ក្រុងសានហ្វ្រានស៊ីស្កូៈ កាលពី​ ១ ​ទសវត្សរ៍​មុន មិត្តភក្តិ​រួម​បន្ទប់​ ២ ​នាក់​ក្នុង​ទីក្រុង​សានហ្វ្រានស៊ីស្កូ បាន​សម្រេច​ចិត្ត​រកលុយ​តាមរយៈ​ការ​ប្រែក្លាយ​បន្ទប់​ស្នាក់នៅ​របស់​ពួកគេ​ទៅ​ជា​បន្ទប់​ជួល​រយៈពេល​ ១ ​យប់​នៅ​ពេល​មួយ​ដែល​មាន​កង្វះ​បន្ទប់​សណ្ឋាគារ​ដោយសារ​មាន​សន្និសីទ​ធំ​មួយ​ក្នុង​ទីក្រុង​នេះ​។

ភាព​ឆ្លាតវៃ​នេះ​បាន​នាំ​ឲ្យ​មាន​ការ​បង្កើត​ក្រុមហ៊ុន Airbnb ជា​ក្រុមហ៊ុន​មួយ​បច្ចុប្បន្ន​មាន​តម្លៃ​ជាង​ ៣០ ​ពាន់​លាន​ដុល្លារ​ដែល​បាន​បង្កើត​កន្លែង​ស្នាក់នៅ​រាប់លាន​កន្លែង​ក្នុង​ប្រទេស​ចំនួន​ជាង​ ១៩១ ដែល​មាន​ចាប់តាំងពី​អាផាតមិន និង​វីឡា​រហូត​ដល់​អគារ​ធំៗ និង ផ្ទះ​លើ​មែកឈើ​ផង​ដែរ​។

ខាង​ក្រោម​នេះ​ជា​រឿង​ពិត​មួយ​ចំនួន​អំពី​ក្រុមហ៊ុន​ផ្តល់​សកម្មភាព​សេវា​សេដ្ឋកិច្ច​អនឡាញ (sharing-economy) មួយ​នេះ​ដែល​កំពុង​រះ​ឡើង និង​បង្ក​ភាព​ភ័យខ្លាច​ដល់​ឧស្សាហកម្ម​សណ្ឋាគារ​៖

ការចាប់ផ្តើម​ដ៏សាមញ្ញ

‑ នៅ​ចុងឆ្នាំ​ ២០០៧ នៅពេល​បន្ទប់​សណ្ឋាគារ​បាន​លក់​អស់​ដោយសារ​សន្និសីទ​ស្តីពី​ការ​រចនា​ម៉ូដ​ក្នុង​ទីក្រុង​សានហ្វ្រានស៊ីស្កូ លោក Brian Chesky និង លោក Joe Gebbia បាន​សម្រេច​ចិត្ត​រកលុយ​បន្ថែម​តាមរយៈ​ដាក់​ជួល​បន្ទប់​ដែល​ពួកគាត់​កំពុង​ស្នាក់នៅ​ដោយ​ប្រើ​ពូក​ខ្យល់​សម្រាប់​គេង និង​បម្រើ​អាហារ​ពេល​ព្រឹក​មួយ​ពេល​ (bed-and-breakfast)​។

‑ លោក Nathan Blecharczyk ដែល​ជា​មិត្ត​រួម​បន្ទប់​ម្នាក់​ទៀត​បាន​ចូលរួម​ជាមួយ​លោក Chesky និង​លោក Gebbia ក្នុង​ការរកស៊ី​រួម​គ្នា​មួយ​ដែល​ពួកគេ​ហៅថា «Air Bed and Breakfast» ដោយ​ចាប់ផ្តើម​បង្កើត​គេហទំព័រ​មួយ​នៅ​ខែ​សីហា ឆ្នាំ​ ២០០៨​។

