
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន អញ្ជើញជាអធិបតីបើកពីព័រណ៍ផលិតផលខ្មែរ និងទំនិញនាំចេញ-នាំចូលកម្ពុជាលើកទី ១៤ ឆ្នាំ ២០១៩ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ កាលពីថ្ងៃម្សិលមិញ។ រូប SPM
ភ្នំពេញៈ កម្ពុជា-វៀតណាមនឹងជំរុញ និងលើកទឹកចិត្តឲ្យបង្កើនកិច្ចសហប្រតិបត្តិការផ្នែកពាណិជ្ជកម្មជាមួយគ្នាឲ្យកាន់តែប្រសើរបន្ថែមទៀត ខណៈដែលទំហំពាណិជ្ជកម្មទ្វេភាគីដែលបានចុះបញ្ជីមានតម្លៃក្រោម ៥ ពាន់លានដុល្លារនៅឡើយ។
ក្នុងឱកាសជួបជាមួយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពីថ្ងៃសុក្រលោក ជឿង ហ័រប៊ិញ ឧបនាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម បាននិយាយថាទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគីរវាងកម្ពុជា និងវៀតណាមកំពុងមានភាពល្អប្រសើរលើគ្រប់វិស័យ ជាពិសេសវិស័យសេដ្ឋកិច្ច-ពាណិជ្ជកម្ម និងការពារជាតិ។
លោកបន្តថា ជាមួយនឹងទំនាក់ទំនងល្អនេះ លោកសង្ឃឹមថានៅឆ្នាំ ២០២០ ខាងមុខទំហំពាណិជ្ជកម្មរវាងប្រទេសទាំង ២ នឹងកើនឡើងដល់ ៥ ពាន់លានដុល្លារ។
លោកថ្លែងថា៖ «ទំហំពាណិជ្ជកម្មកម្ពុជា និងវៀតណាមអាចឈានទៅដល់តាមការកំណត់ ៥ ពាន់លានដុល្លារនៅក្នុងឆ្នាំ ២០២០ ខាងមុខ»។
បើតាមលោក ជឿង ហ័រប៊ិញ សេដ្ឋកិច្ចប្រទេសវៀតណាមនៅពេលនេះមានកំណើនប្រមាណ ៧ ភាគរយ ខណៈអតិផរណាមានកម្រិត ២ ភាគរយប៉ុណ្ណោះ។
ទោះជាយ៉ាងណានាយករដ្ឋមន្ត្រីកម្ពុជាលោក ហ៊ុន សែន បានអះអាងថា ទំហំពាណិជ្ជកម្មពិតប្រាកដគឺមានទំហំដល់ជាង ៥ ពាល់លានដុល្លាររួចទៅហើយ ប្រសិនបើបូកបន្ថែមជាមួយនឹងការធ្វើពាណិជ្ជកម្មដែលមិនបានឆ្លងកាត់ការចុះបញ្ជីត្រឹមត្រូវ។
លោក ហ៊ុន សែន បានថ្លែងថា បើទោះបីជាបច្ចុប្បន្នការចុះបញ្ជីនាំទំនិញចេញ-ចូលរវាងកម្ពុជា និងប្រទេសវៀតណាមមិនទាន់មានចំនួនដល់ ៥ ពាន់លានដុល្លារ តែជាក់ស្តែងចំនួននេះបានកើនលើសពី ៥ ពាន់លានដុល្លាររួចទៅហើយ។
លោកថ្លែងថា៖ «ការពិតទំហំពាណិជ្ជកម្មរវាងប្រទេសទាំង ២ គឺអាចធំជាង ៥ ពាន់លានដុល្លាររួចទៅហើយ ព្រោះថាទំហំពាណិជ្ជកម្មដែលមាននៅក្នុងបញ្ជីមានតួលេខផ្សេង យើងក៏មានទំហំពាណិជ្ជកម្មដែលមិនមានចុះនៅក្នុងបញ្ជីផងដែរ ដូចជាការនាំស្រូវទៅវៀតណាមជាដើមដែលពុំមានការកត់ត្រានៅក្នុងបញ្ជី»។
