
កម្មករកំពុងធ្វើការនៅរោងចក្រកាត់ដេរសម្លៀកបំពាក់មួយនៅភ្នំពេញកន្លងមក។ សម្លៀកបំពាក់ជាផលិតផលមួយដែលកម្ពុជានាំទៅជប៉ុន។ ភ្នំពេញ ប៉ុស្តិ៍
ភ្នំពេញៈ ពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា និងជប៉ុនសម្រេចបានជាង ១ ពាន់លានដុល្លារ នៅឆមាសទី១ ឆ្នាំ ២០១៩ កើនឡើង ១៦ ភាគរយ បើធៀបរយៈពេលដូចគ្នាកាលពីឆ្នាំទៅ។ នេះបើយោងតាមទិន្នន័យពីអង្គការពាណិជ្ជកម្មក្រៅប្រទេសរបស់ជប៉ុន Jetro។
ការនាំចេញរបស់កម្ពុជាទៅកាន់ប្រទេសជប៉ុននៅឆមាសទី១ មានទំហំទឹកប្រាក់ ៧៩២ លានដុល្លារ ខណៈការនាំចូលមកវិញមានទំហំ ២៥៦ លានដុល្លារ កើនឡើង ១២ ភាគរយ និង ៣៤ ភាគរយ បើធៀបរយៈពេលដូចគ្នាពីឆ្នាំ ២០១៨។ នេះបើយោងតាមទិន្នន័យ។
តាមតួលេខទំហំពាណិជ្ជកម្មទ្វេភាគីរវាងប្រទេសទាំង ២ នៅឆមាសទី១ ឆ្នាំ ២០១៨ សម្រេចបាន ៨៩៧ លានដុល្លារ ក្នុងនោះការនាំចេញរបស់កម្ពុជាមានតម្លៃជាង ៧០៦ លានដុល្លារ និងការនាំចូលពីជប៉ុនមកកម្ពុជាវិញមានតម្លៃ ១៩១ លានដុល្លារ។
លោក លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជាបានឲ្យដឹងថា ទំនាក់ទំនងពាណិជ្ជកម្មរវាងកម្ពុជា និងជប៉ុនបានបង្ហាញពីសញ្ញាវិជ្ជមានជាបន្តបន្ទាប់តាមរយៈការចូលមកវិនិយោគពីសំណាក់ក្រុមហ៊ុនជប៉ុននៅកម្ពុជា ពិសេសនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ។ លោកបានថ្លែងថា៖ «ផលិតផលដែលវិនិយោគិនជប៉ុន មកវិនិយោគក្នុងតំបន់សេដ្ឋកិច្ចពិសេសនៅកម្ពុជាភាគច្រើនក៏ត្រូវបាននាំទៅកាន់ជប៉ុនផងដែរ»។
លោកបន្តថា៖ «ដោយសារជប៉ុនជាទីផ្សារល្អសម្រាប់ផលិតផលរបស់កម្ពុជា ដូច្នេះយើងគួរតែខិតខំបង្កើនការនាំចេញទៅទីនោះឲ្យបានកាន់តែច្រើនកាន់តែល្អ»។
ភាគច្រើននៃទំនិញដែលកម្ពុជានាំទៅកាន់ប្រទេសជប៉ុនរួមមានផលិតផលសម្លៀកបំពាក់ ស្បែកជើង គ្រឿងផ្គុំអេឡិចត្រូនិក និងកង់ជាដើម។ ចំណែកជប៉ុននាំចូលមកកម្ពុជាមានភាគច្រើនជាផលិតផលអេឡិចត្រូនិក និងផលិតផលសម្រេចមួយចំនួន។
របាយការណ៍ធនាគារជាតិនៃកម្ពុជា (NBC) បានបង្ហាញថាក្នុងឆមាសទី១ ឆ្នាំ ២០១៩ ការនាំចេញរបស់កម្ពុជាទៅកាន់ទីផ្សារអន្តរជាតិមានតម្លៃសរុប ៦,៨ ពាន់លានដុល្លារ ក្នុងនោះជប៉ុននៅចំណាត់ថ្នាក់ទី៤ ជាមួយនឹងចំណែកទីផ្សារ ៧,៧ ភាគរយ។ រីឯការនាំចូលទំនិញមកកម្ពុជា ប្រទេស ជប៉ុន ឈរនៅលេខរៀងទី៤ ដោយមានចំណែកទីផ្សារ ៤,៥ ភាគរយ ក្នុងចំណោមការនាំចូលសរុប ១០,៥ ពាន់លានដុល្លារ។
អ្នកស្រី កែវ មុំ អគ្គនាយកក្រុមហ៊ុន LY LY Food Industry Co., LTD ដែលទើបដំណើរការរោងចក្រវិនិយោគរួមគ្នាជាមួយវិនិយោគិនជប៉ុនបានឲ្យដឹងថា កន្លងមករោងចក្ររបស់អ្នកស្រីមិនទាន់បាននាំចេញទៅប្រទេស ជប៉ុននៅឡើយទេ ព្រោះសមត្ថភាពផលិតនៅមានកម្រិត។ ទោះបីយ៉ាងនេះក្តី អ្នកស្រីបន្តថាជាមួយនឹងកិច្ចសហការជាមួយក្រុមហ៊ុនជប៉ុននៅពេលនេះលទ្ធភាពនាំចេញទៅប្រទេសជប៉ុននឹងមានធំ។
អ្នកស្រីថ្លែងថា៖ «ជប៉ុនជាទីផ្សារធំ និងមានការត្រួតពិនិត្យច្បាស់លាស់ ខ្ញុំកំពុងសិក្សាដើម្បីនាំចេញផលិតផលនំស្រួយទៅកាន់ទីនោះ»។
ដើម្បីបង្កើនកិច្ចសហការផ្នែកជំនួញ និងភ្ញៀវទេសចររវាងប្រទេសទាំង ២ ក្រុមហ៊ុនអាកាសចរជប៉ុន ANA បានបើកការហោះហើរត្រង់ជាមួយកម្ពុជាចាប់តាំងពីឆ្នាំ ២០១៦ មក។ កាលពីសប្តាហ៍មុនរដ្ឋមន្ត្រីក្រសួងទេសចរណ៍ក៏ស្នើឲ្យជប៉ុនវិនិយោគបន្ថែមលើវិស័យទេសចរណ៍នៅក្នុងប្រទេស កម្ពុជា ផងដែរ៕LA