
ច្រកព្រំដែនអន្តរជាតិបាវិតរវាងកម្ពុជា និងវៀតណាម។ ពាណិជ្ជកម្មរវាងប្រទេសទាំង២បន្តកើនឡើង។ រូបថត ភ្នំពេញ ប៉ុស្តិ៍
ភ្នំពេញៈ ទំហំពាណិជ្ជកម្មទ្វេភាគី កម្ពុជា-វៀតណាម បានបង្ហាញពីកំណើនខ្ពស់នារយៈពេល ៧ ខែដំបូងឆ្នាំ ២០១៨ នេះ ដែលជានិន្នាការនៃការងើបឡើងវិញបន្ទាប់ពីធ្លាក់ចុះ ៣ ឆ្នាំជាប់ៗគ្នាពីឆ្នាំ ២០១៤ ដល់ ២០១៦។
ពាណិជ្ជកម្មទ្វេភាគី កម្ពុជា និងវៀតណាម នៅអំឡុងចាប់ពីខែមករា ដល់ខែកក្កដាឆ្នាំនេះ បានកើនឡើងដល់ ២,៧ ពាន់លានដុល្លារ កើនឡើងជិត ១៩ ភាគរយ ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ នេះបើយោងតាមរបាយការណ៍មួយបានពីប្រព័ន្ធព័ត៌មានគ្រប់គ្រងដោយរដ្ឋរបស់វៀតណាម ចេញផ្សាយកាលពីថ្ងៃសៅរ៍។
ទំហំពាណិជ្ជកម្មរវាងប្រទេសទាំង ២ បានធ្លាក់ចុះក្នុងរយៈពេល ២-៣ ឆ្នាំចុងក្រោយនេះ ធ្លាក់ចុះពី ៣,៣ ពាន់លានដុល្លារ កាលពីឆ្នាំ ២០១៤ មកនៅត្រឹម ៣ ពាន់លានដុល្លារកាលពីឆ្នាំ ២០១៥ និងមកនៅត្រឹម ២,៨ ពាន់លានដុល្លារកាលពីឆ្នាំ ២០១៦ ប៉ុន្តែ បានចាប់ផ្ដើមស្ទុះងើបឡើងវិញកាលពីឆ្នាំមុន ដោយសារតែប្រទេសទាំង ២ ទទួលបានពាណិជ្ជកម្មទ្វេភាគី ៣,៨ ពាន់លានដុល្លារកាលពីឆ្នាំ ២០១៧ ដែលកើនឡើង ៣៥ ភាគរយធៀបនឹងឆ្នាំ ២០១៦។
អ្នកនាំពាក្យស្ថានទូតវៀតណាមប្រចាំទីក្រុងភ្នំពេញ មិនអាចទាក់ទងសុំការអត្ថាធិប្បាយបានទេកាលពីម្សិលមិញ ប៉ុន្តែលោក Vũ Quang Minh អគ្គរដ្ឋទូតវៀតណាមប្រចាំកម្ពុជា បានថ្លែងក្នុងវេទិកាលើកកម្ពស់ពាណិជ្ជកម្ម និងការវិនិយោគកម្ពុជា និងវៀតណាម នៅទីក្រុងភ្នំពេញកាលពីថ្ងៃសុក្រថា សហគ្រាសរបស់ប្រទេសទាំង២ មានសក្ដានុពលកាន់តែច្រើន ក្នុងការអភិវឌ្ឍពាណិជ្ជកម្ម ដោយសារតែប្រទេសកម្ពុជា រក្សាកំណើនសេដ្ឋកិច្ចប្រកបដោយស្ថិរភាព។
លោក Minh ថ្លែងថា៖ «សហគ្រាសរបស់ប្រទេសទាំង ២ នឹងមានឱកាសក្នុងការរៀនសូត្រ ផ្លាស់ប្តូរ និងភ្ជាប់ទំនាក់ទំនងជាមួយដៃគូ ប្រែក្លាយសក្ដានុពល និងភាពខ្លាំងរបស់ប្រទេសនីមួយៗ ទៅជាគម្រោងពិតប្រាកដនៅពេលខាងមុខ»។
ទោះបីយ៉ាងនេះក្តី របាយការណ៍នេះមិនបានបង្ហាញតួលេខលម្អិតថា តើការនាំចេញរបស់កម្ពុជាមានប៉ុន្មានទៅប្រទេសវៀតណាម និងពីវៀតណាមមកកម្ពុជាប៉ុន្មាននោះទេ។
ទិន្នន័យពាណិជ្ជកម្ម បានពីអគ្គនាយកដ្ឋានគយរបស់វៀតណាម កាលពីឆ្នាំ ២០១៧ បានបង្ហាញថា វៀតណាមនាំចេញទំនិញសំខាន់ៗ មកកម្ពុជាកាលពីឆ្នាំមុន រួមមាន ដែកថែប ដែក ប្រេង ប្រេងសាំង និងទំនិញប្រើប្រាស់ផ្សេងទៀត។ ទន្ទឹមនឹងនេះ វៀតណាមបាននាំចូលពីប្រទេសកម្ពុជាភាគច្រើន ឈើ និងផលិតផលធ្វើពីឈើ ស្វាយចន្ទី កៅស៊ូ និងផលិតផលកសិកម្មផ្សេងទៀត។
លោក លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជាឲ្យដឹងថា ពាណិជ្ជកម្មកម្ពុជា ជាមួយដៃគូពាណិជ្ជកម្មដ៏មានសក្ដានុពលជាច្រើន បានមើលឃើញកំណើន មិនគ្រាន់តែជាមួយប្រទេស វៀតណាម នោះទេ ប៉ុន្តែថែមទាំងបណ្ដាប្រទេសជាច្រើនផ្សេងទៀត ដោយសារតែកំណើនសេដ្ឋកិច្ចប្រកបដោយស្ថិរភាព។
ខណៈប្រទេសទាំង ២ មិនអាចសម្រេចបានទិសដៅពាណិជ្ជកម្មទ្វេភាគី ៥ ពាន់លានដុល្លារក្នុង ១ ឆ្នាំ ដែលបានកំណត់ត្រឹមឆ្នាំ ២០១៥ នោះ លោក លឹម ហេង ឲ្យដឹងថា និន្នាការនៅរយៈពេល ៧ ខែដំបូងឆ្នាំនេះ បង្ហាញសញ្ញាវិជ្ជមាន ដែលធ្វើឲ្យមានសុទិដ្ឋិនិយមថា ការកំណត់ទិសដៅនេះនឹងសម្រេចបាននៅឆ្នាំនេះ។
លោកថ្លែងថា៖ «តម្រូវការដែកថែប និងសម្ភារសំណង់ផ្សេងទៀតកំពុងកើនឡើង ហើយកត្តានេះគឺជាការរួមចំណែកដ៏សំខាន់ ដើម្បីសម្រេចបានទិសដៅនេះ»៕LA