មាន​ចំនួន​ជាង ១៥៧ លាន​ដុល្លារ​ នៅក្នុង​ត្រី​មាស​ទី១ ឆ្នាំ ២០២១ ធ្លាក់​ចុះ​ជាង ៧ ភាគរយ ធៀប​នឹង​ឆ្នាំ​មុន។

យោង​តាម​របាយការណ៍​ផ្តល់​ដោយ​ធនាគារ​អេស៊ីលីដា ភីអិល​ស៊ី ពលករ​កម្ពុជា​បម្រើ​ការងារ​នៅ​ក្រៅ​ប្រទេស​​​បាន​ផ្ញើ​ប្រាក់​មក​គ្រួសារ​នៅឯ​ស្រុក​កំណើត​មាន​ចំនួន ១៥៧ ១៩៩ ៩១៦,៥១ ដុល្លារ​ក្នុង​រយៈ​ពេល ៣ ខែ​​ឆ្នាំ ២០២១នេះ ធ្លាក់​ចុះ​ ៧,៦៩ ភាគរយ ធៀប​នឹង​ឆ្នាំ​មុន​ចំនួន ១៧០ ២៨៨ ១៤៥,៥១ ដុល្លារ​។

របាយការណ៍​នេះ​បង្ហាញ​ទៀត​ថា ក្នុងនោះ​ ពលករ​កម្ពុជា​បម្រើការ​ងារ​នៅ​ប្រទេស ជប៉ុន កូរ៉េ ថៃ និង​ម៉ាឡេស៊ី បាន​ផ្ញើ​ប្រាក់​ចំនួន ១៤០ ៣៣៤ ៦៩២,៨៩ ដុល្លារ​ ធ្លាក់ចុះ​ ១៧​ ភាគ​រយ ខណៈ​ពលករ​កម្ពុជា​មួយ​ចំនួន​ទៀត​​បាន​ផ្ទេរ​ប្រាក់​ពីក្រៅ​ប្រទេស​តាម​រយៈ​សេវា​កម្ម​ API ចំនួន ១៦ ៨៦១ ២២៣,៦២ ដុល្លារ​ កើន​ជាង ១២៤៣ ភាគរយ​ ធៀបនឹង​ត្រីមាសទី​១ ឆ្នាំមុន។​

លោក​ស្រី សូ ផនណារី អនុ​ប្រធាន​នាយក​​ប្រតិបត្តិ​នៃ​ធនាគារ​អេស៊ីលីដា ភីអិល​ស៊ី ​ប្រាប់​ ភ្នំពេញ​ ប៉ុស្តិ៍ថា ទោះជា ការ​ផ្ទេរ​ប្រាក់​របស់​ពលករកម្ពុជា​ក្រៅ​ប្រទេស​ធា្លក់​ ប៉ុន្តែ ចំនួន​ប្រតិបត្តិការ​បាន​កើន​ឡើង​ ៤៤,០៧​ ភាគ​រយ បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំមុន។

លោកស្រី​និយាយ​ថា៖ «មូលហេតុ​គឺថា​កម្មករ​ផ្ទេរ​ទំហំ​តូច​ច្រើន​​ក្នុង​អំឡុង​ពេល​នៃ​ការ​រាត​ត្បាត​ជំងឺ​កូវីដ ១៩ ជា​សកលលោក​ដែល​ធ្វើ​ឲ្យ​ប៉ះពាល់ដល់​សកម្មភាព​អាជីវកម្ម​ថយ​ចុះ​ដូច្នេះ​កម្មករ​អន្តោប្រវេសន៍​ក៏​ប្រឈម​នឹង​ប្រាក់​ចំណូល​ទាប​ ផងដែរ»។

យោងតាម​របាការណ៍​ប្រចាំ​ឆ្នាំ​នៃ​ក្រសួង​ការងារ និង​បណ្តុះ​បណ្តាល​វិជ្ជាជីវៈ ពលករ​កម្ពុជា​បម្រើ​ការងារ​នៅ​បរទេស​បាន​ផ្ញើ​ប្រាក់​មក​ក្រុម​គ្រួសារ​នៅស្រុក​កំណើត​ចំនួន​ ២,៨០ ពាន់លាន​ដុល្លារ​ក្នុង​មួយ​ឆ្នាំៗ។

កាលពី​ឆ្នាំ ​២០១៨ ​ពលករ​ខ្មែរ​បាន​ផ្ញើ​ប្រាក់​​មក​អ្នក​ផ្ទះ​ប្រមាណ ១,៤ ​ពាន់​ដុល្លារ​ ក្នុង​នោះ ​ការ​ផ្ញើ​រប្រាក់​​មក​ផ្ទះ​វិញ​របស់​ពលករ​នៅ​កូរ៉េមាន​ជាង​ ៥៣ ​លាន​ដុល្លារ​ដែល​មាន​ចំណែក​ច្រើន​ជាង​គេ។ នេះ​បើ​តាម​របាយការណ៍​​របស់​ធនាគារ​ជាតិ៕