ភ្នំពេញៈ ពាណិជ្ជកម្ម​ទ្វេភាគី​កម្ពុជា​ឥណ្ឌា​ក្នុង​ឆ្នាំ​ ២០២០ មាន​ទឹកប្រាក់​ជាង ១៩០ ​លាន​ដុល្លារ ធ្លាក់ចុះ​ជាង ២៥ ​ភាគរយ​បើ​ធៀប​នឹង​ឆ្នាំ​ ២០១៩ ខណៈ​បច្ចុប្បន្ន​កម្ពុជា​កំពុងធ្វើការ​សិក្សា​វាយតម្លៃ​ពី​លទ្ធភាព​ជាក់ស្តែង​ (Feasibility Study) ​ក្នុងការ​រៀបចំ​ឱ្យមាន​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ទ្វេភាគី​កម្ពុជា-ឥណ្ឌា​។

ទិន្នន័យ​ក្រសួង​ពាណិជ្ជកម្ម​កម្ពុជា​ឱ្យ​ដឹងថា ទំនាក់ទំនង​ពាណិជ្ជកម្ម​ទ្វេភាគី​កម្ពុជា និង​ឥណ្ឌា​ក្នុង​ឆ្នាំ​ ២០២០ មានតម្លៃ​សរុប ១៩០,១៣ ​លាន​ដុល្លារ​ ធ្លាក់ ២៥,៨១ ​ភាគរយ ពី ២៥៦,២៦ ​លាន​ដុល្លារ​ ក្នុង​ឆ្នាំ​ ២០១៩​។

ក្នុងនោះ​ការនាំចេញ​ទំនិញ​ពី​កម្ពុជា​ទៅ​ឥណ្ឌា​មាន​តម្លៃ ៦១,៣៦ ​លាន​ដុល្លារ ធ្លាក់ចុះ ៥,១២ ​ភាគរយ​ពី​ចំនួន ៦៤,៦៧ ​លាន​ដុល្លារ និង​ការនាំ​ទំនិញ​ពី​ឥណ្ឌា​មក​កម្ពុជា​មានតម្លៃ ១២៨,៧៧ ​លាន​ដុល្លារ ធ្លាក់ចុះ ៣២,៩៧ ​ភាគរយ​ពី​ចំនួន ១៩១,៥៩ ​លាន​ដុល្លារ​។

លោក ប៉ែន សុវិជាតិ អ្នកនាំពាក្យ​ក្រសួងពាណិជ្ជកម្ម​បាន​ប្រាប់ ​ភ្នំពេញ ប៉ុស្តិ៍ កាលពី​ថ្ងៃទី​ ២៥ ខែកុម្ភៈ​ថា មុនពេល​មាន​វិបត្តិ​នៃ​ការឆ្លង​រាលដាល​ជំងឺ​កូវីដ​១៩ ការធ្វើ​ពាណិជ្ជកម្ម​ទ្វេភាគី​កម្ពុជា និង​ឥណ្ឌា​បាន​កើនឡើង​ជា​បន្តបន្ទាប់ ដោយ​ឥណ្ឌា គឺជា​ទីផ្សារ​ដ៏មាន​សក្ដានុពល​មួយ​សម្រាប់​កម្ពុជា ព្រោះ​ឥណ្ឌា​ជា​ប្រទេស​ធំ មាន​ប្រជាជន​ច្រើន និង​មាន​កម្លាំង​ទិញ​សកម្ម​ខ្លាំង ហើយ​តម្រូវការ​ផលិតផល​របស់​ឥណ្ឌា​ក៏​ស្រប​នឹង​អ្វីដែល​កម្ពុជា​អាច​ផលិត​បាន​ផងដែរ​។

លោក​បន្តថា ភាគច្រើន​នៃ​ការដោះដូរ​ពាណិជ្ជកម្មរ​វាង​ប្រទេស​ទាំង​ ២ គឺជា​ទំនិញប្រើប្រាស់ ផលិតផល​កសិកម្ម ឧស្សាហកម្ម​ធុនស្រាល និង​សេវាកម្ម​បច្ចេកវិទ្យា​មួយចំនួន​។

លោក​បន្ថែមថា ជាមួយ​សក្តានុពល​ទាំងអស់​នេះ​បច្ចុប្បន្ន​កម្ពុជា​ក៏​បាននិង​កំពុង​ធ្វើការ​សិក្សា​វាយតម្លៃ​លទ្ធភាព​ជាក់ស្តែង​ក្នុង​ការរៀបចំ​ឱ្យមាន​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ទ្វេភាគី​ (FTA) ​ជាមួយ​ឥណ្ឌា​ផងដែរ​។ កិច្ចការ​នេះ​បាន​រៀបចំ​ធ្វើឡើង​ដោយមាន​កិច្ចសហការ​ជា​ដៃគូ​ជាមួយ​វិទ្យាស្ថាន​ស្រាវជ្រាវ​ឯករាជ្យ​ «ERIA»​។

