ភ្នំពេញៈ ពិព័រណ៍​សូត្រ និង​តម្បាញ​កម្ពុជា​លើក​ទី​ ២ នឹង​រៀបចំ​នៅ​ចុងសប្តាហ៍​ក្រោយ​ក្នុង​ខេត្ត​សៀមរាប ខណៈ​អ្នក​ក្នុង​វិស័យនេះ​សង្ឃឹមថា​វា​នឹង​ក្លាយ​ជា​ផ្នែក​មួយ​ក្នុង​ការជួយ​ពង្រឹង​ការអភិវឌ្ឍ​វិស័យ​សូត្រ និង​តម្បាញ​នៅ​កម្ពុជា​។

សេចក្តី​ជូនដំណឹង​របស់​ក្រសួង​ពាណិជ្ជកម្ម​កាលពី​ចុង​សប្តាហ៍​មុន​បាន​ឲ្យ​ដឹងថា ក្រសួង​ពាណិជ្ជកម្ម​នឹង​រៀបចំ​ព្រឹត្តិការណ៍​សូត្រ និង​តម្បាញ​កម្ពុជា ដែល​នឹង​ប្រព្រឹត្ត​ទៅ​ចាប់ពី​ថ្ងៃទី​ ២១ ដល់​ថ្ងៃទី​ ២៤ ខែ​វិច្ឆិកា ឆ្នាំ​ ២០១៩ នៅ​ទីធ្លា​សាធារណៈ​ទល់មុខ​ព្រះរាជដំណាក់​ខេត្ត​សៀមរាប​។

ព្រឹត្តិការណ៍​នេះ​ធ្វើឡើង​ក្នុង​គោលបំណង​ដើម្បី​ស្តារ ជំរុញ និង​អភិវឌ្ឍ​វិស័យ​សូត្រ​កម្ពុជា​ដែល​ជា​បេតិកភណ្ឌ​វប្បធម៌​របស់​កម្ពុជា​តាំងពី​យូរយារ​ណាស់​មកហើយ ខណៈ​វិស័យ​នេះ​បាន​ចូលរួម​ចំណែក​យ៉ាង​សំខាន់​នៅក្នុង​ការផ្តល់​និរន្តរភាព ឱកាស​ការងារ និង​ប្រាក់ចំណូល​សម្រាប់​សេដ្ឋកិច្ច​ជាតិ​កម្ពុជា​។

លោក ម៉ី កល្យាណ ប្រធាន​ក្រុមប្រឹក្សាភិបាល​នៃ​សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ ដែល​ជា​កន្លែង​មាន​មជ្ឈមណ្ឌល​សូត្រ​ខ្មែរ​កំពុង​បើក​ដំណើរការ​សិក្សា ស្រាវជ្រាវ និង​អភិវឌ្ឍ​សូត្រ​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​កាលពី​ម្សិលមិញ​ថា ព្រឹត្តិការណ៍​សូត្រ និង​តម្បាញ​កម្ពុជា​គឺ​ពិតជា​មាន​សារប្រយោជន៍​ក្នុង​ការជួយ​ផ្សព្វផ្សាយ​ពី​ផលិតផល​សូត្រ​នៅ​កម្ពុជា ខណៈ​វិស័យ​មួយ​នេះ​ហាក់​មិនទាន់​ទទួល​បាន​ការចាប់អារម្មណ៍​បណ្តាក់ទុន​ច្រើន​នោះ​ទេ​រហូត​មក​ដល់​ពេល​នេះ​។ លោក​បន្តថា ទោះបី​ផលិតផល​ពី​សូត្រ​មាន​តម្រូវ​ការកើនឡើង​ច្រើន ប៉ុន្តែ​ការដាំដុះ​នៅ​កម្ពុជា​មិន​បាន​កើនឡើង​គួរ​ឲ្យ​កត់សម្គាល់​ទេ​»​។

លោក​ថ្លែងថា​៖ «​កង្វះ​ការវិនិយោគ​បាន​ធ្វើឲ្យ​កម្ពុជា​នាំចូល​សូត្រ​បាន​ប្រមាណ​ ៩៩ ​ភាគរយ​ពី​បរទេស​សម្រាប់​ផ្គត់ផ្គង់​ទីផ្សារ​ក្នុងស្រុក ខណៈ​ផលិតផល​នេះ​ជា​ទីផ្សារ​មាន​សក្តានុពល​ខ្ពស់ និង​ទទួល​បាន​ប្រាក់ចំណេញ​ច្រើន​»​។

យោងតាម​របាយការណ៍​យុទ្ធសាស្ត្រ​សូត្រ​ជាតិ ឆ្នាំ ២០១៦-២០២០ ការផលិត​សរសៃសូត្រ​នៅ​កម្ពុជា​មាន​បរិមាណ​ត្រឹម​តែ​ ១ ភាគរយ​ប៉ុណ្ណោះ ​នៃ​តម្រូវការ​ប្រើប្រាស់​សរុប​ក្នុង​ស្រុក ខណៈ​ការ​នាំចូល​មាន​រហូត​ដល់ ៩៩ ភាគរយ​ដែល​ស្មើនឹង​ជាង ៤០០ តោន​ ក្នុង​ ១ ​ឆ្នាំ​។ ចិន​គឺជា​ប្រទេស​នាំមុខគេ ដែល​កម្ពុជា​បាន​នាំចូល​សូត្រ​។

