អានហួយ,​ចិនៈ ពាណិជ្ជ​កម្ម​ទ្វេរ​ភាគី​រវាង​ខេត្ត​ អានហួយ (Anhui) ​របស់​ប្រទេស​ចិន ​និង​បណ្តា​ប្រទេស​ដែល​ជា​សមា​ជិក​អាស៊ាន​ទាំង​ ១០ ​ក្នុង​រយៈ​ពេល ​៤ ​ខែ​ដំបូង​ក្នុង​ឆ្នាំ​នេះ ​បាន​កើន​ឡើង​ដល់ ​២,០៥ ​ពាន់​លាន​ដុល្លារ​អាមេរិក ​ដែល​មាន​កំណើន ​២៤,៤​ ភាគ​រយ​ធៀប​នឹង​រយៈពេល​ដូច​គ្នា​កាល​ពី​ឆ្នាំ​មុន​។​ នេះ​បើ​យោង​តាម​តួលេខ​ពី​ការិយា​ល័យ​ព័ត៌​មាន​របស់​រដ្ឋាភិ​បាល​ខេត្ត អានហួយ​។

ថ្លែង​ក្នុង​ព្រឹត្តិការណ៍​ 2018 ​ASEAN ​10 ​Nations ​Mainstream ​Media ​and ​Central ​Leading ​Oversea-​targeted​ Media ​នៅ​ទី​ក្រុង ​Hefei ​ក្នុង​ខេត្ត ​អានហួយ កាល​ពី​ថ្ងៃ​អាទិត្យ ដែល​មាន​ការ​ចូល​រួម​ពី​អ្នក​កាសែត​ជាង ៤០ នាក់​មក​ពី​បណ្តា​ប្រទេស​អាស៊ាន និង​សារព័ត៌មាន​ចិន ​លោក ​Zheng ​Mingwu ​នាយក​ការិយា​ល័យ​ព័ត៌​មាន​របស់​រដ្ឋាភិ​បាល​​ខេត្ត អានហួយ ​បាន​ឲ្យ​ដឹង​ថា​ បច្ចុប្បន្ន​​និន្នាការ​កំណើន​នេះ​កំពុង​ឆ្ពោះ​ទៅ​រក​កំណើន​កាន់​តែ​​ប្រសើរ​។​​

លោក​​បាន​មានប្រសសាន៍​​ថា៖ ​«ជាមួយ​នឹង​​ការ​អនុវត្ត​យ៉ាង​សកម្មនូវ​​គំនិត​​ផ្តួច​ផ្តើម​ខ្សែ​ក្រវ៉ាត់ ​និង​ផ្លូវ ​ទំនាក់​ទំនង​រវាង​ខេត្ត​ អានហួយ ​និង​ប្រទេស​ជា​​សមាជិក​អាស៊ាន ​បាន​ក្លាយ​ជា​ប្រយោជន៍​ទៅ​វិញ​ទៅ​មក​កាន់​តែ​ខ្លាំង​។​

យោង​តាម​ទិន្ន​ន័យ​ ពាណិជ្ជ​កម្ម​ទ្វេរ​ភាគី​រវាង​អាស៊ាន ​និង ​ខេត្ត ​អានហួយ នៅ​ឆ្នាំ ២០១៧ ​​បាន​កើន​ឡើង ​​១៧,៧ ភាគ​រយ ដល់ ​៥,៩៥​ ពាន់​លាន​ដុល្លារ ​ធៀបនឹង​ឆ្នាំ ​២០១៦​។

របាយ​ការណ៍​បង្ហាញ​ថា មាន​សហ​គ្រាស​មក​ពី​ខេត្ត ​អានហួយ ​ចំនួន​ ​៩១ ក្រុម​ហ៊ុន​បាន​និង​កំពុង​ប្រតិ​បត្តិការ​តាម​ប្រទេស​ជា​សមា​ជិក​អាស៊ាន​ទាំង ​១០​ ដោយ​មាន​ទំហំ​វិនិ​យោគ​ចំនួន ​៣៩០ ​លាន​ដុល្លារ​អាមេរិក​ត្រឹម​ចុង​ឆ្នាំ ​២០១៧​។