លោក​ថ្លែងថា​៖ «​ជា​ក្តី​រំពឹងទុក ទំនាក់ទំនង​ដែល​កាន់តែ​ជិតស្និទ្ធ​នឹង​នាំមក​នូវ​ប្រយោជន៍​ទាំង​វិស័យ​ពាណិជ្ជកម្ម​ទំនិញ សេវាកម្ម និង​វិនិយោគ រួមទាំង​ការផ្លាស់ប្តូរ​ផ្នែក​បច្ចេកវិទ្យា​សម្រាប់​ប្រទេស​កម្ពុជា​»​។

យោងតាម​ក្រសួង​ការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ ពាណិជ្ជកម្ម​ទ្វេភាគី​កម្ពុជា-ឥណ្ឌា​បាន​កើន​ពី ២០៥ ​លាន​ដុល្លារ​ នៅក្នុង​ឆ្នាំ​ ២០១៨ ដល់​ចំនួន ២៥៥ ​លាន​ដុល្លារ​ ក្នុង​ឆ្នាំ​ ២០១៩​។

កាលពី​ថ្ងៃទី​ ១៨ ខែមករា ក្នុងជំនួប​ជាមួយ​លោកស្រី Devyani Uttamkhobragade ឯកអគ្គរដ្ឋទូត​ថ្មី​ឥណ្ឌា​ប្រចាំ​នៅ​កម្ពុជា លោក ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា​បានស្នើ​ឱ្យ​ឥណ្ឌា​ពិនិត្យ​លទ្ធភាព​ធ្វើ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ជាមួយ​នឹង​កម្ពុជា ដើម្បី​ពង្រីក​ការវិនិយោគ និង​ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំង​ ២​។

លោក​បន្តថា គន្លឹះ​ល្អ​មួយ​ដែល​នាំ​ដល់​ទំនាក់ទំនង​ល្អ​រវាង​ប្រទេស​ទាំង​ ២ ​គឺ​ការជំរុញ​ការវិនិយោគ និង​ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំង​ ២ ​ឱ្យ​កាន់តែ​ធំ តាមរយៈ​លទ្ធភាព​បង្កើត​កិច្ចព្រមព្រៀង​សហប្រតិបត្តិការ​ពាណិជ្ជកម្ម​សេរី​រវាង​ប្រទេស​ទាំង​ ២ ​ឱ្យ​បាន​ឆាប់​។

យោងតាម​លោក សុវិជាតិ បន្ទាប់ពី​ទទួលបាន FTA ជាមួយ​ចិន​កាលពី​ឆ្នាំ​ ២០២០ ក្នុង​ឆ្នាំ ​២០២១ នេះ​កម្ពុជា​រំពឹងថា​នឹង​សម្រេចបាន FTA ជាមួយ​ប្រទេស​កូរ៉េ​ខាង​ត្បូង​។ ក្រៅពីនោះ​កម្ពុជា​ក៏​បាននិង​កំពុង​ធ្វើការ​សិក្សា​ពី​លទ្ធភាព​ក្នុង​ការបង្កើត​នូវ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ជាមួយ​ប្រទេស​មួយចំនួន​ទៀត​ដូចជា ឥណ្ឌា អង់គ្លេស អាមេរិក ជប៉ុន និង​សហភាព​សេដ្ឋកិច្ច​អឺរ៉ុប-អាស៊ី (EAEU) ​ជាដើម​។

អនុប្រធាន​សភាពាណិជ្ជកម្ម​កម្ពុជា​លោក លឹម ហេង កាលពី​ខែមករា​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា ពាណិជ្ជកម្ម​ទ្វេភាគី​កម្ពុជា និង​ឥណ្ឌា​នៅ​មិនទាន់​ធំ​ទេ ហេតុនេះ​បើ​មាន​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ទ្វេភាគី វា​នឹង​ធ្វើឱ្យ​កម្ពុជា​ទទួលបាន​អត្ថប្រយោជន៍​ច្រើន ព្រោះ​ឥណ្ឌា​ជា​ប្រទេស​ធំ​មាន​ប្រជាជន​ច្រើន និង​មាន​បច្ចេកវិទ្យា​រីកចម្រើន​។

លោក​ថ្លែងថា​៖ «​នៅពេល​មាន FTA វា​នឹងមិន​ត្រឹមតែ​អាចធ្វើ​ឱ្យមាន​លំហូរ​ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំង ២ កើន​នោះទេ ប៉ុន្តែ​វា​ក៏​នឹង​ក្លាយជា​ឱកាស​សម្រាប់​កម្ពុជា​ក្នុង​ការទាក់ទាញ​វិនិយោគិន​បរទេស​ឱ្យ​ចូលមក​បណ្តាក់ទុន​នៅ​កម្ពុជា ដើម្បី​ផលិត​ផលិតផល​ដែលមាន​តម្រូវការ​ខ្ពស់​នៅ​ឥណ្ឌា​»​។

ការធ្វើ​ពាណិជ្ជកម្ម​អន្តរជាតិ​របស់​កម្ពុជា​ក្នុង​ឆ្នាំ​ ២០២០ មានតម្លៃ​សរុប ៣៥ ៨០៥,៨៥ ​លាន​ដុល្លារ កើនឡើង ២,៥២ ​ភាគរយ​ ធៀប​នឹង​ឆ្នាំ​ ២០១៩​។ នេះ​បើ​យោងតាម​ទិន្នន័យ​ពី​ក្រសួង​ពាណិជ្ជកម្ម​៕