ភ្នំពេញៈ អ្នក​នាំពាក្យ​ក្រសួង​ពាណិជ្ជកម្ម​កម្ពុជា​បាន​បញ្ជាក់​កាល​ពី​ម្សិលមិញ​ថា ពាណិជ្ជកម្ម​​ទ្វេភាគី​រវាង​កម្ពុជា​ និង​ចក្រភព​អង់គ្លេស នឹង​នៅ​បន្ត​រឹងមាំ បើ​​ទោះ​បី​ជា​អង់គ្លេស​នឹង​ត្រូវ​​ចាក​​ចេញ​ពី​សហភាព​អឺរ៉ុប​ក៏​ដោយ​ ស្រប​ពេល​ពាណិជ្ជកម្ម​ទ្វេភាគី​ប្រទេស​ទំាង ២ ​បាន​កើន​​លើស ១ ​ពាន់​លាន​ដុល្លារ​រួច​​ទៅ​ហើយ​កាល​ពី​ឆ្នាំ​មុន។

សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​ក្រសួង​​ពាណិជ្ជកម្ម (MoC) បង្ហាញ​កាល​ពី​ល្ងាច​ថ្ងៃ​អង្គារ​ថា​ បន្ទាប់​ពី​​កិច្ច​ប្រជុំ​រវាង​ក្រុម​គណៈ​ប្រតិភូ​ចក្រភព​អង់គ្លេស និង​លោក ​កឹម ​ស៊ីថន​ រដ្ឋមន្ដ្រី​ស្ដីទី​ក្រសួង​​ពាណិជ្ជកម្ម ពាណិជ្ជកម្ម​ទ្វេភាគី​រវាង​​កម្ពុជា និង​ចក្រភព​អង់គ្លេស​ បាន​កើន​ឡើង​​ដល់​ជាង ​១ ​ពាន់​លាន ដុល្លារ​​កាល​​ពី​ឆ្នាំ​មុន កើន​ឡើង​ពី ​៥០០ ​លាន​ដុល្លារ​កាល​ពី​ឆ្នាំ ​២០១២។​

លោក​ ស៊ាង​ ថៃ អ្នក​នាំពាក្យ​ MoC បាន​ឲ្យ​ដឹង​​កាល​ពី​ម្សិលមិញ​ថា ចក្រភព​​អង់គ្លេស​ គឺ​ជា​ទីផ្សារ​នាំចេញ​ដ៏​សំខាន់​របស់​ប្រទេស ​កម្ពុជា ​ក្នុង​ការ​បង្កើន​ការ​នាំចេញ​របស់​​កម្ពុជា​។ ខណៈ​​មិន​ទាន់​មាន​ការ​បញ្ជាក់​ជា​ផ្លូវ​ការ​នៅ​ឡើយ​ថា អង់គ្លេស​នឹង​នៅ​តែ​​ផ្ដល់​សិទ្ធិ​អនុគ្រោះ​ពាណិជ្ជកម្ម​ដល់​​កម្ពុជា ​បន្ទាប់​ពី​ Brexit របស់​ខ្លួន​ លោក ថៃ ​បាន​ឲ្យ​ដឹង​ថា ​ក្រសួង​មាន​ការ​ជឿជាក់​ដ៏​រឹងមាំ​​ថា ពាណិជ្ជកម្ម​​នឹង​កើន​​ឡើង​យ៉ាង​រឹងមាំ​ ខណៈ​រដ្ឋាភិបាល​កម្ពុជា​បាន​បង្កើត​ទំនាក់ទំនង​ល្អ​ជាមួយ​ចក្រភព​អង់គ្លេស​ទាំង​​នយោបាយ ​និង​សេដ្ឋកិច្ច​។​​

លោក​ថ្លែង​ថា៖ «​យើង​នឹង​ព្យាយាម​ក្នុង​ការ​ចរចា​ ហើយ​យើង​ជឿជាក់​ថា ចក្រភព​អង់គ្លេស​​...នឹង​អាច​ផ្ដល់​សិទ្ធិ​អនុគ្រោះ​ពាណិជ្ជកម្ម​ដល់​ពួក​យើង​»​។ លោក​បន្ត​ថា​៖ «​យើង​ជឿជាក់​ថា ពាណិជ្ជកម្ម​​ទ្វេភាគី​រវាង​​ប្រទេស ​កម្ពុជា និង​ចក្រភព​អង់គ្លេស​ នឹង​នៅ​តែ​មាន​កំណើន​រឹងមាំ​»។