‑ ដើម្បី​ជំរុញ​អាជីវកម្ម​នេះ​ឲ្យ​ងើប​ឡើង ស្ថាបនិក​ទាំង​ ៣ ​នេះ​បាន​បង្កើត​ភាព​ភ្ញាក់ផ្អើល​មួយ​នៅ​សន្និសីទ​ជាតិ​ប្រជាធិបតេយ្យ​នៅ​ចុង​ឆ្នាំ ២០០៨ ដោយ​លក់​អាហារ​ប្រអប់​មាន​ឈ្មោះ «Obama-O''s» និង «Cap''n McCains» ក្នុង​អំឡុង​យុទ្ធនាការ​ឃោសនា​បោះឆ្នោត​នៅ​អាមេរិក​រវាង​លោក អូបាម៉ា និង​លោក ចន ម៉ាក់ខេន ក្នុង​តម្លៃ ៤០ ដុល្លារ​ក្នុង​ ១ ​ប្រអប់ ហើយ​ប្រមូល​ប្រាក់​បាន​គ្រប់គ្រាន់​ដើម្បី​ធ្វើឲ្យ​អាជីវកម្ម​នេះ​បន្ត​ទៅ​មុខ និង​ទទួល​បាន​ប្រជាប្រិយភាព​ពី​សាធារណជន​យ៉ាង​ច្រើន​។

‑ ឈ្មោះ​អាជីវកម្ម​នេះ​ត្រូវ​បាន​ផ្លាស់ប្តូរ​នៅ​ខែ​មីនា ឆ្នាំ​ ២០០៩ ទៅ​ជា Airbnb ដោយសារ​តែ​ក្រុមហ៊ុន​នេះ​ស្រមៃ​លើស​ពី​ការ​ដេក​នៅ​លើ​ពូក​ខ្យល់​។

‑ នៅ​ខែ​មេសា ឆ្នាំ​ ២០០៩ ក្រុមហ៊ុន Airbnb ទទួល​បាន​ប្រាក់​វិនិយោគ​ចំនួន ៦០០- ០០០ ដុល្លារ​ពី​ក្រុមហ៊ុន Sequoia Capital បន្ទាប់ពី​មាន​ការ​ចាក់​បញ្ចូល​ទឹកប្រាក់​វិនិយោគ​ពី​ក្រុមហ៊ុន​ជាច្រើន​ទៀត​។

ការរំខាន​ដល់​ឧស្សាហកម្ម​សណ្ឋាគារ

‑ ក្នុង​ឆ្នាំ​ ២០១១ ក្រុមហ៊ុន Airbnb បាន​អួត​ថា មាន​វត្តមាន​ក្នុង​ប្រទេស​ចំនួន ៨៩ និង​មាន​ការ​កក់​បន្ទប់​ស្នាក់នៅ​​ចំនួន​ជាង​មួយ​លាន​យប់​។ ក្រុមហ៊ុន​នេះ​បាន​ក្លាយ​ជា​ក្រុមហ៊ុន​ល្បី​មួយ​ដែល​មាន​តម្លៃ​​រហូត​ដល់​រាប់ពាន់​លាន​ដុល្លារ​ដោយ​មាន​មូលដ្ឋាន​លើ​ប្រាក់​ប្រមាណ ១១២ លាន​ដុល្លារ​ដែល​ទទួល​បាន​ពី​វិនិយោគិន​នានា​។

‑ នៅ​ខែ​មិថុនា​ឆ្នាំ​ ២០១២ ក្រុមហ៊ុន Airbnb ប្រកាស​ថា​ការ​ស្នាក់នៅ​ចំនួន​ជាង ១០ លាន​យប់​ត្រូវ​បាន​កក់​តាមរយៈ​សេវា​របស់​ខ្លួន​ដែល​ប្រហែល​ ៣ ​ភាគ​ ៤ ​បាន​មកពី​ខាង​ក្រៅ​សហរដ្ឋអាមេរិក​។

‑ នៅ​ឆ្នាំ ២០១២ ក្រុមហ៊ុន Airbnb បាន​ទទួលរង​បញ្ហា​ដោយ​ភ្ញៀវ​មួយ​ចំនួន​បាន​ចាកចេញ​ពី​ផ្ទះ​ដោយ​បន្សល់​នូវ​ស្ថានភាព​អាក្រក់​ដោយសារ​ពិធី​ជប់លៀង​ឬ សកម្មភាព​មិន​ល្អ​ដទៃៗ​ទៀត​។ អាជីវកម្ម​នេះ​បាន​ដាក់​ចេញ​នូវ​គោលនយោបាយ​ឈ្មោះ «​ការធានា​សម្រាប់​ម្ចាស់​ផ្ទះ (Host Guarantee)» ដែល​មាន​ទឹកប្រាក់ ១ លាន​ដុល្លារ​សម្រាប់​គ្របដណ្តប់​លើ​ការខូចខាត​។

