ភ្នំពេញៈ ពាណិជ្ជកម្ម​ទ្វេភាគី​រវាង​កម្ពុជា និង​ជប៉ុន​រយៈពេល​ ១០ ​ខែ ឆ្នាំ​ ២០២០ មានតម្លៃ​ប្រមាណ ១ ៧៤៨,៤ ​លាន​ដុល្លារ ធ្លាក់ចុះ ៨,០៦ ​ភាគរយ​ពី​ចំនួន ១ ៩០១,៨ ​លាន​ដុល្លារ​កាលពី​រយៈពេល ១០ ​ខែ ឆ្នាំ​ ២០១៩ ដោយ​ធុរជន​ក្នុងស្រុក និង​អ្នកស្រាវជ្រាវ​ជឿថា បណ្តាល​មកពី​ការរីករាលដាល​កូវីដ​១៩ និង​ឥទ្ធិពល​នៃ​សង្គ្រាម​ពាណិជ្ជកម្ម​ប្រទេស​មហាអំណាច​ទាំង​ ២​។

ទិន្នន័យ​ពី​អង្គការ​ពាណិជ្ជកម្ម​ក្រៅប្រទេស​ជប៉ុន​ (Jetro) បង្ហាញថា ក្នុង​រយៈពេល​ ១០ ​ខែ​ដំបូង​ឆ្នាំ​ ២០២០ ការនាំ​ទំនិញ​ពី​កម្ពុជា​ទៅ​ជប៉ុន​មាន​តម្លៃ ១៣៥៨,២ ​លាន​ដុល្លារ​ធ្លាក់ចុះ ៦,៨ ​ភាគរយ​ធៀប​នឹង​រយៈពេល ១០ ​ខែ ឆ្នាំ​ ២០១៩ និង​ការនាំចូល​ពី​ប្រទេស​ជប៉ុន​មានតម្លៃ ៣៩០,២៦ ​លាន​ដុល្លារ​ធ្លាក់ចុះ ១២,៣ ​ភាគរយ​។

សម្រាប់​ខែតុលា ឆ្នាំ​ ២០២០ ការនាំ​ទំនិញ​ពី​កម្ពុជា​ទៅ​ជប៉ុន​មានតម្លៃ ១៤៧,៥៣ ​លាន​ដុល្លារ​ធ្លាក់ចុះ ១៦ ​ភាគរយ និង​ការនាំ​ចូល​ពី​ជប៉ុន​មានតម្លៃ​ ៥៩,៩២ ​លាន​ដុល្លារ​កើនឡើង ៩,៣ ​ភាគរយ​។

លោក ហុង វណ្ណៈ អ្នក​ស្រាវជ្រាវ​សេដ្ឋកិច្ច​អន្តរជាតិ​នៃ​វិទ្យាស្ថាន​ទំនាក់ទំនង​អន្តរជាតិ​នៃ​រាជបណ្ឌិត្យសភាកម្ពុជា​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​កាលពី​ថ្ងៃ​ចន្ទ​ថា ក្រៅពី​កត្តា​ចម្បង​បណ្តាលមកពី​ការរីក​រាលដាល​ជំងឺ​កូវីដ​-១៩ ឥទ្ធិពល​នៃ​ជម្លោះ​ពាណិជ្ជកម្ម​រវាង​ចិន និង​អាមេរិក​ក៏បាន​ជះឥទ្ធិពល​ដល់​ការនាំ​ចេញពី​កម្ពុជា​ខ្លះៗ​ដែរ​។ លោក​បន្ថែមថា ទន្ទឹមនឹង​ការធ្លាក់ចុះ​ទំហំ​ពាណិជ្ជកម្ម​អន្តរជាតិ​នេះ​គេ​ក៏ត្រូវ​ដឹងថា ការផលិត​ដើម្បី​ផ្គត់ផ្គង់​តម្រូវការ​ក្នុងប្រទេស​នីមួយៗ ពិសេស​ផលិតផល​កសិកម្ម​បាន​កើន​ឡើងជា​លំដាប់​។

