The Phnom Penh Post Search

Search form

Logo of Phnom Penh Post newspaper Phnom Penh Post - ពាក្យ​សុំ​វិនិយោគ​នៅ​ថៃ​កើន​ដល់​ជាង $២៨ ពាន់​លាន

ពាក្យ​សុំ​វិនិយោគ​នៅ​ថៃ​កើន​ដល់​ជាង $២៨ ពាន់​លាន

Content image - Phnom Penh Post
បុគ្គលិក​កំពុង​ធ្វើការក្នុងរោងចក្រ​ Honda នៅ​ប្រទេស​ថៃ​​។ រូបថត AFP

ពាក្យ​សុំ​វិនិយោគ​នៅ​ថៃ​កើន​ដល់​ជាង $២៨ ពាន់​លាន

ក្រុង​បាងកកៈ ក្រុម​ប្រឹក្សា​វិនិយោគ​ថៃ​បាន​ឲ្យ​ដឹង​កាល​ពី​ថ្ងៃ​ពុធ​ថា​ ​ពាក្យ​ស្នើ​សុំ​វិនិយោគ​​ក្នុង​ប្រទេស​ ថៃ​ បាន​កើន​ឡើង​ដល់​​ ៩០២​ ពាន់​លាន​បាត​ (២៨,២៥ ពាន់​លាន​ដុល្លារ) ក្នុង​​ឆ្នាំ​ ២០១៨​ កើន​ឡើង ​៤៣ ​ភាគរយ​ធៀប​នឹង​ឆ្នាំ​ ២០​១៧​ និង​ខ្ពស់​ជាង​ទិសដៅ​ដែល​​មាន​តែ ​៧២០ ​ពាន់​លាន​បាត​។ នេះ​បើ​យោង​ទៅ​តាម​កាសែត​​​បាងកក​ប៉ុស្តិ៍។

កាសែត​បាងកក​​ប៉ុស្តិ៍​ បាន​រាយការណ៍​ដោយ​ដក​ស្រង់​សេចក្តី​ថ្លែង​ការណ៍​របស់​ក្រុម​ប្រឹក្សា​នេះ​ថា ​ក្រុមហ៊ុន​ក្នុង​ស្រុក​របស់​ថៃ ​និង​ក្រុមហ៊ុន​បរទេស​ បាន​ដាក់​ពាក្យ​​ស្នើ​សុំ​វិនិយោគ​សរុប​ចំនួន​ ១ ៦២៦ ​គម្រោង​​នៅ​​ក្នុង​ប្រទេស​ដែល​មាន​សេដ្ឋកិច្ច​ធំ​ជាង​គេ​​ទី​ ២ នៅ​អាស៊ី​អាគ្នេយ៍​មួយ​នេះ​។

ក្នុង​ចំណោម​គម្រោង​ទាំង​នោះ ទឹក​ប្រាក់​​ចំនួន​ ៦៨០ ​ពាន់​លាន​បាត​នៃ​ផែនការ​វិនិយោគ​ទាំង​នេះ គ្រោង​នឹង​វិនិយោគ​នៅ​​ច្រក​របៀង​សេដ្ឋកិច្ច​ភាគ​ខាង​កើត (EEC) ​ដែល​ជា​ចំណុច​ស្នូល​ដ៏​សំខាន់​នៃ​គោល​នយោបាយ​របស់​រដ្ឋាភិបាល​​យោធា​ថៃ ដើម្បី​ជំរុញ​កំណើន​​សេដ្ឋកិច្ច និង​ឧស្សាហកម្ម​បច្ចេក​វិទ្យា​ទំនើប​​ ដូច​ជា​មនុស្ស​យន្ត រថយន្ត​អគ្គិសនី ​និង​អាកាស​ចរណ៍​ជា​ដើម​។

