ភ្នំពេញៈ ពាណិជ្ជកម្ម​ទ្វេភាគី​រវាង​កម្ពុជា និង​ថៃ ​នៅតែ​ទទួល​បាន​កំណើន​វិជ្ជមាន​នៅ​ឆមាស​ទី​ ១ ឆ្នាំ​នេះ ដោយ​មាន​កំណើន​ជាង​ ២ ​ភាគរយ ទោះបី​ជា​ការរីករាលដាល​ជំងឺ​កូវីដ​ ១៩ ​បង្ក​ផលប៉ះពាល់​ដល់​សេដ្ឋកិច្ចពិភពលោក​ និង​តំបន់​ក៏ដោយ​។

តួលេខ​នាយកដ្ឋាន​ពាណិជ្ជកម្ម​បរទេស​របស់​ប្រទេស​ថៃ​ ដែល​បាន​រាយការណ៍​ដោយ​កាសែត​បាងកក​ប៉ុស្ដិ៍​បាន​បង្ហាញថា​ ដោយសារ​តែ​ការរីករាលដាល​ជំងឺ​កូវីដ​ ១៩ ពាណិជ្ជកម្ម​ឆ្លង​ព្រំដែន​របស់​ប្រទេស​ថៃ​ជាមួយ​បណ្តា​ប្រទេស​ផ្សេងៗ​បាន​ធ្លាក់ចុះ​ ៩,១៨ ​ភាគរយ ធៀប​នឹង​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំមុន​នៅ​ឆមាស​ទី​ ១ ដោយសារ​តែ​វិធាន​ការបិទ​ប្រទេស និង​ការថមថយ​សេដ្ឋកិច្ច​របស់​បណ្ដា​ប្រទេស​ជិតខាង​។

ទោះជា​យ៉ាងណា ពាណិជ្ជកម្ម​ទ្វេភាគី​រវាង​ថៃ និង​កម្ពុជា​ បាន​កើនឡើង​បន្តិច​ ២,២៧ ​ភាគរយ ខណៈ​ដែល​ពាណិជ្ជកម្ម​ទ្វេភាគី​រវាង​ប្រទេស​ថៃ និង​ម៉ាឡេស៊ី ​ធ្លាក់​ចុះ​ ២៦,៨ ​ភាគរយ ប្រទេស​ឡាវ​ ធ្លាក់ចុះ​ ៧,០៩ ​ភាគរយ និង​ជាមួយ​ប្រទេស​មីយ៉ាន់ម៉ា ​ធ្លាក់​ ១៣,៧ ​ភាគរយ​។

លោក Keerati Rushchano អគ្គនាយក​នាយកដ្ឋាន​ពាណិជ្ជកម្ម​បរទេស​បាន​ឲ្យ​ដឹងថា ជំងឺ​កូវីដ​ ១៩ និង​ការដាក់​វិធាន​ការបិទ​ប្រទេស​ដើម្បី​ទប់ស្កាត់​ការរីករាលដាល​បាន​ប៉ះពាល់​ដល់​ពាណិជ្ជកម្ម និង​ទេសចរណ៍ ព្រមទាំង​សេដ្ឋកិច្ច​ជារួម​ផងដែរ ទាំង​នៅក្នុង​ប្រទេស​ថៃ និង​បណ្ដា​ប្រទេស​ជិតខាង​។

លោក លឹម ហេង អនុប្រធាន​សភាពាណិជ្ជកម្ម​កម្ពុជា​បាន​បញ្ជាក់ថា ទោះបី​ជា​មេដឹកនាំ​របស់​ប្រទេស​ទាំង​ ២ ​បាន​រឹតបន្តឹង​លើ​ការធ្វើ​ដំណើរ​ទៅវិញទៅមក​រវាង​ប្រទេស​ទាំង​ ២ ​ក៏ដោយ ក៏​ការផ្លាស់ប្តូរ​ទំនិញ​នៅតែ​បើកចំហ​។

លោក​បន្តថា​៖ «​យើង​មិនមាន​បញ្ហា​ណាមួយ​លើ​ការនាំចេញ និង​នាំចូល​ទំនិញ​រវាង​ប្រទេស​យើង​ទាំង​ ២ ​ទេ​។ រដ្ឋាភិបាល​​រឹតបន្តឹង​តែ​ទៅលើ​ការធ្វើ​ដំណើរ​របស់​ប្រជាជន​ដែល​ជា​កិច្ចខិតខំ​ប្រឹងប្រែង​ក្នុង​ការប្រយុទ្ធប្រឆាំង​ការរីក​រាលដាល​របស់​វីរុស​នេះ​តែប៉ុណ្ណោះ​»​។

លោក វ៉ា ស៊ឹមសូរិយា អនុរដ្ឋលេខាធិការ​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន បាន​ប្រាប់​ភ្នំពេញប៉ុស្ដិ៍​ក្នុងពេល​ថ្មីៗ​នេះ​ថា ថៃ​នឹង​ផ្ដល់​ដែក​សម្រាប់​ផ្លូវ​រថភ្លើង​ប្រវែង​ ១៤០ ​គីឡូម៉ែត្រ​នៅ​ខែ​សីហា​ នេះ​ ដើម្បី​កែលម្អ​មធ្យោបាយ​ការដឹកជញ្ជូន​ទំនិញ​នៃ​ប្រទេស​ទាំង​ ២​។

លោក​បន្ថែមថា បន្ទាប់ពី​ផ្លូវដែក​ភាគ​ខាងជើង​ត្រូវបាន​កែលម្អ វា​នឹង​អាច​ដឹកជញ្ជូន​បាន​ទម្ងន់​ ២០ ​តោន និង​បង្កើនល្បឿន​បាន​រហូត​ដល់​ ៧០ ​គីឡូម៉ែត្រ​ក្នុង​ ១ ​ម៉ោង​ ធៀប​នឹង​ល្បឿន​បច្ចុប្បន្ន​ត្រឹមតែ​ ៣០ ​គីឡូម៉ែត្រ​ក្នុង​ ១ ​ម៉ោង​។

ទំហំ​ពាណិជ្ជកម្ម​សរុប​រវាង​កម្ពុជា និង​ថៃ​បាន​កើនឡើង​ដល់​ ៩,៤១ ​ពាន់​លាន​ដុល្លារ កាលពី​​ឆ្នាំ​ ២០១៩ កើនឡើង​ ១២ ​ភាគរយ​ធៀប​នឹង​ ៨,៣៨ ​ពាន់​លានដុល្លារ​ កាលពី​ឆ្នាំ​ ២០១៨​។

ភាគច្រើន​នៃ​ទំនិញ​នាំចេញ​របស់​កម្ពុជា​ទៅកាន់​ប្រទេស​ថៃ​ គឺ​ត្បូង​មានតម្លៃ គ្រឿងអលង្ការ ផលិតផល​វត្ថុធាតុដើម​កសិកម្ម និង​អាលុយមីញ៉ូម​៕ LA