ភ្នំពេញៈ ការផ្លាស់ប្តូរ​ពាណិជ្ជកម្ម​រវាង​កម្ពុជា​ជាមួយ​បណ្តា​រដ្ឋ​ជា​សមាជិក​អាស៊ាន​បាន​កើនឡើង​យ៉ាងខ្លាំង​ដល់​ ១១,៣៣០ ​ពាន់​លាន​ដុល្លារ​កាលពី​ឆ្នាំមុន ទោះបី​ជាការ​រឹតបន្តឹង​ជើង​ហោះហើរ និង​ការធ្វើដំណើរ​ឆ្លងកាត់​ព្រំដែន​ក៏ដោយ​។

យោងតាម​ទិន្នន័យ​ចុងក្រោយ​បាន​ពី​ក្រសួង​ពាណិជ្ជកម្ម​កម្ពុជា​ពាណិជ្ជកម្ម​ទ្វេភាគី​រវាង​ប្រទេស​កម្ពុជា​ និង​បណ្តា​ប្រទេស​សមាជិក​អាស៊ាន​បាន​កើនឡើង ២២,៤២ ​ភាគរយ​មាន​ចំនួន ១១,៣៣០ ពាន់​លាន​ដុល្លារ​ធៀប​នឹង​ ៩,២៥៤ ​ពាន់​លាន​ដុល្លារ​កាលពី​ឆ្នាំ​ ២០១៩​។ ការផ្លាស់ប្តូរ​ពាណិជ្ជកម្ម​ភាគច្រើន​ជាមួយ​ប្រទេស​ជាប់​ព្រំដែន​គឺ ថៃ និង​វៀតណាម​។

លោក លឹម ហេង អនុប្រធាន​សភាពាណិជ្ជកម្ម​កម្ពុជា​បាន​កត់សម្គាល់​ថា ក្នុង​រយៈពេល​ជាច្រើន​ឆ្នាំ​មក​នេះ កម្ពុជា​កំពុង​នាំចេញ​ផលិតផល​កសិកម្ម​ច្រើន​ប្រភេទ ដូចជា ស្រូវ ដំឡូងមី ពោត និង​កៅស៊ូ ទៅ​ប្រទេស​ក្នុង​តំបន់​អាស៊ាន ជាពិសេស ដូចជា​ថៃ និង​វៀតណាម ខណៈ​ដែល​ប្រទេស​កម្ពុជា​បាន​នាំចូល​ភាគច្រើន ដូចជា ទំនិញប្រើប្រាស់ អាហារ និង​ភេសជ្ជៈ និង​សម្ភារ​សំណង់​។

លោក​ថ្លែងថា​៖ «​ទោះបី​ជា​ប្រទេស​យើង​អាច​កែច្នៃ​ទំនិញប្រើប្រាស់​មួយចំនួន​ក៏ដោយ ប៉ុន្តែ​សមត្ថភាព​របស់​យើង​នៅ​មាន​កម្រិត​ដែល​តម្រូវឱ្យ​នាំចូល​យ៉ាងច្រើន​ជាពិសេស​ពី​បណ្ដា​ប្រទេសជិតខាង​»​។

លោក​បន្តថា​៖ «​យើង​ជំរុញ​ដល់​វិនិយោគិន​បរទេស​បន្ថែមទៀត​ឱ្យ​វិនិយោគ​លើ​ឧស្សាហកម្ម​កែច្នៃ ដែល​អាច​បង្កើន​សមត្ថ​ភាព​ផលិត​ក្នុងស្រុក និង​គុណភាព​ទំនិញ ដែល​អាច​ប្រកួតប្រជែង​ជាមួយ​ទំនិញ​នាំចូល និង​ជំរុញ​ការនាំចេញ​»​។

តាម​របាយការណ៍​ការនាំចេញ​សរុប​របស់​កម្ពុជា​ទៅកាន់​បណ្តា​ប្រទេស​សមាជិក​អាស៊ាន​ទាំងអស់​មាន​តម្លៃ​ ៣,៧២៣ ​ពាន់​លាន​ដុល្លារ​បាន​កើនឡើង​យ៉ាងខ្លាំង ១៨៦ ​ភាគរយ ខណៈ​ដែល​ការនាំចូល​មានតម្លៃ​ ៧,៦០៧ ​ពាន់​លាន​ដុល្លារ ធ្លាក់ចុះ​បន្តិច ៤,៣៣ ​ភាគរយ​។

