ភ្នំពេញ៖ ទំហំ​ពាណិជ្ជកម្ម​ទ្វេភាគី​កម្ពុជា-អាមេរិក រយៈពេល ២ ខែ​ដើម​ឆ្នាំ ២០២១ បាន​បន្ត​សញ្ញា​វិជ្ជមាន ដោយ​មាន​តម្លៃ​ជិត ១,២ ពាន់​លាន​ដុល្លារ កើន​ជាង ៤ ភាគរយ​ធៀប​នឹង​រយៈពេល​ដូច​គ្នា​ឆ្នាំ​ ២០២០។

ទិន្នន័យ​ពី​ការិយាល័យ​ពាណិជ្ជកម្ម​អាមេរិក នាពេល​ថ្មីៗ​នេះ​ឱ្យ​ដឹង​ថា ក្នុង​ខែ​មករា និង​កុម្ភៈ ឆ្នាំ ២០២១ ការ​ផ្លាស់ប្តូរ​ទំនិញ​រវាង​កម្ពុជា និង​អាមេរិក មាន​ទឹក​ប្រាក់​សរុប ១ ១៨៧,១ លាន​ដុល្លារ កើន ៤,៤៤ ភាគរយ ធៀប​នឹង​ទឹក​ប្រាក់ ១ ១៣៦,៦ លាន​ដុល្លារ កាល​ពី​រយៈពេល ២ ខែ​ដើម​ឆ្នាំ​មុន។

នៅ​ក្នុង​ទឹក​ប្រាក់​ខាង​លើ ការ​នាំចេញ​ទំនិញ​ពី​កម្ពុជា​ទៅ​អាមេរិក​មាន​តម្លៃ ១ ១២០ លាន​ដុល្លារ កើន​ឡើង ៣,៣៨ ភាគរយ​ពី​ចំនួន ១ ០៨៣,៣ លាន​ដុល្លារ និង​ការ​នាំ​ទំនិញ​ពី​អាមេរិក​មក​កម្ពុជា​មាន​តម្លៃ ៦៧,១ លាន​ដុល្លារ កើន​ឡើង ២៦,៣៦ ភាគរយ​ពី​ចំនួន ៥៣,១ លាន​ដុល្លារ។

អ្នក​ស្រាវជ្រាវ​សេដ្ឋកិច្ច​អន្តរជាតិ​នៃ​វិទ្យាស្ថាន​ទំនាក់ទំនង​អន្តរជាតិ​នៃ​កម្ពុជា (រាជបណ្ឌិត្យ​សភា​កម្ពុជា) លោក ហុង វណ្ណៈ បាន​ប្រាប់ ភ្នំពេញ ប៉ុស្តិ៍ កាល​ពី​ថ្ងៃទី ១២ ខែ​មេសា​ថា អាមេរិក គឺ​ជា​ទីផ្សារ​មាន​សក្តានុពល​ធំ​បំផុត​សម្រាប់​ផលិតផល​វាយនភណ្ឌ​កម្ពុជា ដោយ​រាប់​ចាប់​តាំង​ពី​សម្លៀក​បំពាក់​ ស្បែក​ជើង ផលិតផល​ធ្វើ​ដំណើរ គ្រឿង​បង្គុំ​អគ្គិសនី ព្រម​ទាំង​កង់​ផង​ដែរ។

លោក​បន្ថែម​ថា កំណើន​ទំហំ​ពាណិជ្ជកម្ម ពិសេស​ការ​នាំ​ចេញ​នៅ​ពេល​នេះ គឺ​ពិត​ជា​មាន​សារៈសំខាន់​ណាស់​សម្រាប់​សេដ្ឋកិច្ច​កម្ពុជា​ក្នុង​បរិបទ​ដែល​វិបត្តិ​កូវីដ ១៩ បាន​ធ្វើ​ឱ្យ​ការ​ធ្វើ​ពាណិជ្ជកម្ម​ជា​លក្ខណៈ​អន្តរជាតិ​ភាគ​ច្រើន​ត្រូវ​ជួប​បញ្ហា។

លោក​និយាយ​ថា៖ «កំណើន​នៃ​ការ​នាំចេញ និង​ការ​ដាក់​ចេញ​នូវ​យុទ្ធសាស្រ្ត​ជា​បន្តបន្ទាប់​របស់​រដ្ឋាភិបាល​នឹង​ធ្វើ​ឱ្យ​កម្ពុជា​មាន​ផលិតផល​កាន់​តែ​ច្រើន​សម្រាប់​នាំចេញ​ទៅ​កាន់​ទីផ្សារ​អន្តរជាតិ ពិសេស​ទីផ្សារ​អាមេរិក»។

លោក​លើក​ឡើង​ទៀត​ថា បច្ចុប្បន្ន​នេះ​កម្ពុជា​ក៏​បាន​ និង​កំពុង​ធ្វើ​ពិពិធកម្ម​សេដ្ឋកិច្ច និង​កំណែ​ទម្រង់​លើ​គ្រប់​វិស័យ​ផង​ដែរ។

បើ​យោង​តាម​ក្រសួង​ពាណិជ្ជកម្ម​កម្ពុជា ក្នុង​ឆ្នាំ ២០២០ អាមេរិក គឺ​ជា​ទីផ្សារ​នាំចេញ​ទំនិញ​ធំ​បំផុត​របស់​កម្ពុជា ដែល​តាម​ពី​ក្រោយ​ដោយ​ប្រទេស​ចិន ជប៉ុន ចក្រភពអង់គ្លេស កាណាដា និង​ប្រទេស​កូរ៉េ។

កាល​ពី​ឆ្នាំ​ ២០២០ ទំហំពាណិជ្ជ​កម្ម​សរុប​រវាង​ប្រទេស​ទាំង ២ មាន​តម្លៃ ៦ ៩២១,៣ លាន​ដុល្លារ កើន​ឡើង ១៧,៨៩ ភាគរយ ធៀប​នឹង​ឆ្នាំ ២០១៩។ ក្នុង​នោះ​ការ​នាំចេញ​របស់​កម្ពុជា​មាន​តម្លៃ ៦ ៥៧៧,៧ លាន​ដុល្លារ កើន ២២,៧៩ ភាគរយ ចំណែក​ការ​នាំ​ពី​អាមេរិក​មក​កម្ពុជា​មាន​តម្លៃ ៣៤៣,៦ លានដុល្លារ ធ្លាក់ ៣៣,១៥ ភាគរយ ពី​ចំនួន ៥១៤ លានដុល្លារ។ នេះ​បើ​តាម​ការិយាល័យ​ពាណិជ្ជកម្ម​អាមេរិក៕