ភ្នំពេញៈ ទំហំ​ពាណិជ្ជកម្ម​ទ្វេភាគី​កម្ពុជា-ជប៉ុន​ក្នុង​រយៈពេល ១០ ​ខែ​ឆ្នាំ​ ២០១៩ មានតម្លៃ​ប្រមាណ ១,៩ ​ពាន់​លាន​ដុល្លារ​ កើនឡើង ០,៤៤ ​ភាគរយ​ បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំ​ ២០១៨​។ នេះ​បើ​យោងតាម​ទិន្នន័យ​ពី​អង្គការ​ពាណិជ្ជកម្ម​ក្រៅប្រទេស​របស់​ជប៉ុន​ (Jetro)​។

ទិន្នន័យ Jetro បាន​បង្ហាញថា ក្នុង​រយៈពេល ១០ ​ខែ ​ឆ្នាំ​ ២០១៩ នេះ​ការធ្វើ​ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំង​ ២ មានតម្លៃ​សរុប ១,៩ ​ពាន់​លាន​ដុល្លារ​ កើនឡើង ៨ ៥០៤ ​ដុល្លារ​ បើ​ធៀប​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំមុន ដែល​មាន​តម្លៃ ១,៨៩ ​លាន​ដុល្លារ​។ ក្នុងនោះ​ការនាំចេញ​ទំនិញ​ពី​កម្ពុជា​ទៅ​ជប៉ុន មានតម្លៃ ១,៤៥ ​លាន​ដុល្លារ​ កើន ៧,៨ ​ភាគរយ និង​ការ​នាំចូល​ទំនិញ​ពី​ជប៉ុន​មក​កម្ពុជា​មាន​តម្លៃ ៤៤៤ ៩៣៧ ដុល្លារ កើនឡើង ៣៤,២ ​ភាគរយ​។

ដោយឡែក​សម្រាប់​ខែ​តុលា ឆ្នាំ​ ២០១៩ ទំហំ​ពាណិជ្ជកម្ម​សរុប​ប្រទេស​ទាំង​ ២ មាន​តម្លៃ ២២១ ៤៩១ ​ដុល្លារ កើនឡើង ១,៥ ​ភាគរយ បើ​ធៀប​នឹង​ខែ​តុលា ឆ្នាំ​ ២០១៨​។

លោក ឈួ វិចិត្រ ប្រធាន​ក្រុមហ៊ុន​តំបន់​សេដ្ឋកិច្ច​ពិសេស Sanco Cambo Investment Group Co., Ltd ដែល​មាន​​ផ្ទៃដី​ជាង ៨៣ ​ហិកតា​ក្នុង​ក្រុង​ប៉ោយប៉ែត​បាន​ប្រាប់​ភ្នំពេញ-ប៉ុស្តិ៍​កាលពី​ថ្ងៃ​ម្សិលមិញ​ថា សកម្មភាព​នៃ​ការផលិត​របស់​ក្រុមហ៊ុន​ជប៉ុន​ក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស​សានកូ-ប៉ោយប៉ែត កំពុង​មាន​ដំណើរការ​ទៅមុខ​យ៉ាង​រលូន ដោយ​ផលិតផល​មួយចំនួន​ត្រូវបាន​នាំ​ចេញទៅ​ប្រទេស​ជប៉ុន និង​មួយ​ចំនួន​ទៀត​នាំទៅ​កាន់​ប្រទេស ​ថៃ​។ លោក​បន្តថា​ភាគច្រើន​នៃ​រោងចក្រ​ជប៉ុន​ក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស​សានកូ-ប៉ោយប៉ែត គឺ​គ្រឿង​ផ្គុំ​អេឡិចត្រូនិក​។

លោក​ថ្លែងថា​៖ «​ការផលិត​របស់​ក្រុមហ៊ុន​ជប៉ុន​នៅ​តំបន់​សេដ្ឋកិច្ច​ពិសេស​សានកូ បាន​កើន​ឡើង​ជា​រៀងរាល់​ឆ្នាំ ហើយ​ការនាំចេញ​ទៅកាន់​ប្រទេស​ជប៉ុន​ដោយផ្ទាល់​ក៏​បាន​កើនឡើង​ច្រើន​ផងដែរ​»​។

លោក​បន្តថា ការ​ចូលមក​​វិនិយោគ​របស់​ក្រុមហ៊ុន​ជប៉ុន​កំពុង​ផ្តល់​ផលប្រយោជន៍​ឲ្យ​កម្ពុជា​ជាច្រើន​ដូចជា ការបង្កើត​ការងារ ចំណេះដឹង​ពី​ការប្រើប្រាស់​បច្ចេកវិទ្យា និង​របៀប​ធ្វើការ​ដ៏ល្អ​ផងដែរ​។