លោក​ថ្លែងថា​៖ «​នេះ​ជា​លទ្ធផល​ដែល​កើត​នៅ​គ្រប់​ប្រទេស​លើ​ពិភពលោក ដោយ​គ្រប់គ្នា​សុទ្ធតែ​មិន​ចង់​ចំណាយ ហេតុនេះ​ការនាំចេញ នាំចូល​ផលិតផល​ពី​ក្រៅប្រទេស​ក៏​ធ្លាក់ចុះ​ទៅតាម​នោះដែរ​»​។

លោក លឹម ហេង អនុប្រធាន​សភាពាណិជ្ជកម្ម​កម្ពុជា​បាន​ប្រាប់ថា ការផ្ទុះ​ឡើង​កូវីដ​ ១៩ បាន​ធ្វើឱ្យ​សេដ្ឋកិច្ច​ក៏​ដូចជា​សកម្មភាព​នៃ​ការដោះដូរ​ទំនិញ​ជា​លក្ខណៈ​អន្តរជាតិ​ត្រូវ​ធ្លាក់ចុះ​នៅ​គ្រប់​ប្រទេស​។ លោក​បន្តថា ទោះយ៉ាងណា​ការប្រកាស​ចាប់ផ្តើម​ចាក់​វ៉ាក់សាំង​ឱ្យ​ប្រជាជន​របស់​ប្រទេស​ជាច្រើន​កំពុង​រួមចំណែក​ធ្វើឱ្យ​សកម្មភាព​ពាណិជ្ជកម្ម​ពិភពលោក​ចាប់ផ្តើម​មាន​សម្ទុះ​ឡើងវិញ​ហើយ​នៅពេលនេះ​។

លោក​បន្ថែមថា​៖ «​សម្រាប់​ពាណិជ្ជកម្ម​ជាមួយ​ជប៉ុន ខ្ញុំ​គិតថា​នឹង​កើនឡើង​វិញ​នៅពេលដែល​ជើងហោះហើរ​ផ្ទាល់​រវាង​ប្រទេស​ទាំង​ ២ ​បើក​ដំណើរការ​។ ជប៉ុន​នៅតែ​ជា​ទីផ្សារ​ដ៏​មាន​សក្តានុពល​សម្រាប់​ផលិតផល​កម្ពុជា​»​។

យោងតាម​លោក លឹម ហេង ផលិតផល​ដែល​កម្ពុជា​នាំចេញ​ទៅកាន់​ប្រទេស​ជប៉ុន​មាន​ដូចជា សម្លៀកបំពាក់ គ្រឿង​បង្គុំ​អគ្គិសនី និង​គ្រឿង​បង្គុំ​អេឡិចត្រូនិក ជាដើម​។

យោងតាម​របាយការណ៍​ស្តីពី​ «​វឌ្ឍនភាព​ម៉ាក្រូសេដ្ឋកិច្ច និង​វិស័យ​ធនាគារ​ឆ្នាំ​ ២០២០ និង​ទស្សនវិស័យ​ឆ្នាំ​ ២០២១»​ របស់​ធនាគារជាតិ​នៃ​កម្ពុជា​កាលពី​សប្តាហ៍​មុន​ឱ្យដឹងថា តាម​ការព្យាករ​កំណើនសេដ្ឋកិច្ច​កម្ពុជា​នឹង​អាច​ងើប​ឡើងវិញ​ក្នុង​រង្វង់ ៤ ​ភាគរយ​ក្នុង​ឆ្នាំ ២០២១ នេះ​ប្រសិនបើ​ថ្នាំ​បង្ការ​មាន​ប្រសិទ្ធភាព​អាច​ទប់ស្កាត់​ការរីករាលដាល​ជំងឺ​កូវីដ​ ១៩​។ ការធ្វើ​ពិពិធកម្ម​មូលដ្ឋាន​សេដ្ឋកិច្ច និង​ការអនុវត្ត​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​វិស័យ​ឧស្សាហកម្ម​នឹង​ក្លាយជា​ផ្នែក​មួយ​ដ៏សំខាន់​ក្នុង​ការជួយ​ឱ្យ​សេដ្ឋកិច្ចកម្ពុជា​ងើប​ឡើងវិញ​កាន់តែ​ឆាប់រហ័ស​ពី​វិបត្តិ​នាពេល​បច្ចុប្បន្ន​៕ LA