ភ្នំពេញៈ ទំហំពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា និងចក្រភពអង់គ្លេសក្នុងរយៈពេល ១១ ខែ ឆ្នាំ ២០២០ នេះមានតម្លៃប្រមាណ ៨១៣ លានដុល្លារ ធ្លាក់ចុះជាង ១៧ ភាគរយបើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ ២០១៩ ខណៈការធ្លាក់ចុះនេះត្រូវគេដឹងថាបណ្តាលមកពីការឆ្លងរាលដាលជំងឺកូវីដ ១៩ ដែលបានអូសបន្លាយរយៈពេល ១ ឆ្នាំកន្លងមកនេះ។
ទិន្នន័យក្រសួងពាណិជ្ជកម្មបង្ហាញថា ក្នុងរយៈពេល ១១ ខែ ឆ្នាំ ២០២០ នេះ ការធ្វើពាណិជ្ជកម្មទ្វេភាគីកម្ពុជា និងអង់គ្លេសមានតម្លៃសរុប ៨១៣,២ លានដុល្លារ ធ្លាក់ចុះ ១៧,៦១ ភាគរយបើធៀបនឹងរយៈពេលដូចគ្នាឆ្នាំ ២០១៩ ដែលមានចំនួន ៩៨៧ លានដុល្លារ។ សម្រាប់រយៈពេល ១១ ខែ ឆ្នាំ ២០២០ នេះការនាំចេញរបស់កម្ពុជាមានតម្លៃ ៧៦៦,៧ លានដុល្លារ និងការនាំចូលពីអង់គ្លេសមានតម្លៃជាង ៤៦,៤ លានដុល្លារ។
កាលពីឆ្នាំ ២០១៩ ពាណិជ្ជកម្មទ្វេភាគីរវាងប្រទេសទាំង ២ មានតម្លៃ ១ ០៥៧ លានដុល្លារដោយការនាំចេញរបស់កម្ពុជាទៅអង់គ្លេសមានតម្លៃជាង ៩៧៧ លានដុល្លារ និងអង់គ្លេសនាំមកកម្ពុជាមានតម្លៃជិត ៨០ លានដុល្លារ។ ភាគច្រើនទំនិញដែលកម្ពុជានាំទៅអង់គ្លេសមានដូចជា សម្លៀកបំពាក់ ស្បែកជើង កង់ អង្ករ និងផលិតផលកសិកម្ម។ ចំណែកផលិតផលដែលអង់គ្លេសនាំមកកម្ពុជា មានដូចជា រថយន្ត និងគ្រឿងចក្រជាដើម។
លោក លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជាបានប្រាប់ ភ្នំពេញ ប៉ុស្តិ៍ កាលពីថ្ងៃចន្ទថា ការរីករាលដាលជំងឺកូវីដ ១៩ បានធ្វើឱ្យការធ្វើពាណិជ្ជកម្មជាលក្ខណៈអន្តរជាតិធ្លាក់ចុះស្ទើរគ្រប់វិស័យលើកលែងតែវិស័យម្ហូបអាហារ និងកសិកម្ម។ ហេតុនេះកម្ពុជាដែលនាំចេញផលិតផលភាគច្រើនដូចជាសម្លៀកបំពាក់ សម្ភារធ្វើដំណើរ និងផលិតផលវាយនភណ្ឌទៅអង់គ្លេសនោះ ការធ្លាក់ចុះប្រាកដជាកើតមាន។ លោកបន្តថា ទោះយ៉ាងណាការនាំចេញរបស់កម្ពុជាទៅអង់គ្លេសមិនបានធ្លាក់ចុះជាគំហុកទេ។
លោកបន្ថែមថា៖ «ការធ្លាក់ចុះទំហំពាណិជ្ជកម្មបន្តិចបន្តួចនៅពេលនេះវាមិនមែនជារឿងចម្លែកទេ ព្រោះការធ្វើពាណិជ្ជកម្មនៅគ្រប់ប្រទេសលើពិភពលោកសុទ្ធតែបែបនេះ»។ លោកបន្តថា៖ «ប្រទេសដែលមិនមានផលប៉ះពាល់នៃការធ្វើពាណិជ្ជកម្មជាអន្តរជាតិនៅក្នុងអំឡុងពេលនេះ គឺមានតែប្រទេសនាំចេញផលិតផលម្ហូបអាហារ និងកសិកម្មប៉ុណ្ណោះ»។
