ក្រុង​វ៉ា​ស៊ីន​តោនៈ ពា​ណិជ្ជ​ករ​ថៃ​លោក Chatchaval Jiaravanon កាល​ពី​ថ្ងៃ​សុក្រ​បាន​យល់​ព្រម​ទិញ​ទស្សនា​វដ្ដី​ Fortune ក្នុង​តម្លៃ ១៥០ លាន​ដុល្លារ​​​​ក្នុង​កិច្ច​ព្រម​ព្រៀង​ចុង​​ក្រោយ​បំ​ផុត​សម្រាប់​ការ​ទិញ​កម្ម​សិទិ្ធ​ក្រុម​ហ៊ុន Time Inc​។​

ក្រុម​ហ៊ុន Meredith Corp ដែល​​ជា​ក្រុម​ហ៊ុន​បោះ​ពុម្ព​ផ្សាយ​ ដែល​​បាន​ទិញ​ក្រុម​ហ៊ុន​ Time Inc កាល​ពី​ឆ្នាំ​មុន បាន​​ប្រ​កាស​ពី​​​កិច្ច​ព្រម​ព្រៀង​លក់​ទស្សនា​វដ្ដី​ Fortune ឲ្យ​ក្រុម​ហ៊ុន​​ដែល​​មាន​ទំ​នាក់​ទំ​នង​ជា​​មួយ​​ក្រុម​ហ៊ុន​ឈាន​មុខ​គេ​របស់​​ប្រ​ទេស​ ថៃ ​ដែល​ប្រតិ​បត្តិ​ការ​​​ពហុ​ផលិត​ផល​ខាង​វិ​ស័យ​ទូរ​គមនា​គមន៍ ​ប្រព័ន្ធ​ព័ត៌​មាន​ អា​ហារ ការ​លក់​រាយ​ ឱសថ និង​វិ​ស័យ​ផ្សេង​ទៀត​។​

លោក Jiaravanon នឹង​គ្រប់​គ្រង​​ទស្សនា​វដ្ដី Fortune ដោយ​ឯក​រាជ​ភាព​ពី​​​​ក្រុម​ហ៊ុន​ពហុ​ផលិត​ផល​ Charoen Pokphand។ នេះ​បើ​យោង​តាម​​សេ​​ចក្ដី​ប្រ​កាស​ព័ត៌​មាន​​បាន​ពី​​ក្រុម​ហ៊ុន​ Meredith។

លោក​ Jiaravanon បាន​ឲ្យ​ដឹង​​​ក្នុង​សេច​​ក្ដី​ប្រ​កាស​ព័ត៌​មាន​មួយ​​ថា​៖ «ចក្ខុ​វិ​ស័យ​របស់​យើង​​នឹង​​បង្កើត​ទស្សនា​វដ្ដី​ Fortune ជា​យី​ហោ​ប្រព័ន្ធ​ព័ត៌​មាន​ពាណិជ្ជ​កម្ម​ឈា​ន​មុខ​គេ​របស់​​ពិ​ភព​​លោក​​ ដោយ​តែង​តែ​ទៅ​ដល់ និង​ភ្ជាប់​ទំ​នាក់​ទំ​នង​ពិ​ភ​ព​លោក​»​។​​

លោក​ថ្លែង​ថា៖ «​តម្រូវ​ការ​ព័ត៌​មាន​ពា​ណិជ្ជ​កម្ម​គុណ​ភាព​ខ្ពស់​​កំ​ពុង​កើន​ឡើង ហើយ​ជា​មួយ​នឹង​ការ​ប្ដេជ្ញា​ចិត្ត​វិ​និ​យោគ​​បន្ថែម​ទៀត​​លើ​បច្ចេក​វិទ្យា និង​ព័ត៌​មាន​ល្អ​បំផុត​ យើង​ជឿ​ជាក់​​ថា ចក្ខុ​វិ​ស័យ​កំ​ណើន​ប្រាក់​ចំ​ណេញ​​បន្ថែម​ទៀត​គឺ​ល្អ​បំផុត​ ទាំង​​សម្រាប់​ការ​បោះ​ពុម្ព​ផ្សាយ និង​​ព្រឹត្តិ​ការណ៍​ពា​ណិជ្ជ​កម្ម​»​។​

ការ​ប្រ​កាស​នេះ​ធ្វើ​ឡើង​មិន​ដល់​ ២ ខែ​ផង​ បន្ទាប់​ពី​​ក្រុម​ហ៊ុន Meredith បាន​យល់​ព្រម​​លក់​ទស្សនា​វដ្ដី Time ​ដ៏​ល្បី​​ក្នុង​តម្លៃ​ ១៩០ លាន​ដុល្លារ​ ឲ្យ​ម្ចាស់​ក្រុម​ហ៊ុន Salesforce.com៕ AFP/LA