ក្រុងបាងកកៈ ប្រទេស​ថៃ​ត្រូវ​បាន​ព្យាករ​ថា​នឹង​ទទួល​បាន​ផលប្រយោជន៍​ជា​ជាង​ការខាតបង់​ពី​ជម្លោះ​ពាណិជ្ជកម្ម​រវាង​សហរដ្ឋអាមេរិក និង​ប្រទេស​ចិន ដោយ​ការនាំ​ចេញ​ត្រូវ​បាន​ព្យាករ​ថា​អាច​នឹង​មាន​ការកើនឡើង​នៅ​ពី ៨,៥៣ ទៅ ២១,៣៤ ពាន់​លាន​បាត (​ប្រហែល ៦៧៦ លាន​ដុល្លារ​) ឬ​ស្មើ​នឹង​ពី​ ០,០៦ ទៅ​ ០,១៦ ភាគរយ​នៃ ផ.ស.ស​។

ការសិក្សា​ចុង​ក្រោយ​របស់​សាកលវិទ្យាល័យ​សភា​ពាណិជ្ជកម្ម​ថៃ​ (UTCC) ​បាន​រកឃើញ​ថា​ការ​នាំចេញ​របស់​ប្រទេស​ថៃ​កាន់តែ​ច្រើន​ទៅកាន់​ប្រទេស​ទាំង​ ២ ត្រូវ​បាន​រំពឹង​ថា​នឹង​កើត​មាន​ដោយសារ​ការនាំចេញ​កាន់តែ​ទាប​រវាង​ប្រទេស​ទាំង​ពីរ​នៅពេល​មាន​ការ​ដំឡើង​ពន្ធ​នាំ​ចូល​ទ្វេភាគី​។

លោក Aat Pisanwanich នាយក​មជ្ឈមណ្ឌល​សិក្សា​ពាណិជ្ជកម្ម​អន្តរជាតិ​ប្រចាំ​សាកលវិទ្យាល័យ UTCC មាន​ប្រសាសន៍​ថា ការប្រឈមមុខ​ដាក់​គ្នា​ផ្នែក​ពាណិជ្ជកម្ម​រវាង​សហរដ្ឋអាមេរិក និង​ប្រទេស​ចិន​នឹង​បង្កើន​នូវ​ការនាំ​ចេញ​ផលិតផល​ថៃ ដើម្បី​ជំនួស​ឲ្យ​ទំនិញ​ដែល​ត្រូវ​រង​ផលប៉ះពាល់​ដោយសារ​ជម្លោះ​ពាណិជ្ជកម្ម​នេះ​។

លោក Aat មាន​ប្រសាសន៍​ថា​ប្រទេស​ថៃ​អាច​នឹង​នាំ​ចេញ​កាន់តែ​ច្រើន​នូវ​គ្រឿង​ម៉ាស៊ីន ផលិតផល​អគ្គិសនី គ្រឿង​អេឡិចត្រូនិក ដែកថែប និង​ផលិតផល​ដែកថែប ផលិតផល​កៅស៊ូ ព្រម​ទាំង​រថយន្ត និង​គ្រឿង​បន្លាស់​រថយន្ត​ទៅ​សហរដ្ឋអាមេរិក ដោយ​បាន​ជំនួស​ឲ្យ​ការនាំ​ចេញ​កាន់តែ​ទាប​ចេញពី​ប្រទេស​ចិន​។ ការនាំ​​ចេញ​កាន់តែ​ខ្ពស់​ទៅ​កាន់​ទីផ្សារ​អាមេរិក​អាច​នឹង​មាន​ទំហំ​ក្នុង​ចន្លោះ​ពី​ ៥,១៩ ​ទៅ ១២,៩៩​ ​ពាន់​លាន​បាត (៤១១ លាន​ដុល្លារ​)​។

ដូចគ្នា​នេះ​ដែរ​ប្រទេស​ថៃ​ត្រូវ​បាន​ព្យាករ​ថា​អាច​នឹង​នាំ​ចេញ​ផលិតផល​កាន់តែ​ច្រើន​ទៅកាន់​ទីផ្សារ​ប្រទេស​ចិន ជាពិសេស​ស្រូវ​សាលី និង​ពោត រថយន្ត​ និង​គ្រឿង​បន្លាស់​រថយន្ត ប្លាស្ទិក និង​អាលុយមីញ៉ូម​ដែល​មាន​តម្លៃ​ចន្លោះ​ពី ៣,៣៤ ទៅ ៨,៣៥ ពាន់​លាន​បាត (២៦៤ លាន​ដុល្លារ​)​។

ប៉ុន្តែ​ការសិក្សា​នេះ​បាន​រកឃើញ​ថា​ទាក់ទង​នឹង​ខ្សែចង្វាក់​ផ្គត់ផ្គង់ ប្រទេស​ថៃ​អាច​នឹង​មើល​ឃើញ​នូវ​ការធ្លាក់​ចុះ​ការ​នាំចេញ​ទៅ​កាន់​ប្រទេស​ចិន និង​សហរដ្ឋអាមេរិក​ដោយ​មាន​ទំហំ​សរុប​ចន្លោះ​ពី ៤៦៦ លាន​ទៅ​ ១,១៦ ​ពាន់​លាន​បាត​​ ឬ​ពី​ ០,០០៣ ​ទៅ​ ០,០០៩ ភាគរយ​នៃ ផ.ស.ស​។