យោង​តាម​ទិន្ន​ន័យ​ដដែល​នេះ ​ការ​វិនិ​យោគ​ផ្ទាល់ពី​បរទេស​មកពី​តំបន់​អាស៊ាន​ក្នុង​ខេត្ត ​អានហួយ ​មាន​ទំហំ ​៧២០​ លាន​ដុល្លារ​អាមេរិ​ក​ក្នុង​ឆ្នាំ ​២០១៧ ​កើន​ឡើង ​៧,៥​ ភាគ​រយ​ធៀប​នឹង​ឆ្នាំ ​២០១៦​។

ក្រៅពី​វិស័យ​ពាណិជ្ជ​កម្ម ​និង​វិនិ​យោគ​ វិស័យ​ទេសចរណ៍​ក៏ដើរ​តួនាទី​សំខាន់​​ក្នុង​ការ​លើក​កម្ពស់​ទំនាក់​ទំនង​រវាង​ខេត្ត អានហួយ ​និង​តំបន់​អាស៊ាន ក៏​ដូចជា​ប្រទេស​ចិន ​និង​តំបន់​អាស៊ាន​ផង​ដែរ​។​

ភ្ញៀវ​ទេសចរ​ ជាង ៤៣ ​ម៉ឺន​នាក់ ​មក​ពី​បណ្តា​ប្រទេស​ក្នុង​តំបន់ ​អាស៊ាន ​បាន​មក​ទស្សនា​ខេត្ត ​អានហួយក្នុង​ឆ្នាំ​ ២០១៧ ​កើន​ឡើង ​២៤​ ភាគ​រយ។ ចំនួន​ភ្ញៀវ​ទេស​ចរណ៍​ទៅ​វិញ​ទៅ​មក​ជិត​រវាង​ចិន​ និង​អាស៊ាន​ បាន​កើន​ដល់ ​៥០​ លាន​នាក់​កាល​ពី​ឆ្នាំ​មុន​។​

លោក​ Vithit Powattanasuk នា​យក​នៃ​មជ្ឈ​មណ្ឌល​ព័ត៌​មាន ​និង​ទំនាក់​ទំនង​សាធារណៈ​នៃ​មជ្ឈមណ្ឌល​​អាស៊ាន-​ចិន ​ដែល​ជា​​អង្គការ​អន្តរ​រដ្ឋាភិបាល​​ ដែល​ត្រូវ​បាន​បង្កើត​ឡើង​រួម​គ្នា​ដោយ​ប្រទេស​ជា​សមាជិក​អាស៊ាន ​និង​ប្រទេស​ចិន ​បាន​ឲ្យ​ដឹង​ថា ​ជា​មួយ​នឹង​​ទំនាក់​ទំនង​​ពិសេស​នៃ​ទីតាំង​ភូមិសាស្ត្រ​ជិត​គ្នា​ និង​ភាព​ទាក់​ទាញ​ផ្នែក​វប្បធម៌ ​តំបន់​អាស៊ាន ​និង​ប្រទេស​ចិន ​គឺជា​ប្រទេស​ជិត​ខាង​​ល្អ​ និង​ជា​ដៃគូ​ដ៏ល្អ។

លោក ​Powattanasuk ​បាន​មាន​ប្រសាសន៍​​ថា ​ពាណិជ្ជ​កម្ម​ទ្វេរ​ភាគី​ អាស៊ាន​-ចិន ​សរុប​ក្នុង​ឆ្នាំ ​២០១៧ ​បាន​កើន​ឡើង​ដល់ ​៥១៤,៨​ ពាន់​​លាន​ដុល្លារ​អាមេរិក ​ហើយ​ការ​វិនិ​យោគ​ផ្ទាល់​ទ្វេរ​ភាគី ​បាន​កើន​ឡើង​ដល់ ​២០០ ​ពាន់​លាន​ដុល្លារ​អាមេរិក​។

តំបន់​អាស៊ាន ​គឺ​ជា​ដៃគូ​ពាណិជ្ជ​កម្ម​ធំ​ជាង​គេ​ទី​បី​​របស់​ប្រទេស​ចិន​៕ ​BP