
ភ្នំពេញៈ ពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា និងកូរ៉េខាងត្បូងមានជាង១ពាន់លានដុល្លារកាលពីឆ្នាំទៅ។ នេះបើតាមមន្ត្រីរដ្ឋាភិបាលកម្ពុជា។
លោក កុយ គួង អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជាបានថ្លែងទៅកាន់អ្នកសារព័ត៌មានបន្ទាប់ពីការចុះហត្ថលេខាលើកម្ចី២០០លានដុល្លារពីកូរ៉េខាងត្បូងកាលពីថ្ងៃពុធសម្រាប់គម្រោងស្ដារហេដ្ឋារចនាសម្ព័ន្ធរវាងលោក ហោ ណាំហុង រដ្ឋមន្រ្តីក្រសួងការបរទេស និងលោក Kim Hansoo ឯកអគ្គរដ្ឋទូតកូរ៉េខាងត្បូងថា ការផ្លាស់ប្តូរទំហំពាណិជ្ជកម្មកាលពីឆ្នាំមុនគឺមានជាង១ពាន់លានដុល្លារ។
យោងតាមទិន្នន័យផ្លូវការបានពីភ្នាក់ងារលើកកម្ពស់ការវិនិយោគពាណិជ្ជកម្មកូរ៉េ(KOTRA) ពាណិជ្ជកម្មទ្វេភាគីសរុបរវាងប្រទេសទាំងពីរមានតម្លៃ៥៣៨លានដុល្លារអាមេរិកនៅឆ្នាំ២០១១។
លោក កុយ គួង បានលើកឡើងថា៖ «ទាក់ទងនឹងពាណិជ្ជកម្ម ភ្ញៀវទេសចរមកពីកូរ៉េឈរចំណាត់ថ្នាក់លេខ២ ហើយការវិនិយោគកាលពីឆ្នាំទៅគឺប្រហែល២៨៦លានដុល្លារ»។
លោកបានបន្តថា កម្ពុជាបាននាំចូលពីកូរ៉េរហូតដល់ជាង៩០០លានដុល្លារខណៈការនាំចេញពីកម្ពុជាទៅកូរ៉េមានជាង៧០លានដុល្លារកាលពីឆ្នាំ២០១២។
ប្រធានសភាពាណិជ្ជកម្មកូរ៉េនៅកម្ពុជា(KOCHAM)បាន ប្រាប់ភ្នំពេញ ប៉ុស្ដិ៍លើកមុនថា ការកើនឡើងយ៉ាងរហ័សនៃពាណិជ្ជកម្មរវាងប្រទេសទាំងពីរនៅប៉ុន្មានឆ្នាំថ្មីៗនេះ បានជំរុញឲ្យកម្ពុជាធ្វើពិពិធកម្មលើផលិតផលនាំចេញទៅកូរ៉េ។លោកបានបញ្ជាក់ថា៖ «ខ្ញុំបានដឹងថា ពាណិជ្ជកម្មទ្វេភាគីកំពុងកើនឡើងជារៀងរាល់ឆ្នាំ។
បច្ចុប្បន្នពាណិជ្ជករកូរ៉េជាច្រើនចូលមកកម្ពុជាដើម្បីស្វែងរកឱកាសកាន់តែច្រើនមិនគ្រាន់តែឧស្សាហកម្មកាត់ដេរប៉ុណ្ណោះទេប៉ុន្តែថែមទាំងវិស័យកសិកម្ម និងវិស័យសំណង់ផងដែរ»។
កម្ចី ២០០លានដុល្លាររបស់មូលនិធិសហប្រតិបត្តិការសេដ្ឋកិច្ច(EDCF) នេះនឹងជួយកម្ពុជាក្នុងការត្រួសត្រាយផ្លូវសម្រាប់ការអភិវឌ្ឍ ផ្លូវថ្នល់តាមជនបទព្រមទាំងហេដ្ឋារចនាសម្ព័ន្ធ។
កូរ៉េខាងត្បូងដែលបានភ្ជាប់ទំនាក់ទំនងការទូតឡើងវិញជាមួយកម្ពុជាកាលពីឆ្នាំ១៩៩៦ បាននិយាយថា រដ្ឋាភិបាលរបស់ខ្លួនរហូតមកដល់នេះបានសន្យាផ្ដល់កម្ចីសម្បទានចំនួន៣៧៨លានដុល្លារទៅដល់១៣គម្រោងរបស់ EDCF និងបានផ្ដល់ជំនួយឥតសំណង១០៥លានដុល្លារតាមរយៈគម្រោងចំនួន ៣៨៕ PB