ភ្នំពេញៈ ពិព័រណ៍​ពាណិជ្ជកម្ម​អឺរ៉ុប (Eurofair) លើក​ដំបូង​រយៈពេល​ ៣ ​ថ្ងៃ​នៅ​កម្ពុជា​ត្រូវ​បាន​បញ្ចប់​កាលពី​ម្សិលមិញ​នៅ​កោះពេជ្រ​ដោយ​មាន​ក្រុមហ៊ុន​តាំងពិព័រណ៍​ជាង​ ៤០ ភាគច្រើន​ជា​ក្រុមហ៊ុន​អឺរ៉ុប​។

ពិព័រណ៍ Eurofair ត្រូវ​បាន​រៀបចំ​ឡើង​កាលពី​ថ្ងៃ​សុក្រ និង​បាន​បិទ​បញ្ចប់​កាលពី​ល្ងាច​ថ្ងៃ​អាទិត្យ​ម្សិលមិញ​។

លោក Blaise Killian នាយក​ប្រតិបត្តិ​សភា​ពាណិជ្ជកម្ម​អឺរ៉ុប EuroCham ថ្លែង​ថា វា​ជា​ការ​តាំងពិព័រណ៍​មួយ​គួរ​ឲ្យ​រំភើប​ក្នុង​ការ​បង្ហាញ​ភាព​ល្អ​បំផុត​របស់​អឺរ៉ុប នៅក្នុង​ប្រទេស​កម្ពុជា​ក្នុង​អំឡុង​ព្រឹត្តិការណ៍​ដ៏ពិសេស​រយៈពេល​ ៣ ​ថ្ងៃ​នេះ​។

ផលិតផល​ភាគច្រើន​មកពី​ក្រុមហ៊ុន​អឺរ៉ុប​ដូចជា​ក្រុមហ៊ុន​ផលិត​រថយន្ត Porsche ក្រុមហ៊ុន​ផលិត​រថយន្ត BMW ក្រុមហ៊ុន​ផលិត​រថយន្ត Mercedes Benz និង​ក្រុមហ៊ុន​គ្រឿង​សង្ហារិម និង​ការ​រចនា​ផ្ដាច់មុខ​មកពី​ប្រទេស​អ៊ីតាលី គ្រឿងសម្អាង​បារាំង សម្លៀកបំពាក់ យីហោ​គ្រឿងយន្ត និង​ឧបករណ៍ Bosch និង Wurth ឬ Daas សារធាតុ​គីមី​ព្រម​ទាំង​អាហារ​អឺរ៉ុប​មកពី​ក្រុមហ៊ុន Thalias ក្រុមហ៊ុន Hops ក្រុមហ៊ុន good France និង​ក្រុមហ៊ុន​ផ្សេងៗ​ទៀត​ផង​ដែរ​។

លោក​ថ្លែង​ថា​៖ «​យើង​បាន​ធ្វើ​ការងារ​ឆ្ពោះ​ទៅ​កាន់​ព្រឹត្តិការណ៍​នេះ​ជា​លើក​ដំបូង​អស់​រយៈពេល​យូរ ហើយ​ខ្ញុំ​សង្ឃឹម​ថា​អ្នក​ទស្សនា ជាពិសេស​អតិថិជន និង ក្រុមហ៊ុន​កម្ពុជា​នឹង​សប្បាយ​រីករាយ​ជាមួយ​ផលិតផល អាហារ និង​សកម្មភាព​ជុំវិញ​កន្លែង​តាំងពិព័រណ៍​នេះ​»​។

លោក​បន្ថែម​ថា ទិសដៅ​ការតាំងពិព័រណ៍​នេះ​នឹង​ផ្ដល់​ជំនាញ​ជាមួយ​នឹង​ជម្រើស​ឱកាស​រវាង​អាជីវកម្ម និង​អាជីវកម្ម និង​សាធារណជន​ទូទៅ​ជាមួយ​ឱកាស​ស្គាល់​យីហោ​អឺរ៉ុប ផលិតផល និង​សេវា​សំខាន់ៗ​។

លោក Arnaud Darc ប្រធាន​សភា​ពាណិជ្ជកម្ម​អឺរ៉ុប​ថ្លែង​ថា​៖ «​ពិព័រណ៍​អឺរ៉ុប​លើក​ដំបូង​នេះ​នឹង​ធ្វើឲ្យ​មាន​ការ​ចូលរួម​កាន់តែ​ច្រើន​នៅ​ឆ្នាំ​ក្រោយ​»​។

លោក​បន្ថែម​ថា ​ផ្នែក​មួយ​នៃ​បេសកកម្ម​នេះ ក្រៅពី​ការលើក​កម្ពស់​ពាណិជ្ជកម្ម​រវាង​កម្ពុជា និង​អឺរ៉ុប​នឹង​បង្កើន​ភាព​មើលឃើញ​ពាណិជ្ជកម្ម​អឺរ៉ុប​នៅ​កម្ពុជា​ផង​ដែរ​»៕ LA