ក្រុម​ប្រឹក្សា​វិនិយោគ​ថៃ​បាន​ឲ្យ​ដឹង​ទៀត​ថា ​៨៤ ​ភាគរយ​នៃ​ពាក្យ​​ស្នើ​សុំ​ ​ស្ថិត​នៅ​ក្នុង​ឧស្សាហកម្ម​គោល​ដៅ​របស់​រដ្ឋាភិបាល​​ដែល​​រួម​មាន ​ការ​ថែ​ទាំ​សុខភាព​បែប​ឌីជីថល គីមី​ឥន្ធនៈ ​និង​មនុស្ស​យន្ត​ ដែល​មាន​តម្លៃ​សរុប​ចំនួន​ ៧៥៨ ពាន់​លាន​បាត​។

កាសែត​បាងកក​ប៉ុស្តិ៍​ បាន​រាយការណ៍​ដោយ​ដក​ស្រង់​សម្ដី​របស់​ឧបនាយក​រដ្ឋមន្ត្រី​ថៃ​លោក Somkid Jatusripitak ខណៈ​លោក​ថ្លែង​​ថា ​ក្នុង​អំឡុង​ពី​​ខែ​តុលា​ដល់​ខែ​ធ្នូ​ មាន «គម្រោង​ធំ​ៗ​ ជា​ច្រើន​នៅ​​​ក្នុង​ឧស្សាហកម្ម​គីមី​ឥន្ធនៈ​ និង​ក្រុមហ៊ុន​​​រថយន្ត​​​ដែល​​បាន​ដាក់​ពាក្យ​ស្នើ​សុំ​​កម្មវិធី​ពិសេស​សម្រាប់​ការ​វិនិយោគ​»។

លោក​ Somkid បាន​ថ្លែង​ថា ក្រុម​ប្រឹក្សា​វិនិយោគ​បាន​កំណត់​​ទិសដៅ​ទឹក​ប្រាក់​ចំនួន ៧៥០ ពាន់​លាន​បាត ​ពី​ការ​សន្យា​​​វិនិយោគ​នៅ​ក្នុង​ឆ្នាំ​ ២០១៩ ដែល​ខ្ពស់​ជាង​ទិសដៅ​ឆ្នាំ​មុន​បន្តិច ​ដោយ​សារ​ស្ថានភាព​​​សេដ្ឋកិច្ច​សកល​មិន​ច្បាស់​លាស់​។

ក្នុង​ឆ្នាំ ​២០១៨​ ប្រទេស​ ថៃ ​បាន​អនុម័ត​គម្រោង​ដាច់​ដោយ​ឡែក​ផ្សេង​ទៀត​ ដែល​ស្នើ​ដោយ​ក្រុមហ៊ុន​ Nissan Motor Co និង​ក្រុមហ៊ុន Honda Motor Co ដោយ​បន្ថែម​ទឹក​ប្រាក់​ប្រមាណ ៨៨៨ ​លាន​ដុល្លារ​ទៀត (២៨​ពាន់​លាន​បាត) ​ដើម្បី​ផលិត​រថយន្ត​អគ្គិសនី​កូន​កាត់​ និង​អាគុយ​​រថយន្ត។

ការ​រំពឹង​ទុក​កាន់​តែ​​ខ្ពស់​ពី​​​ការ​វិនិយោគ​នេះ មួយ​ផ្នែក​ត្រូវ​​​បាន​ជំរុញ​ដោយ​សារ​ថា ​ក្រុមហ៊ុន​ជា​ច្រើន​កំពុង​​​ផ្លាស់​ប្តូរ​ខ្សែ​ចង្វាក់​ផលិតកម្ម​ និង​ផ្គត់ផ្គង់​របស់​ពួក​គេ​ចេញ​ពី​ប្រទេស​ ចិន ​ទៅ​កាន់​​ប្រទេស​ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍​ជំនួស​វិញ ដោយ​ក្នុង​ចំណោម​នោះ​ ​ប្រទេស​ ថៃ ​និង​វៀត​ណាម​ គឺ​​ជា​ទិសដៅ​ដ៏​មាន​ប្រជាប្រិយ​ភាព​៕ NS

អត្ថបទគួរចាប់អារម្មណ៍