ទោះយ៉ាងណា​លោក វិចិត្រ ក៏បាន​ស្នើថា ប្រសិន​បើ​កម្ពុជា​មាន​គោលនយោបាយ​លើក​ទឹកចិត្ត​ចំពោះ​វិនិយោគិន​ជប៉ុន​បន្ថែម​ទៀត​នោះ នឹងមាន​ក្រុមហ៊ុន​ជប៉ុន​ធំៗ​បន្ថែម​ទៀត​ចូលមក​បណ្តាក់ទុន​ដោយផ្ទាល់​នៅក្នុង​ប្រទេស​កម្ពុជា​។

បច្ចុប្បន្ន​តំបន់​សេដ្ឋកិច្ច​ពិសេស​សានកូ-ប៉ោយប៉ែត​ មាន​ក្រុមហ៊ុន​ចំនួន ១០ ​កំពុង​មាន​ប្រតិបត្តិការ​ដោយ ៩ ​ក្រុមហ៊ុន​ ជា​របស់​វិនិយោគិន​ជប៉ុន​មាន​ដូចជា NHK Spring, Techno Park Poi Pet Pvt Co., Ltd. និង Steel Hub​។

លោក លឹម ហេង អនុប្រធាន​សភាពាណិជ្ជកម្ម​កម្ពុជា​បាន​ប្រាប់ថា ការកើនឡើង​នៃ​ទំហំ​ពាណិជ្ជកម្ម​ទោះ​តិច ឬ​ច្រើន​សុទ្ធតែ​បង្ហាញ​សញ្ញា​វិជ្ជមាន​សម្រាប់​សេដ្ឋកិច្ច​។ នៅពេល​ទំហំ​ការនាំ​ចេញ​ធំ​បែបនេះ​គឺ​បង្ហាញថា ជប៉ុន​គឺជា​ទីផ្សារ​មាន​សក្តានុពល​សម្រាប់​កម្ពុជា​។

លោក​លើកឡើង​ថា​៖ «​ទំហំ​ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំង​ ២ នឹងមាន​ទំហំ​ធំ​បន្ថែមទៀត​នៅពេល​ខាងមុខ ខណៈ​បច្ចុប្បន្ន​រដ្ឋាភិបាល​ជប៉ុន​បាន​បញ្ចេញ​ប្រាក់​ជាច្រើន​ក្នុង​ការកសាង​ហេដ្ឋារចនាសម្ព័ន្ធ​តភ្ជាប់​រវាង​ប្រទេស​ជាច្រើន​ក្នុង​តំបន់​»​។

បើតាម​លោក លឹម ហេង ទំនិញ​ដែល​កម្ពុជា​នាំ​ចេញទៅ​ប្រទេស​ជប៉ុន​ភាគច្រើន​គឺ​សម្លៀកបំពាក់ និង​ស្បែកជើង គ្រឿងបន្លាស់​រថយន្ត និង​គ្រឿង​ផ្គុំ​អេឡិចត្រូនិក ខណៈ​ទំនិញ​ជប៉ុន​នាំ​មក​កម្ពុជា ជា​ផលិតផល​សម្រេច និង​គ្រឿង​អេឡិចត្រូនិក​។

លោក ស៊ាង ថៃ អ្នកនាំពាក្យ​ក្រសួង​ពាណិជ្ជកម្ម​មិន​អាច​ទាក់ទង​បាន​ទេ​ពី​ម្សិលមិញ​។

របាយការណ៍​ធនាគារ​ជាតិ​នៃ​កម្ពុជា (NBC) បាន​បង្ហាញថា ក្នុង​ឆមាស​ទី​ ១ ឆ្នាំ ២០១៩ ការនាំចេញ​របស់​កម្ពុជា​ទៅកាន់​ទីផ្សារ​អន្តរជាតិ​មាន​តម្លៃ​សរុប ៦,៨ ពាន់​លាន​ដុល្លារ​ ក្នុងនោះ​ជប៉ុន​នៅ​ចំណាត់ថ្នាក់​ទី ៤ ជាមួយ​នឹង​ចំណែក​ទីផ្សារ ៧,៧ ភាគរយ​។ រីឯ​ការ​នាំចូល​ទំនិញ​មក​កម្ពុជា ប្រទេស​ ជប៉ុន​ ឈរ​នៅ​លេខ ៤ ដោយមាន​ចំណែក​ទីផ្សារ ៤,៥ ភាគរយ​ ក្នុង​ចំណោម​ការនាំ​ចូល ១០,៥ ពាន់​លាន​ដុល្លារ​៕LA