
សកម្មភាពនៃការដឹកទំនិញពីវៀតណាមចូលមកកម្ពុជាតាមច្រកអន្តរជាតិបាវិតនាពេលកន្លងមក។ ហេង ជីវ័ន
ភ្នំពេញៈ ពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា និងវៀតណាមបានកើនឡើងជិត ៣០ ភាគរយកាលពីឆ្នាំមុន បើធៀបនឹងឆ្នាំ ២០១៦។ នេះបើយោងតាមការចុះផ្សាយដោយសារព័ត៌មានរដ្ឋរបស់វៀតណាម ខណៈទិន្នន័យពីរដ្ឋាភិបាលកម្ពុជានៅមិនទាន់មាននៅឡើយ សូម្បីតែទិន្នន័យឆមាសទី ១ ។
ទិន្នន័យពីអគ្គនាយកដ្ឋានពន្ធគយវៀតណាមបានបង្ហាញថាពាណិជ្ជកម្មរវាងប្រទេសកម្ពុជា និងវៀតណាមកាលពីឆ្នាំ ២០១៧ សម្រេចបាន ៣,៨ ពាន់លានដុល្លារ កើនឡើង ២៩,៧ ភាគរយធៀបនឹងឆ្នាំ ២០១៦។ នេះបើតាមសេចក្តីរាយការណ៍។
របាយការណ៍បង្ហាញថាក្នុងចំណោមការនាំចេញសរុប វៀតណាមបាននាំចូលមកកម្ពុជាមានតម្លៃ ២,៧៧ ពាន់លានដុល្លារ កើនឡើង ២៦ ភាគរយធៀបនឹងឆ្នាំ ២០១៦ ខណៈការនាំចេញរបស់កម្ពុជាទៅវៀតណាមមាន ១ ពាន់លានដុល្លារកើនឡើង ៤០ ភាគរយ។
លោក សៀង ថាយ អ្នកនាំពាក្យក្រសួងពាណិជ្ជកម្មកម្ពុជាបានប្រាប់ភ្នំពេញ ប៉ុស្តិ៍កាលពីថ្ងៃចន្ទថាទិន្នន័យពាណិជ្ជកម្មកម្ពុជាជាមួយបណ្ដាប្រទេសផ្សេងទៀតស្ថិតក្រោមការងាររបស់អគ្គនាយកដ្ឋានគយ និងរដ្ឋាកររបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។
លោក ថាយ បន្តថាមកដល់ពេលនេះក្រសួងពាណិជ្ជកម្មទើបតែទទួលបានទិន្នន័យពាណិជ្ជកម្មរយៈពេល ៣ ខែដំបូងនៃឆ្នាំ ២០១៧ ប៉ុណ្ណោះ។
អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជាមិនបានតែងតាំងនរណាម្នាក់ធ្វើជាអ្នកនាំពាក្យនោះទេ។ លោក គុន ញឹម អគ្គនាយកនៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករមិនអាចទាក់ទងសុំការអត្ថាធិប្បាយបានទេកាលពីម្សិលមិញ។
យោងតាមទិន្នន័យរបស់រដ្ឋាភិបាលវៀតណាម ទំនិញសំខាន់ៗរបស់វៀតណាមចូលមកកម្ពុជាកាលពីឆ្នាំទៅមានផលិតផលដែកថែប និងដែកដែលមាន ៥២១ លានដុល្លារកើនឡើង ៦៩,៧ ភាគរយ និងប្រេងឥន្ធនៈ ដែលមានតម្លៃ ៣៧៥ លានដុល្លារកើនឡើង ៣០ ភាគរយ ជី សម្លៀកបំពាក់ គ្រឿងម៉ាស៊ីន និងផលិតផលប្លាស្ទិក។ ទំនិញសំខាន់ៗរបស់កម្ពុជាដែលនាំចេញទៅវៀតណាម ភាគច្រើនជាឈើហុប ផលិតផលធ្វើពីឈើដែលមានតម្លៃ ២១៤ លានដុល្លារ កើនឡើង ១៦,៩ ភាគរយ ស្វាយចន្ទីមានតម្លៃ ១៦៨ លានដុល្លារ និងកៅស៊ូដែលមាន ១៣៨ លានដុល្លារ។
មេដឹកនាំវៀតណាម និងកម្ពុជាបានយល់ព្រមលើកកម្ពស់កិច្ចសហប្រតិបត្តិការដ៏ទូលំទូលាយរវាងប្រទេសទាំង ២ និងបង្កើនទំហំពាណិជ្ជកម្មទ្វេភាគីដល់ ៥ ពាន់លានដុល្លារ។ បច្ចុប្បន្នវៀតណាមគឺជាដៃគូពាណិជ្ជកម្មធំជាងគេទី ៣ និងជាវិនិយោគិនបរទេសឈានមុខគេទី ៥ នៅក្នុងប្រទេសកម្ពុជា។
ប្រទេសទាំងពីររំពឹងថានឹងចុះហត្ថលេខាលើកិច្ចព្រមព្រៀងស្ដីពីការយកពន្ធត្រួតគ្នា កិច្ចព្រមព្រៀងពាណិជ្ជកម្មព្រំដែន និងកិច្ចសហប្រតិបត្តិការកម្លាំងពលកម្មស្របជាមួយនឹងអនុស្សរណៈនៃការយោគយល់គ្នាស្ដីពីយុទ្ធសាស្ដ្រកិច្ចសហប្រតិបត្តិការដឹកជញ្ជូនសម្រាប់ឆ្នាំ ២០១៧ ឆ្នាំ ២០២៥ ជាមួយនឹងចក្ខុវិស័យដល់ឆ្នាំ ២០៣០ ដែលនឹងជួយលើកកម្ពស់ទំនាក់ទំនងពាណិជ្ជកម្មរវាងភាគីទាំង ២ ដល់កម្រិតកាន់តែខ្ពស់៕ LA