ជាមួយគ្នានេះលោក ហ៊ុន សែន ក៏លើកទឹកចិត្តឲ្យកម្ពុជា និងវៀតណាមខិតខំបង្កើនកិច្ចសហប្រតិបត្តិការផ្នែកពាណិជ្ជកម្មជាមួយគ្នានៅតាមព្រំដែនឲ្យកាន់តែរឹងមាំផងដែរ។
លោក លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជាបានប្រាប់ភ្នំពេញប៉ុស្តិ៍ថា ទិន្នន័យនៃការធ្វើពាណិជ្ជកម្មទ្វេភាគីរវាងប្រទេសដែលមានព្រំដែនជាប់គ្នានេះ ពិតជាមានចំនួនច្រើនជាងតួលេខដែលបានកត់ត្រាដោយអាជ្ញាធរ ព្រោះសកម្មភាពពាណិជ្ជកម្មមួយចំនួនដែលធ្វើឡើងដោយប្រជាជននៅតាមព្រំដែន មិនត្រូវបានកត់ត្រានោះទេ។
លោកបន្តថា៖ «បើនិយាយពីការនាំចេញស្រូវ អង្ករ និងផលិតផលសិកម្មតាមព្រំដែនគឺវាលើស ៥ ពាន់លានដុល្លារហើយ ព្រោះមិនមានការផ្តល់តួលេខច្បាស់លាស់ ហើយអាជ្ញាធរក៏មិនអាចគ្រប់គ្រងអស់ដែរ»។
លោកបន្តថា ដើម្បីបង្កើនទំហំពាណិជ្ជកម្មជាមួយប្រទេសវៀតណាម សភាពាណិជ្ជកម្មកម្ពុជាតែងព្យាយាមជំរុញឲ្យវិនិយោគិននៃប្រទេសទាំង ២ បង្កើនការធ្វើពាណិជ្ជកម្មជាមួយគ្នាឲ្យបានកាន់តែច្រើន។ លោកប្រាប់ទៀតថា ជាក់ស្តែងកាលពីពេលថ្មីៗនេះលោកទើបតែជួបជាមួយក្រុមហ៊ុនវៀតណាមប្រហែល ៦០ ដែលមកស្វែងរកឱកាសវិនិយោគនៅប្រទេសកម្ពុជា។
ផលិតផលដែលកម្ពុជានាំទៅវៀតណាម ភាគច្រើនជាផលិតផលកសិកម្ម និងវត្ថុធាតុដើមមិនទាន់កែច្នៃ ខណៈទំនិញវៀតណាមនាំចូលមកកម្ពុជាមានស្ទើរគ្រប់វិស័យ ពិសេសវិស័យសម្ភារសំណង់ បរិក្ខារប្រើប្រាស់ផ្សេងៗ បន្លែ និងផ្លែឈើ។ នេះបើតាមលោក លឹម ហេង។
យោងតាមគេហទំព័រ Vietnamplus រហូតមកទល់ពេលនេះការវិនិយោគរបស់វៀតណាមនៅកម្ពុជាមាន ២១៤ គម្រោងដែលស្មើនឹងទុនវិនិយោគជាង ៣ ពាន់លានដុល្លារក្នុងនោះ ១៧៦ គម្រោងកំពុងមានសុពលភាពជាមួយនឹងទុនវិនិយោគសរុប ២,៧៧ ពាន់លានដុល្លារដែលធ្វើឲ្យវៀតណាមក្លាយជាប្រទេសមួយក្នុងចំណោមប្រទេសដែលបណ្តាក់ទុនច្រើនជាងគេនៅកម្ពុជា។
រីឯការវិនិយោគរបស់កម្ពុជានៅវៀតណាមមាន ២១ គម្រោងដែលមានទុនវិនិយោគសរុបជិត ៦៤ លានដុល្លារជាប់លេខ ៥៤ ក្នុងចំណោមប្រទេស និងដែនដីចំនួន ១៣២ ដែលបានបណ្តាក់ទុននៅវៀតណាម។
របាយការណ៍ប្រចាំឆមាសទី ១ របស់ធនាគារជាតិនៃកម្ពុជាបានឲ្យដឹងថា វៀតណាម គឺជាប្រទេសធំទី ៣ ដែលបាននាំទំនិញចូលមកកម្ពុជាដោយមានចំណែក ១៣,២ ភាគរយ បន្ទាប់ពីប្រទេសចិន ៤៦ ភាគរយ និងថៃ ១៥,៦ ភាគរយ។
កាលពីឆ្នាំ ២០១៨ ទំហំពាណិជ្ជកម្មរវាងកម្ពុជា និងវៀតណាមមានតម្លៃជាង ៤,៧ ពាន់លានដុល្លារគឺកើនឡើង ២៣,៨ ភាគរយបើធៀបនឹងឆ្នាំ ២០១៧៕ LA