ក្រុង​ប៉េកាំងៈ ទំហំ​ពាណិជ្ជកម្ម​ទំនិញ​រវាង​ប្រទេស ​ចិន​ និង​បណ្តា​ប្រទេស​ដែល​​ស្ថិត​នៅ​តាម​បណ្តោយ​គម្រោង​ខ្សែ​ក្រវាត់ និង​ផ្លូវ (B&R) របស់​ចិន បាន​កើន​ឡើង​ខ្ពស់​ជាង ៦ ពាន់​ពាន់​លាន​​ដុល្លារ​​ចាប់​ពី​ឆ្នាំ ២០១៣ ដល់ ២០១៨។ នេះ​បើ​យោង​តាម​ការ​ប្រកាស​របស់​គណៈកម្មការ​អភិវឌ្ឍន៍ និង​កំណែ​ទម្រង់​ជាតិ​ (NDRC) របស់​ប្រទេស ​ចិន ​កាល​ពី​ចុង​សប្តាហ៍​មុន។

ដោយ​តម្កល់​គោលការណ៍​នៃ​ការ​ប្រឹក្សា​ដ៏​ហ្មត់ចត់ និង​ការ​ចូលរួម​ចំណែក និង​អត្ថប្រយោជន៍​រួម​គ្នា ប្រទេស ​ចិន ​សម្រេច​បាន​វឌ្ឍនភាព​ដ៏​គួរ​ឲ្យ​កត់​សម្គាល់​ក្នុង​ការ​លើក​កម្ពស់​ការ​សាង​សង់​​ក្នុង​គម្រោង B&R ក្នុង​រយៈពេល​ជាង ៦ ឆ្នាំ​ចុង​ក្រោយ​នេះ។

គិត​រហូត​មក​ដល់​ពេល​នេះ ចិន​បាន​ចុះ​ហត្ថលេខា​លើ​ឯកសារ​កិច្ច​សហ​ប្រតិបត្តិការ​ជាង ១៧០ ជាមួយ​ស្ថាប័ន​អន្តរជាតិ និង​ប្រទេស​ជាង ១៥០ រួម​ទាំង​ប្រទេស​អភិវឌ្ឍន៍ និង​ប្រទេស​កំពុង​អភិវឌ្ឍន៍​ផង​ដែរ។

ក្រុមហ៊ុន​ និង​ស្ថាប័ន​ហិរញ្ញវត្ថុ​ជា​ច្រើន​​មក​ពី​ប្រទេស​អភិវឌ្ឍន៍ ក៏​បាន​ធ្វើ​ជា​ដៃគូ​ជាមួយ​ប្រទេស ​ចិន ​ផង​ដែរ​ក្នុង​ការ​រុករក​ទីផ្សារ​ភាគី​ទី​៣។

ការ​តភ្ជាប់​ហេដ្ឋា​រចនា​សម្ព័ន្ធ ​គឺ​ជា​ចំណុច​​ផ្តោត​នៃ​ការ​សាងសង់​របស់​គម្រោង B&R។ គម្រោង​នានា​រួម​ទាំង​ផ្លូវ​ដែក​ចិន-ឡាវ ផ្លូវ​ដែក​ចិន-ថៃ ផ្លូវ​រថភ្លើង​ល្បឿន​លឿន​ក្រុង​ហ្សាការតា-បានឌុង​នៅ​ប្រទេស ​ឥណ្ឌូនេស៊ី ផ្លូវ​ដែក​ប្រទេស ​ហុងគ្រី-ប្រទេស ​ស៊ែប កំពង់ផែ Gwadar ក្នុង​ប្រទេស ​ប៉ាគីស្ថាន កំពង់ផែ Hambantota នៅ​​ស្រីលង្កា និង​កំពង់ផែ Khalifa ក្នុង​ទីក្រុង​អាប៊ុយដាប៊ី​របស់​ប្រទេស ​អេមីរ៉ាតអារ៉ាប់រួម កំពុង​ដំណើរការ​ទៅ​មុខ​ដោយ​រលូន។

គិត​ត្រឹម​ដំណាច់​ខែ​មីនា រថភ្លើង​ដឹក​ទំនិញ​ចិន-អឺរ៉ុប ដែល​ត​ភ្ជាប់​​​ចិន​ជាមួយ​ទីក្រុង​ ៥០ ក្នុង​ប្រទេស​ចំនួន ១៥ បាន​ធ្វើ​ដំណើរ​ចំនួន ១៤ ០០០ ដង។

គម្រោង​តភ្ជាប់​ពាណិជ្ជកម្ម​ជា​ច្រើន រួម​មាន​ទាំង​សួន​ឧស្សាហកម្ម​ប្រទេស ​ចិន-បេឡារុស និង​តំបន់​កិច្ច​សហ​ប្រតិបត្តិការ​ពាណិជ្ជកម្ម ​និង​សេដ្ឋកិច្ច​ស៊ុយអេ​រវាង​ប្រទេស ចិន ​និង​ប្រទេស ​អេហ្ស៊ីប កំពុង​មើល​ឃើញ​ភាព​រីក​ចម្រើន​ជា​លំដាប់។

ទាក់ទង​នឹង​ការ​តភ្ជាប់​ផ្នែក​ហិរញ្ញវត្ថុ ប្រទេស ​ចិន ​បាន​ចុះ​ហត្ថលេខា​លើ​កិច្ច​ព្រមព្រៀង​ដោះដូរ​រូបិយប័ណ្ណ​ជាមួយ​ប្រទេស​ជាង ២០ ដែល​ស្ថិត​នៅ​តាម​បណ្តោយ​ផ្លូវ​របស់​គម្រោង B&R ដែល​បង្កើត​បាន​ជា​កិច្ច​ព្រមព្រៀង​ទូទាត់​ប្រាក់​យន់​ជាមួយ​ប្រទេស​ចំនួន ៧ និង​បាន​បង្កើត​មជ្ឈមណ្ឌល​​អភិវឌ្ឍន៍​សមត្ថភាព​មួយ​ជាមួយ​មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ (IMF)។

លើស​ពី​នេះ​ទៀត សមិទ្ធផល​ជា​ច្រើន​ត្រូវ​សម្រេច​បាន​​​ក្នុង​ការ​ដោះដូរ​វិទ្យាសាស្រ្ត​ និង​បច្ចេកវិទ្យា កិច្ច​សហ​ប្រតិបត្តិការ​អប់រំ វិស័យ​វប្បធម៌ ការ​អភិវឌ្ឍ​បៃតង និង​ជំនួយ​បរទេស ដែល​ជួយ​ពង្រឹង​​​ចំណង​មិត្តភាព​រវាង​ប្រជាជន​និង​ប្រជាជន៕ People''s Daily/KC