
អនុប្រធានាធិបតីឥណ្ឌូនេស៊ី និងលោក ប្រាក់ សុខុន។ រូបថតក្រសួង
ភ្នំពេញៈ ពាណិជ្ជកម្មទ្វេភាគីរវាងប្រទេសកម្ពុជា និងឥណ្ឌូនេស៊ីសម្រេចបានចំនួនជិត ៤៩៣ លានដុល្លារនៅរយៈពេល ១១ ខែដំបូងកាលពីឆ្នាំមុនដែលកើនឡើង ២៣ ភាគរយធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ ២០១៦។ នេះបើយោងតាមសេចក្តីរាយការណ៍ពីទីភ្នាក់ងារព័ត៌មានរដ្ឋឥណ្ឌូនេស៊ីដែលចេញផ្សាយកាលពីថ្ងៃសៅរ៍។
បើគេហទំព័រព័ត៌មានរបស់ឥណ្ឌូនេស៊ី Antara News.com បានរាយការណ៍ថា ទំហំពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា និងឥណ្ឌូនេស៊ីបានទទួលកំណើនវិជ្ជមានកាលពីឆ្នាំមុនដោយមានតម្លៃសរុបចំនួន ៤៩២,៧ លានដុល្លារសម្រាប់រយៈពេលពីខែមករាដល់ខែវិច្ឆិកាឆ្នាំ ២០១៧ ។ ចំនួននេះបានកើនឡើង ២៣ ភាគរយពីចំនួន ៤០០ លានដុល្លារនៅក្នុងរយៈពេលដូចគ្នាកាលពីឆ្នាំ ២០១៦។
ការរាយការណ៍ពីទិន្នន័យពាណិជ្ជកម្មនេះបានធ្វើឡើងនៅក្នុងអត្ថបទរាយការណ៍អំពីទស្សនកិច្ចផ្លូវការរបស់លោក ប្រាក់ សុខុន រដ្ឋមន្ដ្រីក្រសួងការបរទេស និងកិច្ចសហប្រតិបត្តិការអន្តរជាតិកម្ពុជាដែលបានធ្វើទស្សនកិច្ចជាផ្លូវការរយៈពេល ៣ ថ្ងៃនៅក្នុងប្រទេសឥណ្ឌូនេស៊ីគឺពីថ្ងៃព្រហស្បតិ៍ដល់ថ្ងៃសៅរ៍។
ក្នុងដំណើរនោះលោក សុខុន បានចូលជួបពិភាក្សាការងារជាមួយលោក យូសុហ្វ កាឡា អនុប្រធានាធិបតីនៃប្រទេសឥណ្ឌូនេស៊ី និងជួបពិភាក្សាទ្វេភាគីជាមួយលោកស្រី រ៉េតណូ ម៉ាវស៊ីឌី រដ្ឋមន្ត្រីការបរទេសឥណ្ឌូនេស៊ី។
សេចក្តីរាយការណ៍ពីបណ្តាញសារព័ត៌មានឥណ្ឌូនេស៊ីបានលើកឡើងថាភាគីទាំង ២ បានយល់ព្រមក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគីនៅក្នុងវិស័យជាច្រើនដូចជាពាណិជ្ជកម្ម និងការវិនិយោគ ទេសចរណ៍ ការពារជាតិ កសិកម្ម និងការតភ្ជាប់ព្រមទាំងបង្កើនកិច្ចសហប្រតិបត្តិការក្នុងតំបន់ផងដែរ៕ LA