ភ្នំពេញៈ ពាណិជ្ជកម្ម​ទ្វេភាគី​រវាង​កម្ពុជា និង​ថៃ​បាន​ធ្លាក់ចុះ ១៩ ​ភាគរយ ​នៅក្នុង​រយៈពេល​ ៩ ​ខែ​ដំបូង​ឆ្នាំនេះ ធៀប​នឹង​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំមុន ​ដែល​ទទួលរង​ឥទ្ធិពល​ដោយសារ​ការរីក​រាលដាល​ជំងឺ​កូវីដ​ ១៩​។ នេះ​បើ​យោងតាម​ទិន្នន័យ​ក្រសួង​ពាណិជ្ជកម្ម​ថៃ​។

តួលេខ​បាន​ពី​ក្រសួង​ពាណិជ្ជកម្ម​ថៃ​បង្ហាញ​ថា ពាណិជ្ជកម្ម​ទ្វេភាគី​រវាង​កម្ពុជា​និង​ថៃ​មាន​សរុប​ ៥,៥៦៩ ពាន់​លាន​ដុល្លារ​ ចាប់ពី​ខែ​មករា​ដល់​ខែកញ្ញា​ ដោយតម្លៃ​នាំចេញ​របស់​កម្ពុជា​មាន​ ៩៥៨ ​លាន​ដុល្លារ​ ធ្លាក់ចុះ​ ៤៨ ​ភាគរយ ខណៈ​តម្លៃ​នាំចូល​មាន​ ៤, ៦១១ ពាន់​លាន​ដុល្លារ​ ធ្លាក់ចុះ​ ៩ ​ភាគរយ​។

លោក Panyarak Poolthup ឯកអគ្គរាជទូត​ថៃ​ប្រចាំ​កម្ពុជា​បាន​បញ្ជាក់ថា នៅក្នុង​ស្ថានភាព​នៃ​ការរីករាលដាល​ជំងឺ​កូវីដ​ ១៩ ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំង​ ២ ត្រូវបាន​រង​ផលប៉ះពាល់​ដោយសារ​តែ​ការឆ្លងកាត់​ព្រំដែន​ត្រូវ​បាន​រឹតបន្តឹង​ដែល​បង្ក​ការពិបាក​សម្រាប់​លំហូរ​ចូល​ទំនិញ​រវាង​ប្រទេស​ទាំង​ ២​។ នេះ​បើយោង​តាម​ទីភ្នាក់ងារ​ព័ត៌មាន​រដ្ឋ អាកាប៉េ​។

ទំហំ​ពាណិជ្ជកម្ម​សរុប​រវាង​កម្ពុជា និង​ថៃ សម្រេច​បាន​ ៩,៤១ ​ពាន់​លាន​ដុល្លារ​កាលពី​ឆ្នាំមុន កើនឡើង​ ១២ ​ភាគរយ​ធៀប​នឹង​ ៨,៣៨ ​ពាន់​លាន​ដុល្លារ​កាលពី​ឆ្នាំ​ ២០១៨​។

ការនាំចេញ​របស់​ប្រទេស​កម្ពុជា​ទៅ​ប្រទេស​ថៃ​មាន​តម្លៃ​ ២,២ ​ពាន់​លាន​ដុល្លារ​កាលពី​ឆ្នាំមុន កើនឡើង​ ១៩៥ ​ភាគរយ​ធៀប​ ៧៦៨ ​លាន​ដុល្លារ ខណៈដែល​ការនាំ​ចូល​មាន​តម្លៃ​ ៧,១៤ ​ពាន់​លាន​ដុល្លារ ធ្លាក់ចុះ​ ៦ ​ភាគរយ​ធៀប​ ៧,៦១ ​ពាន់​លាន​ដុល្លារ​ កាលពី​ឆ្នាំ​ ២០១៨​។

ទោះយ៉ាងណា​មន្ត្រី​ស្ថានទូត​កម្ពុជា និង​ថៃ​ នៅតែ​មាន​សុទិដ្ឋិនិយម​ចំពោះ​ពាណិជ្ជកម្ម​នៃ​ប្រទេស​ទាំង​ ២ ​ក្រោយ​ការរីករាលដាល​កូវីដ ​១៩៕ LA