ខណៈកាលពីសប្តាហ៍មុននៅក្នុងជំនួបជាមួយលោក ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ លោកស្រី Tina Redshaw ឯកអគ្គរាជទូតចក្រភពអង់គ្លេស និងអៀរឡង់ខាងជើង ប្រចាំកម្ពុជាបាននិយាយថា ចាប់ពីថ្ងៃទី ០១ ខែ មករា ឆ្នាំ ២០២១ ចក្រភពអង់គ្លេសនឹងអនុវត្តនូវគោលនយោបាយពាណិជ្ជកម្មឯករាជ្យដោយខ្លួនឯង ដោយនឹងមិនបន្តអនុវត្តការព្យួរមួយផ្នែកនៃប្រព័ន្ធអនុគ្រោះពន្ធរបស់សហភាពអឺរ៉ុបក្នុងក្របខ័ណ្ឌប្រព័ន្ធអនុគ្រោះពន្ធលើគ្រប់មុខទំនិញទាំងអស់លើកលែងតែសព្វាវុធ EBA ពីកម្ពុជានោះលោក ហេង បាននិយាយថា ការនាំចេញទំនិញពីកម្ពុជាទៅប្រទេសអង់គ្លេសនឹងកើនឡើងច្រើននៅឆ្នាំក្រោយ។
លោកបញ្ជាក់ថា៖ «នេះជាសញ្ញាល្អមួយសម្រាប់ទីផ្សារនាំចេញកម្ពុជា ព្រោះតាមរយៈប្រទេសអង់គ្លេសផលិតផលមួយចំនួនដែលយើងធ្លាប់នាំទៅទីផ្សារសហគមន៍អឺរ៉ុបអាចបែរទិសដៅទៅកាន់ប្រទេសអង់គ្លេសសិនមុននឹងមានការចែកចាយបន្តទៅកាន់ទីផ្សារសហគមន៍អឺរ៉ុប»។
លោក ស៊ាង ថៃ អ្នកនាំពាក្យក្រសួងពាណិជ្ជកម្មបាននិយាយថា ហេតុផលចម្បងដែលធ្វើឱ្យធ្លាក់ចុះទំហំពាណិជ្ជកម្មទ្វេភាគីនៅពេលនេះគឺដោយសារបញ្ហាជំងឺកូវីដ ១៩ ដែលធ្វើឱ្យការនាំចេញ នាំចូល និងការដឹកជញ្ជូនជួបការលំបាក ខណៈសេដ្ឋកិច្ចពិភពលោកក៏ធ្លាក់ចុះដូចគ្នា។ លោកបានថ្លែងថា៖ «ការធ្លាក់ចុះនៃសេដ្ឋកិច្ចពិភពលោកធ្វើឱ្យកម្លាំងទិញក៏មានការថមថយ ដែលជះឥទ្ធិពលដល់ការនាំចេញរបស់យើង»។
ទាក់ទងនឹងការមិនអនុវត្តការព្យួរផ្នែកខ្លះនៃប្រព័ន្ធអនុគ្រោះ EBA របស់អង់គ្លេសលោកប្រាប់ថា នឹងផ្ដល់ផលវិជ្ជមានច្រើនដូចជា បង្ហាញពីទំនាក់ទំនងកិច្ចសហប្រតិបត្តិការល្អលើគ្រប់វិស័យរវាងកម្ពុជា និងអង់គ្លេស និង ផលប្រយោជន៍សេដ្ឋកិច្ច ដោយការនាំចេញរបស់កម្ពុជានឹងនៅតែទទួលបានភាពអនុគ្រោះ។ លោកបានអះអាងថា៖ «តាមការគណនា កម្ពុជានឹងចំណេញពីការមិនបង់ពន្ធប្រមាណ ៣០ លានដុល្លារក្នុង ១ ឆ្នាំ»។
ក្រោយពីសម្រេចបានកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយចិន បច្ចុប្បន្នកម្ពុជាកំពុងចរចា FTA ជាមួយប្រទេសមួយចំនួនទៀតដូចជា កូរ៉េខាងត្បូង អង់គ្លេស អាមេរិក ម៉ុងហ្គោលី ជប៉ុន ឥណ្ឌា និងសហភាពសេដ្ឋកិច្ចអឺរ៉ាស៊ាន (EAEU)៕ LA