
លោក Andrew Sion អគ្គនាយកក្រុមហ៊ុន AMB Tarsus Events Group ថ្លែងប្រាប់អ្នកសារព័ត៌មានកាលពីម្សិលមិញ។ ហុង មិនា
ភ្នំពេញៈ មេចុងភៅល្បីៗជាច្រើនរូបនឹងមកចូលរួមប្រកួតប្រជែងធ្វើម្ហូបក្នុងព្រឹត្តិការណ៍ Camfood & Hotel and Camcafe 2018 នាសប្តាហ៍ក្រោយ ខណៈអ្នករៀបចំកម្មវិធីអះអាងថា ព្រឹត្តិការណ៍នេះនឹងផ្តល់នូវបទពិសោធន៍ និងចំណេះដឹងថ្មីៗដល់អ្នកចូលរួម។
ព្រឹត្តិការណ៍ដែលនឹងរៀបចំនៅកោះពេជ្រ ចាប់ពីថ្ងៃទី ១៩-២១ ខែកញ្ញា ខាងមុខនឹងមានការចូលរួមពីក្រុមហ៊ុនផ្គត់ផ្គង់ នាំចូល និងចែកចាយផលិតផលម្ហូបអាហារ និងភេសជ្ជៈក្នុងស្រុក ព្រមទាំងបរទេសប្រមាណជាង ៣០០ ក្រុមហ៊ុន។
លោក Andrew Sion អគ្គនាយកក្រុមហ៊ុន AMB Tarsus Events Group បាននិយាយថា Camfood & Hotel and CamCafe 2018 គឺជាវេទិកាដ៏ធំដែលនឹងផ្តល់ឲ្យអ្នកចូលរួមនូវព័ត៌មាន និងគំនិតច្នៃប្រឌិតថ្មីៗនៃការចម្អិនអាហារ ការធ្វើបដិសណ្ឋារកិច្ច និងដំណោះស្រាយល្អៗសម្រាប់មុខជំនួញក៏ដូចជាឱកាសក្នុងការចាប់ដៃគូអាជីវកម្មផងដែរ។
លោកថ្លែងថា៖ «នេះជាព្រឹត្តិការណ៍ដ៏សំខាន់សម្រាប់កម្ពុជាហើយវាក៏នឹងជួយទាក់ទាញអ្នកវិនិយោគ និងភ្ញៀវទេសចរបរទេសផងដែរ។ កម្ពុជាមានអ្វីៗសព្វបែបយ៉ាង ទាំងម្ហូបអាហារឈ្ងុយឆ្ងាញ់ និងសេវាកម្មបដិសណ្ឋារកិច្ចល្អ។ ព្រឹត្តិការណ៍នេះជាស្ពានសម្រាប់អ្នកចង់រកដៃគូវិនិយោគ»។
លោកស្រី Carrol Sahaidak-Beaver អគ្គលេខាធិការនៃសហព័ន្ធទេសចរណ៍កម្ពុជាបាននិយាយថា ក្នុងរយៈពេល ៣-៤ ឆ្នាំចុងក្រោយនេះ វិស័យភោជនីយដ្ឋាន សណ្ឋាគារ និងហាងកាហ្វេលំដាប់អន្តរជាតិបានរីកលូតលាស់យ៉ាងឆាប់រហ័ស ដែលការប្រកួតប្រជែងពីគុណភាព និងសុវត្ថិភាពម្ហូបអាហារក៏ជារឿងសំខាន់ផងដែរ៕LA