ការនាំ​ចូល​របស់​អាមេរិក​នូវ​វត្ថុ​ធាតុដើម​របស់​ថៃ​មាន​ទំហំ​ត្រឹមតែ​ ០,១ ភាគរយ​នៃ​ទំហំ​ពាណិជ្ជកម្ម​សរុប​របស់​ខ្លួន​តែ​ប៉ុណ្ណោះ​។ ទន្ទឹម​នឹង​នោះ​ដែរ​វត្ថុ​ធាតុដើម​របស់​ថៃ​មាន​ទំហំ​ត្រឹមតែ ០,២ ​ភាគរយ​នៃ​ផលិតកម្ម​សរុប​របស់​ចិន​ដីគោក​។

លោក Aat បាន​ឲ្យ​ដឹង​ថា​ផលប៉ះពាល់​ដោយ​ប្រយោល គឺ​ប្រទេស​ថៃ​អាច​នឹង​ក្លាយ​ជា​កន្លែង​បញ្ចេញ​ផលិតផល​របស់​អាមេរិក និង​ចិន​ដែល​បាន​រង​ផលប៉ះពាល់​ដោយសារ​អត្រា​ពន្ធ​កាន់តែ​ខ្ពស់​នៅ​ក្នុង​ប្រទេស​ទាំង​ ២​។ លោក​បាន​បន្ថែម​ថា​តម្លៃ​ផលិតផល​ទាំងនោះ​មាន​ចន្លោះ​ពី ៦,០៥ ទៅ ១៥.១២ ពាន់​លាន​បាត​រួមមាន គ្រឿង​ម៉ាស៊ីន សម្ភារ​អគ្គិសនី គ្រឿង​អេឡិចត្រូនិក អាលុយមីញ៉ូម ដែកថែប និង​ផលិតផល​ដែក​​ជាដើម​។

លោក​បាន​ផ្តល់​យោបល់​ឲ្យ​ប្រទេស​ថៃ​បង្កើន​ខ្សែចង្វាក់​ផលិតកម្ម​របស់​ខ្លួន ជាមួយ​នឹង​សហរដ្ឋអាមេរិក និង​ប្រទេស​ចិន​។ ​ទន្ទឹម​នឹង​នោះ​ដែរ​ក៏​បង្កើន​កិច្ចសហប្រតិបត្តិការ​ពាណិជ្ជកម្ម​ផង​ដែរ ជាពិសេស​តាមរយៈ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ជាមួយ​សហរដ្ឋអាមេរិក និង​កិច្ចព្រមព្រៀង​ជា​ភាព​ជា​ដៃគូ​សេដ្ឋកិច្ច​ទូលំទូលាយ​ប្រចាំ​តំបន់​ (RCEP)​។

កាលពី​ថ្ងៃ​ទី​ ៨ ខែ​មីនា​ឆ្នាំ ២០១៨ លោក​ប្រធានាធិបតី​អាមេរិក ដូណាល់ ត្រាំ បាន​ចេញ​សេចក្តី​ប្រកាស​ចំនួន​ ២ ​ដើម្បី​ហូត​ពន្ធ​លើ​ការ​នាំចូល​ផលិតផល​ដែកថែប​ក្នុង​អត្រា ២៥ ​ភាគរយ​ និង​អាលុយមីញ៉ូម​ក្នុង​អត្រា ១០ ភាគរយ​ដែល​ចូល​ជា​ធរមាន​នៅ​ថ្ងៃទី​ ២៣ ខែ​មីនា​។

ជា​ការ​ឆ្លើយតប​វិញ​កាលពី​ថ្ងៃ​ទី​ ២ ខែ​មេសា​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​បាន​ហូតពន្ធ​រហូត​ដល់​ ២៥ ​ភាគរយ​លើ​ផលិតផល​របស់​អាមេរិក​ចំនួន ១២៣ មុខ​រួមមាន សាច់ជ្រូក ផ្លែឈើ ធញ្ញជាតិ និង​ស្រាក្រហម​។

កាលពី​ថ្ងៃទី​ ៤ ខែ​មេសា ប្រទេស​ចិន​បាន​ប្រកាស​ពី​ការហូតពន្ធ​រហូត​ដល់ ​២៥ ភាគរយ​លើ​ផលិតផល​របស់​អាមេរិក​ចំនួន​ ១០៦ ​មុខ​រួម​ទាំង​សណ្តែក​​សៀង រថយន្ត សារធាតុ​គីមី និង​ទំនិញ​ផ្សេង​ទៀត​ដែល​បង្ក​ឲ្យ​មាន​ការ​ភ័យ​ខ្លាច​ថា ការប្រឈមមុខ​ដាក់​គ្នា​អាច​កើនឡើង​ឆ្ពោះ​ទៅ​រក​សង្គ្រាម​ពាណិជ្ជកម្ម​៕ BP