ប្រទេស ​កម្ពុជា ​តែងតែ​មាន​អតិរេក​ពាណិជ្ជកម្ម​ ជាមួយ​ចក្រភព​អង់គ្លេស ​ខណៈ​​​តម្លៃ​ការ​នាំចេញ​​ពី​​ប្រទេស ​កម្ពុជា ​​​មាន​ចំនួន​ជាង ​៧០ ​ភាគរយ​នៃ​ពាណិជ្ជកម្ម​សរុប​ជាមួយ​អង់គ្លេស​​។ វាយនភណ្ឌ​ និង​កង់​តំណាង​​ឲ្យ​ផលិតផល​​​ក្នុង​ស្រុក​ជា​ច្រើន​ ដែល​បាន​នាំចេញ​​ទៅ​ចក្រភព​អង់គ្លេស​ ខណៈ​ចក្រភព​​អង់គ្លេស​នាំចេញ​មក​កម្ពុជា ​គឺ​​រួម​មាន​រថយន្ត ​និង​ឱសថ​មួយ​ចំនួន​។​

សហភាព​អឺរ៉ុប ​បច្ចុប្បន្ន គឺ​ជា​ដៃគូ​ពាណិជ្ជកម្ម​ឈាន​មុខ​គេ​មួយ​របស់​ប្រទេស ​កម្ពុជា​ បន្ទាប់​ពី​អាមេរិក​។ ស្ថិត​ក្រោម​​កិច្ច​ព្រមព្រៀង «​អ្វីៗ​គ្រប់​យ៉ាង​លើកលែង​តែ​អាវុធ​ ​(EBA)» សម្រាប់​បណ្ដា​ប្រទេស​មាន​ការ​អភិវឌ្ឍ​តិច​ ប្រទេស ​កម្ពុជា ​នាំចេញ​ទៅ​ EU ដោយ​ទទួល​បាន​ការ​អនុគ្រោះ​ពន្ធ​។ នៅ​ក្នុង​អាស៊ី​អាគ្នេយ៍ ​បច្ចុប្បន្ន​មាន​ប្រទេស ​៤ ​ដែល​ទទួល​បាន​ឋានៈ​ EBA​ គឺ​ កម្ពុជា ​ឡាវ ​មីយ៉ាន់ម៉ា ​និង​ទីម័រ​ខាង​កើត​។​

ការ​នាំចេញ​របស់​កម្ពុជា​ទៅ​ទីផ្សារ​សហភាព​អឺរ៉ុប (EU) ​អាច​នឹង​ខាត​បង់​​​ជា​ទឹក​ប្រាក់​ចន្លោះ​ពី ៥១៣ ​លាន​ ទៅ​ ៦៥៤ ​លាន​ដុល្លារ​ក្នុង ​១ ​ឆ្នាំ ​ប្រសិន​បើ​ EU សម្រេច​ដក​ប្រព័ន្ធ​អនុគ្រោះ​​ពន្ធ​ពី​កម្ពុជា​។ នេះ​​បើ​យោង​តាម​ការ​​ប៉ាន់​ស្មាន​របស់​ធនាគារ​ពិភព​លោក ​ក្នុង​របាយការណ៍​ថ្មី​មួយ​ចេញ​ផ្សាយ​កាល​ពី​ថ្ងៃ​ចន្ទ។

ការ​ប៉ាន់​ស្មាន​នេះ​គឺ​ពឹង​ផ្អែក​​លើ​ទឹក​ប្រាក់​នៃ​ការ​នាំចេញ​ទំនិញ ​៣ មុខ​សំខាន់​របស់​កម្ពុជា​ទីផ្សារ​អឺរ៉ុប​កាល​ពី​ឆ្នាំ​មុន ដោយ​​រួម​មាន​សម្លៀក​បំពាក់ ស្បែក​​ជើង ​និង​អង្ករ។

របាយការណ៍​មួយ​ដោយ​វិទ្យាស្ថាន​អភិវឌ្ឍន៍​អាល្លឺម៉ង់ ​(DIE) ដែល​បាន​ចេញ​ផ្សាយ​កាល​ពី​ដើម​ឆ្នាំ​នេះ បាន​រក​ឃើញ​ថា ​ការ​ចាក​ចេញ​របស់​ចក្រភព​អង់គ្លេស​​ពី​សហភាព​អឺរ៉ុប​ អាច​​មាន​ផល​ប៉ះពាល់​អវិជ្ជមាន​​លើ​ប្រទេស​ កម្ពុជា​ និង​បណ្ដា​ប្រទេស​ផ្សេង​ទៀត​នៅ​អាស៊ី​អាគ្នេយ៍​៕​LA​