ភ្នំពេញៈ​ ទំហំ​ពាណិជ្ជកម្ម​ទ្វេភាគី​រវាង​ប្រទេស​ កម្ពុជា ​និង​អាមេរិក ​នៅ​ឆ្នាំ ​២០១៨ ​បាន​កើន​ឡើង ​២៧ ​ភាគរយ​រហូត​ដល់​ជាង​ ៣​ ពាន់​លាន​ដុល្លារ​។ ​នេះ​បើ​យោង​តាម​រដ្ឋមន្ត្រី​ក្រសួង​​ពាណិជ្ជកម្ម​កម្ពុជា​បាន​ឲ្យ​ដឹង​កាល​​ពី​ថ្ងៃ​ចន្ទ​។

លោក​ ប៉ាន ​សូរស័ក្តិ ​រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្ម​បាន​ឲ្យ​ដឹង​ថា ​ពាណិជ្ជកម្ម​ទ្វេភាគី​រវាង​ កម្ពុជា និង​អាមេរិក ​កាល​ពី​ឆ្នាំ ​២០១៨​ បាន​កើន​ឡើង​​ចំនួន​ប្រមាណ ​៧០០ ​លាន​ដុល្លារ​​​​ដល់ ៣,៣១ ​ពាន់​លាន​ដុល្លារ ​បើ​ធៀប​នឹង​​ជាង ​២,៦១ ​ពាន់​លាន​ដុល្លារ​កាល​ពី​ឆ្នាំ ​២០១៧​។

លោក ​ប៉ាន ​សូរ​ស័ក្តិ ​បាន​ឲ្យ​ដឹង​ក្នុង​កិច្ច​ប្រជុំ​ក្រុម​ប្រឹក្សា​ចម្រុះ​​លើក​ទី ៥ ស្តីពី​កិច្ច​ព្រមព្រៀង​ក្រប​ខ័ណ្ឌ​វិនិយោគ​និង​ពាណិជ្ជកម្ម ​រវាង​រដ្ឋាភិបាល​កម្ពុជា និង​រដ្ឋាភិបាល​អាមេរិក ​កាល​ពី​ថ្ងៃ​ទី ​២៨ ​ខែ​មករា ​ថា ​អាមេរិក​គឺ​ជា​ទីផ្សារ​ធំ​ទី​ ២ របស់​កម្ពុជា ​ដោយ​កាល​ពី​ឆ្នាំ ​២០១​៨ ​នៅ​ក្នុង​ទំហំ​ពាណិជ្ជកម្ម​ទ្វេភាគី​នេះ ​ការ​នាំចេញ​របស់​កម្ពុជា​ទៅ​អាមេរិក​មាន​​តម្លៃ ​២,៨៨ ​ពាន់​​លាន​ដុល្លារ​ ខណៈ​ការ​នាំចូល​របស់​កម្ពុជា​ពី​អាមេរិក​​មាន​​តម្លៃ ​៤២៦ ​លាន​ដុល្លារ​។

លោក​បន្ត​ថា​ ការ​ទទួល​បាន​ប្រព័ន្ធ​អនុគ្រោះ ​GSP​ ពី​អាមេរិក​សម្រាប់​ទំនិញ​ទាក់ទង​នឹង​ការ​ធ្វើ​ដំណើរ​បាន​ចូល​រួម​ចំណែក​​យ៉ាង​ច្រើន​នៅ​ក្នុង​ការ​ជួយ​ឲ្យ​ទំហំ​វិនិយោគ​រវាង​ប្រទេស​ទាំង ​២ ​កើន​ឡើង​ជា​លំដាប់​។

យោង​តាម​ក្រសួង​ពាណិជ្ជកម្ម ​កាល​ពី​ឆ្នាំ ​២០១៨ ​ការ​នាំចេញ​សរុប​​របស់​កម្ពុជា​ទៅ​ទីផ្សារ​អន្តរជាតិ​មាន​ទឹក​ប្រាក់​ជាង​ ​១២,១ ពាន់​លាន​​ដុល្លារ​កើន​ឡើង ​១០ ​ភាគរយ​បើ​ធៀប​នឹង​ឆ្នាំ ២០១៧​។​ ក្រសួង​នេះ​ព្យាករ​ថា​ ការ​នាំចេញ​របស់​​កម្ពុជា​អាច​នឹង​កើន​ឡើង​ដល់ ១៣ ​ពាន់​លាន​​ដុល្លារ​ក្នុង​ឆ្នាំ ​២០១៩​ នេះ។ ទោះបី​យ៉ាង​នេះ​ក្តី​​​តាម​​របាយ​ការណ៍​របស់​ធនាគារ​​ជាតិ​នៃ​កម្ពុជា កម្ពុជា​បាន​នាំចេញ​សរុប​បាន​ជាង ​១​៣​ ពាន់​លាន​​ដុល្លារ​រួច​ទៅ​ហើយ​កាល​ពី​ឆ្នាំ​ ​២០១៨​៕​ LA