លោក ហ៊ុន ឡាក់ អគ្គនាយក​ក្រុមហ៊ុន Mekong Oryza Trading Co Ltd បាន​ប្រាប់​ភ្នំពេញ​ប៉ុស្ដិ៍​ថា ការកើនឡើង​ការផ្លាស់ប្តូរ​ពាណិជ្ជកម្ម​ជាមួយ​ប្លុក​នេះ ឆ្លុះបញ្ចាំង​ពី​ការប្ដេជ្ញាចិត្ត​របស់​មេដឹកនាំរ​បស់​តំបន់​នេះ​ក្នុង​ការលើកកម្ពស់​ការផ្លាស់ប្តូរ​ទំនិញ និង​ពាណិជ្ជកម្ម​ឆ្លងកាត់​ព្រំដែន​។

លោក​ថ្លែងថា​៖ «​វា​ជា​សញ្ញា​វិជ្ជមាន​មួយ សម្រាប់​យើង​ក្នុង​ការជំរុញ​ការនាំចេញ​កាន់តែច្រើន​ទៅកាន់​ដៃគូ​ពាណិជ្ជកម្ម​របស់​យើង​។ ទោះយ៉ាងណា អ្វីដែល​យើង​ចង់​លើកទឹកចិត្ត យើង​គួរតែ​នាំចេញ​ផលិតផល​សម្រេច​ជាជាង​វត្ថុធាតុដើម ខណៈ​យើង​ខាតបង់​ជាច្រើន​នៃ​តម្លៃបន្ថែម និង​អត្ថប្រយោជន៍​»​។

អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​គយ​ និង​រដ្ឋាករ​កម្ពុជា (GDCE) បានឱ្យដឹង​កាលពី​ថ្ងៃទី​ ២៤ ​ខែធ្នូ​ថា ក្រុមហ៊ុន​នាំចូល និង​នាំចេញ​ទាំងអស់​របស់​ប្រទេស​កម្ពុជា អាច​ដាក់​ពាក្យសុំ​ផ្លាស់ប្តូរ​ទិន្នន័យ​ប្រតិវេទន៍​គយ​អាស៊ាន (ACDD) ​ទម្រង់​អេឡិចត្រូនិក​តាមរយៈ​ប្រព័ន្ធ​បញ្ជរ​តែមួយ​អាស៊ាន (ASW) ឯកសារ​នេះ​នឹងត្រូវ​បាន​ទទួល​ស្គាល់​ដោយ​អាជ្ញាធរ​របស់​រដ្ឋ​ជា​សមាជិក​អាស៊ាន​ទាំង​ ១០ ដែល​ជួយ​សម្រួលការ​ត្រួតពិនិត្យ​ពាណិជ្ជកម្ម​ និង​គយ​នៅក្នុង​តំបន់​នេះ​។

GDCE បានឱ្យដឹងថា ខ្លួន​នឹង​អនុវត្ត​ «​ការផ្លាស់ប្តូរ​ ACDD និង​ពាណិជ្ជកម្ម​អាស៊ាន​នៅក្នុង​កិច្ចព្រមព្រៀង​ទំនិញ (ATIGA) អេឡិចត្រូនិក​ទម្រង់ D ដែល​ត្រូវ​បានចេញ​ដោយ​អាជ្ញាធរ​របស់​សមាជិក​អាស៊ាន​។

លោក លឹម ហេង អនុប្រធាន​សភាពាណិជ្ជកម្ម​កម្ពុជា​បាន​ឱ្យ​ដឹងថា គំនិត​ផ្តួចផ្ដើម​ប្រព័ន្ធ​គ្មាន​ក្រដាស​ស្នាម​នេះ បង្ហាញ​ការរីកចម្រើន​យ៉ាងខ្លាំង​សម្រាប់​ការលើកកម្ពស់​ពាណិជ្ជកម្ម​ឆ្លងកាត់​ព្រំដែន និង​ការជួយ​សម្រួល​ពាណិជ្ជកម្ម​សម្រាប់​វិស័យ​ឯកជន កំពុង​អំពាវនាវ​ឱ្យមាន​។

លោក​អះអាង​ថា ការប្រើប្រាស់​បច្ចេកវិទ្យា​បាន​កាត់បន្ថយ​ទំនាក់ទំនង​ដោយផ្ទាល់​។

លោក​បាន​បញ្ជាក់​ទៀតថា​៖ «​យើង​ចង់ឃើញ​ប្រព័ន្ធ​គ្មាន​ក្រដាស​ស្នាម​ប្រភេទ​នេះ ត្រូវបាន​ដាក់ឱ្យ​ប្រើប្រាស់​មិន​គ្រាន់តែ​នៅក្នុង​ចំណោម​រដ្ឋ​ជា​សមាជិក​អាស៊ាន​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែមទាំង​នៅតាម​បណ្ដា​ប្រទេស​ផ្សេងៗ​ទៀតផង​ដែរ​»៕LA