បើ​តាម​លោក កល្យាណ ដើម្បី​បាន​សូត្រ​ប្រមាណ ៤០០ ​តោន​ ក្នុង​ ១ ​ឆ្នាំ​កម្ពុជា​ត្រូវការ​ផ្ទៃដី​ដំាដុះ​ជាង ៣០ ០០០ ​ហិកតា​។ លោក​លើកឡើង​ថា ដើម្បី​ឲ្យ​វិស័យ​សូត្រ​នៅ​កម្ពុជា​អាច​ទទួល​បាន​ជោគជ័យ ការចូលរួម​របស់​វិស័យ​ឯកជន និង​គ្រួសារ​ប្រជាកសិករ​អ្នកដាំដុះ​គឺ​ពិតជា​មាន​ភាពចាំបាច់​ណាស់ ខណៈ​បច្ចុប្បន្ន​កម្ពុជា​មាន​បច្ចេកទេស​ក្នុង​ការដាំ​ដើម​មន បច្ចេកទេស​ក្នុង​ការថែរក្សា​ដដ្កូវ​នាង​។ លោក​បន្តថា កាលពី​មុន​មក​ក្នុង​ចំណោម​ដង្កូវនាង​ចិញ្ចឹម​ចំនួន ១០០ ​ក្បាល ​គឺ​មាន​ដង្កូវនាង​ងាប់​ប្រមាណ ៧០-៨០ ​ក្បាល ខណៈ​បច្ចុប្បន្ន​មាន​ប្រហែល ៥ ​ក្បាល​ប៉ុណ្ណោះ​។

ជាមួយ​នឹង​វត្តមាន​មជ្ឈមណ្ឌល​សូត្រខ្មែរ​កំពុង​បើក​ដំណើរការ​នៅក្នុង​សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ​លោក កល្យាណ បាន​អះអាង​ថា​៖ «​បច្ចុប្បន្ននេះ​ក្រុម​ការងារ​ស្រាវជ្រាវ​សូត្រ​ខ្មែរ​កំពុង​ខិតខំ​ធ្វើ​ការងារ​យ៉ាងច្រើន​ដើម្បី​អភិវឌ្ឍ​វិស័យ​សូត្រ​នៅ​កម្ពុជា​»​។

បច្ចុប្បន្ន​សូត្រ​មាស​ (​ល្អ​) ​មាន​តម្លៃ​ក្នុង​រង្វង់ ១០០ ​ដុល្លារ ​ក្នុង​ ១ គីឡូក្រាម ចំណែក​សូត្រ​លេខ ២ មាន​តម្លៃ​ពី ៧០ ​ដុល្លារ​។ នេះ​បើតាម​លោក កល្យាណ​។

លោក ឈឹម សុភ័ក្ត្រ ប្រធាន​ការិយាល័យ​អភិវឌ្ឍន៍​ផលិតផល​នៃ​ក្រសួង​ពាណិជ្ជកម្ម​បាន​និយាយថា រហូត​មក​ដល់​ពេលនេះ​មាន​ស្តង់​ប្រមាណ ៣០ បាន​មក​ចុះឈ្មោះ​ដើម្បី​ចូលរួម​។ លោក​បន្តថា ព្រឹត្តិការណ៍​ឆ្នាំនេះ​នឹង​មាន​លក្ខណពិសេស​ជាង​លើក​ទី​ ១ ដោយ​នឹង​មាន​ការប្រកួតប្រជែង​ពី​គុណភាព​ផលិតផល​តម្បាញ​ផងដែរ​។

លោក​ថ្លែងថា​៖ «​យើង​រំពឹង​ថា​នឹង​អាច​ទាក់ទាញ​ឲ្យ​ភ្ញៀវ​ចូល​ទស្សនា​បាន​យ៉ាងច្រើន ហើយ​វា​នឹង​ចូលរួម​ចំណែក​ក្នុង​ការពង្រីក​ទីផ្សារ​សូត្រ​នៅ​កម្ពុជា​ផងដែរ​»​។

លោកស្រី ចេន សុភាព ស្ថាបនិក និង​ជា​ប្រធាន​សមាគម​កីតម្បាញ​ខ្មែរ ធ្លាប់​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថ្មីៗ​នេះ​ថា ខណៈ​ផលិតផល​ពី​សរសៃសូត្រ​ខ្មែរ​ស្ទើរតែ​ត្រូវគេ​បំភ្លេចចោល បច្ចុប្បន្ន​នេះ​តម្រូវការ​ប្រើប្រាស់​ផលិតផល​ពី​សូត្រ​ខ្មែរ​ហាក់​កំពុង​កើនឡើង​វិញ​៕ LA