ភ្នំពេញៈ ទំហំពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា និងឥណ្ឌូនេស៊ីកើនឡើងដល់កម្រិតខ្ពស់បំផុតដល់ជាង ៧៩២ លានដុល្លារកាលពីឆ្នាំមុន កើនឡើង ៤៥,៧៥ ភាគរយធៀបនឹងឆ្នាំ ២០១៨ មានតម្លៃ ៥៤៣ លានដុល្លារ។ នេះបើយោងតាមទិន្នន័យពីក្រសួងពាណិជ្ជកម្ម។
ទិន្នន័យនេះបង្ហាញថា ប្រទេសកម្ពុជាបាននាំចេញផលិតផលមានតម្លៃប្រហែល ២២,៣២ លានដុល្លារកាលពីឆ្នាំមុន កើនឡើង ៣,៩៦ ភាគរយធៀបនឹង ២០១៨ ខណៈការនាំចូលមានតម្លៃ ៧៧០ លានដុល្លារ កើនឡើង ៤៧,៤៦ ភាគរយ។
ទំនាក់ទំនងរវាងប្រទេសកម្ពុជា និងសាធារណរដ្ឋឥណ្ឌូនេស៊ីកំពុងមើលឃើញសកម្មភាពជាច្រើនចាប់តាំងពីខែកញ្ញា ឆ្នាំ ២០១៧។
លោក ហោ ណាំបូរ៉ា ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសឥណ្ឌូនេស៊ីបានប្រាប់ទីភ្នាក់ងារព័ត៌មាន Eurasia Review កាលពីថ្ងៃអាទិត្យថា ក្រុមវិនិយោគិនប្រទេសឥណ្ឌូនេស៊ីកំពុងសម្លឹងមើលអំពីសក្តានុពលសេដ្ឋកិច្ច រីកចម្រើនរហ័សរបស់ប្រទេសកម្ពុជា។
លោកថ្លែងថា៖ «យើងមានការវិនិយោគពីប្រទេសឥណ្ឌូនេស៊ីប្រហែល ៣៥០ លានដុល្លារនៅក្នុងប្រទេសកម្ពុជា។ ខ្ញុំចង់អញ្ជើញក្រុមវិនិយោគិនឥណ្ឌូនេស៊ីកាន់តែច្រើនមកវិនិយោគនៅកម្ពុជា»។
ការវិនិយោគធំជាងគេដែលបានធ្វើឡើងកាលពីឆ្នាំមុនគឺនៅពេលដែល Citilink ជាក្រុមហ៊ុនអាកាសចរណ៍តម្លៃទាបរបស់ប្រទេសឥណ្ឌូនេស៊ីបានចាប់ផ្ដើមដំណើរការជើងហោះហើរផ្ទាល់រវាងទីក្រុងហ្សាការតា និងទីក្រុងភ្នំពេញ។
លោកបន្តថា៖ «វាជាអំណោយដ៏ធំបំផុត ដើម្បីបង្ហាញពីទំនាក់ទំនងមិត្តភាពរយៈពេល ៦០ ឆ្នាំរវាងប្រទេសឥណ្ឌូនេស៊ី និងកម្ពុជា។ ការតភ្ជាប់ផ្លូវអាកាសមានសារៈសំខាន់សម្រាប់ការបង្កើនទំនាក់ទំនងសេដ្ឋកិច្ច និងទំនាក់ទំនងរវាងប្រជាជន និងប្រជាជន»។
លោក លុន យ៉េង អគ្គលេខាធិការសមាគមស្រូវអង្ករកម្ពុជា (CRF) បានប្រាប់ភ្នំពេញប៉ុស្ដិ៍ថា ទោះបីជាប្រទេសកម្ពុជា និងឥណ្ឌូនេស៊ីបានចុះកិច្ចព្រមព្រៀងលើអនុស្សរណៈនៃការយោគយល់គ្នា (MoU) ស្ដីពីការនាំចូលអង្កររបស់ប្រទេសកម្ពុជាកាលពីឆ្នាំមុនក៏ដោយ ក៏រហូតមកដល់ពេលនេះប្រទេសកម្ពុជាមិនបានធ្វើការនាំចេញណាមួយនោះទេ ដោយសារតែមិនមានការបញ្ជាទិញពីប្រទេសឥណ្ឌូនេស៊ី។
លោកថ្លែងថា៖ «ចាប់តាំងពី MoU បានធ្វើឡើងរហូតមកដល់ពេលនេះយើងមិនទទួលបានការបញ្ជាទិញណាមួយនោះទេពីពួកគេ ដោយសារតែការចរចាតម្លៃមិនទាន់សម្រេចបាន»។
របាយការណ៍របស់ក្រសួងទេសចរណ៍បានចេញផ្សាយថា ប្រទេសកម្ពុជាទទួលបានភ្ញៀវទេសចរឥណ្ឌូនេស៊ីសរុប ៦៦ ៨០៤ នាក់កាលពីឆ្នាំមុន។
ប្រទេសកម្ពុជាបាននាំចេញផលិតផលសរុបមានតម្លៃ ១៤,-៦៣ ពាន់លានដុល្លារកាលពីឆ្នាំមុនកើនឡើង ១២,៧ ភាគរយធៀបនឹងឆ្នាំ ២០១៨។ នេះបើយោងតាមរបាយការណ៍របស់ធនាគារជាតិនៃកម្ពុជា។ កម្ពុជាបាននាំចូលក្នុងតម្លៃ ២២,៣៤ ពាន់លានដុល្លារកើនឡើង ១៨,៦ ភាគរយធៀបនឹងឆ្នាំ ២០១៨៕LA