
ទិដ្ឋភាពកម្មការិនី ដេរសម្លៀកបំពាក់ក្នុងរោងចក្រមួយកន្លងមក។ សម្លៀកបំពាក់ គឺជាផលិតផលមួយដែលកម្ពុជាបាននាំចេញទៅទីផ្សារប្រទេសជប៉ុន។ រូប ភ្នំពេញប៉ុស្តិ៍
ភ្នំពេញៈ ការនាំចេញទំនិញពីកម្ពុជាទៅកាន់ប្រទេសជប៉ុនក្នុងរយៈពេល ៩ ខែ ឆ្នាំ ២០២០ មានទឹកប្រាក់សរុបជាង ១,២ ពានលានដុល្លារធ្លាក់ជិត ៦ ភាគរយ ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ ២០១៩ ខណៈដែលទំហំពាណិជ្ជកម្មទ្វេភាគី ធ្លាក់ចុះជាង ៨ ភាគរយ។ នេះបើយោងតាមទិន្នន័យពីអង្គការពាណិជ្ជកម្មក្រៅប្រទេសជប៉ុន (Jetro)។
ទិន្នន័យបង្ហាញថា ចាប់ពីខែមករាដល់ដំណាច់ខែកញ្ញា ការនាំចេញពីកម្ពុជា មានតម្លៃសរុប ១ ២០៩,៩៨ លានដុល្លារ ធ្លាក់ចុះ ៥,៦ ភាគរយពីចំនួន ១ ២៨១,២២ លានដុល្លារកាលពីរយៈពេលដូចគ្នាឆ្នាំមុន ចំណែកការនាំទំនិញពីជប៉ុនមកកម្ពុជាវិញមានតម្លៃ ៣៣៩,៣៣ លានដុល្លារ ធ្លាក់ចុះ ១៤,៨ ភាគរយពីចំនួន ៣៩៨,៣៥ លានដុល្លារ។
សម្រាប់ពាណិជ្ជកម្មទ្វេភាគីគឺមានតម្លៃសរុប ១ ៥៤៨,៣២ លានដុល្លារ ធ្លាក់ចុះ ៨,៤៧ ភាគរយ ពីចំនួន ១៦៧៩,៥៨ លានដុល្លារក្នុងរយៈពេលដូចគ្នាឆ្នាំ ២០១៩។ ក្នុងរយៈពេលខាងលើនេះកាលពីឆ្នាំ ២០១៩ ទំហំពាណិជ្ជកម្មទ្វេភាគីកើន ១៣,៩ ភាគរយធៀបនឹងរយៈពេល ៩ ខែ ឆ្នាំ ២០១៨។
លោក លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជាបានប្រាប់ ភ្នំពេញ ប៉ុស្តិ៍ កាលពីថ្ងៃអាទិត្យថា បើពិនិត្យមើលស្ថានភាពនៃទំនាក់ទំនងការទូត និងកិច្ចសហប្រតិបត្តិការផ្នែកពាណិជ្ជកម្មកម្ពុជា និងជប៉ុនគឺមានភាពល្អប្រសើរជាលំដាប់ ប៉ុន្តែអ្វីដែលធ្វើឱ្យទំហំពាណិជ្ជកម្មប្រទេសទាំង ២ ធ្លាក់ចុះគឺដោយសារជំងឺកូវីដ ១៩ ដែលបានរុញឱ្យសកម្មភាពពាណិជ្ជកម្មនៅស្ទើរគ្រប់ប្រទេសលើពិភពលោកធ្លាក់ចុះ។ លោកបន្តថា ទោះយ៉ាងណាការធ្លាក់ចុះនេះមានតិចតួចប៉ុណ្ណោះ។
លោកថ្លែងថា៖ «ការធ្លាក់ចុះគឺមានកម្រិតតិចតួច។ កូវីដ ១៩ បានធ្វើឱ្យតម្រូវការផលិតផលប្រើប្រាស់ធ្លាក់ចុះច្រើន ហើយម្យ៉ាងទៀតការធ្វើដំណើរតាមផ្លូវអាកាសរវាងកម្ពុជា-ជប៉ុន ក៏មិនទាន់បានចាប់ផ្តើមនៅឡើយ»។
ជាមួយនឹងក្តីសុទិដ្ឋិនិយមលោក ហេង បានអះអាងថា ទំហំពាណិជ្ជកម្មកម្ពុជា-ជប៉ុន នឹងមានសម្ទុះឡើងវិញក្នុងពេលឆាប់ៗ ខណៈព័ត៌មានពីការផលិតវ៉ាក់សាំងកូវីដ កាន់តែខិតជិតចូលមកដល់។
លោក ហុង វណ្ណៈ អ្នកទទួលបន្ទុកសេដ្ឋកិច្ចអន្តរជាតិនៃវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃរាជបណ្ឌិត្យសភាកម្ពុជាបានលើកឡើងថា មានបញ្ហាធំៗ ៣ ដែលធ្វើឱ្យការនាំចេញរបស់កម្ពុជាក៏ដូចជាទំហំពាណិជ្ជកម្មទ្វេភាគីជាមួយប្រទេសជប៉ុនធ្លាក់ចុះ រួមមាន ការកាត់បន្ថយតម្រូវការប្រើប្រាស់ ការបិទប្រទេសដោយជំងឺកូវីដ ១៩ ការប្រកួតប្រជែងជាមួយផលិតផលរបស់ប្រទេសដទៃ សមត្ថភាពកម្លាំងផលិតរបស់កម្ពុជា និងគុណភាពផលិតផលកម្ពុជាដែលនៅមានកម្រិត មិនស្របតាមស្តង់ដាតម្រូវរបស់ប្រទេសជប៉ុន។
លោកថ្លែងថា៖ «កម្ពុជាត្រូវខិតខំកែលម្អប្រព័ន្ធផលិតភាពរបស់ខ្លួនឱ្យកាន់តែប្រសើរថែមទៀត ហើយក៏ត្រូវមានគោលនយោបាយជាក់លាក់ ដើម្បីត្រៀមខ្លួនបង្កើនសក្តានុពលនាំចេញទៅកាន់ទីផ្សារអន្តរជាតិ»។
រដ្ឋសភាជាតិកម្ពុជាកាលពីសប្តាហ៍មុន ទើបអនុម័តលើសេចក្តីព្រាងច្បាប់ស្តីពីភាពជាដៃគូសេដ្ឋកិច្ចទូលំទូលាយរវាងរដ្ឋសមាជិកសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ និងជប៉ុននឹងធ្វើឱ្យទំហំពាណិជ្ជកម្មកម្ពុជា-ជប៉ុន កើនឡើងបន្ថែមទៀត។
កាលពីឆ្នាំ ២០១៩ ការនាំចេញពីកម្ពុជាទៅទីផ្សារជប៉ុនសម្រេចបាន ១,៧ ពាន់លានដុល្លារ កើន ៧,៧ ភាគរយ ធៀបនឹងឆ្នាំ ២០១៨។ នេះបើតាមទិន្នន័យ Jetro៕ LA