‑ នៅ​ខែ​កញ្ញា ឆ្នាំ​ ២០១៦ ក្រុមហ៊ុន Airbnb បាន​ប្រមូល​ថវិកា​ម្តង​ទៀត​ដែល​បាន​ធ្វើឲ្យ​ក្រុមហ៊ុន​នេះ​មាន​តម្លៃ​ប្រមាណ ៣០ ពាន់​លាន​ដុល្លារ​។

‑ ក្នុង​ខែ​វិច្ឆិកា ឆ្នាំ​ ២០១៦ ក្រុមហ៊ុន Airbnb បាន​ដាក់​ដំណើការ​កម្មវិធី Trips ជា​ឧបករណ៍​មួយ​ដែល​ភ្ញៀវទេសចរ​អាច​ប្រើប្រាស់​ដើម្បី​កក់​សេវា​ក្នុង​ស្រុក​ ឬ​សេវា​ផ្សេងៗ​ទៀត​។

‑ ក្រុមហ៊ុន Airbnb ចាប់ផ្តើម​ប្រឈម​បញ្ហា ខណៈ​ទីក្រុង​នានា​បើក​ការបង្ក្រាប​ទៅលើ «​ម្ចាស់​ផ្ទះ​» ជាពិសេស​ម្ចាស់ផ្ទះ​ដែល​ប្រែក្លាយ​ផ្ទះ​ទៅ​ជា​សណ្ឋាគារ​។

‑ នៅ​ចុង​ឆ្នាំ ២០១៦ ក្រុមហ៊ុន Airbnb អនុវត្ត​គោលនយោបាយ​ផ្សេងៗ​ក្នុង​គោលបំណង​ទប់ស្កាត់​ការរើសអើង​ពូជសាសន៍​ពី​សំណាក់​ម្ចាស់ផ្ទះ និង​បង្កើត​ក្រុម​អចិន្រៃ្តយ៍​មួយ​ដែល​មាន​គោលបំណង​ប្រយុទ្ធ​ប្រឆាំង​នឹង​ភាពលម្អៀង បន្ទាប់ពី​មាន​បណ្តឹង​កាន់តែ​ច្រើន​ឡើង​ពី​អតិថិជន​។

- នៅ​ដើម​ឆ្នាំ​ ២០១៧ ក្រុមហ៊ុន Airbnb គ្រោង​បង្កើន​ការវិនិយោគ​របស់​ខ្លួន​ទ្វេដង​ក្នុង​ប្រទេស​ចិន ដោយ​បង្កើន​កម្លាំង​ពលកម្ម​របស់​ក្រុមហ៊ុន​នេះ​រហូត​ដល់​ ៣ ​ដង​នៅ​ទី​នោះ ហើយ​ប្តូរ​ឈ្មោះ​របស់​ក្រុមហ៊ុន​ទៅ​ជា «Aibiying» ជា​ភាសា​ចិន​។

‑ នៅ​ខែ​កញ្ញា ឆ្នាំ​ ២០១៧ ក្រុមហ៊ុន Airbnb សហការ​ជាមួយ​ក្រុមហ៊ុន Resy ដែល​បាន​ក្លាយ​ជា​ម្ចាស់​ភាគហ៊ុន​ភាគតិច​ក្នុង​ក្រុមហ៊ុន​បណ្តាក់ទុន​រួម​គ្នា​ថ្មី​នេះ ដើម្បី​ផ្តល់​សេវា​កក់​តុ​អាហារ​នៅ​ភោជនីយដ្ឋាន​ ៧០០ នៅក្នុង​ទីក្រុង​ចំនួន ១៦ ក្នុង​សហរដ្ឋអាមេរិក​។

‑ ក្រុមហ៊ុន Airbnb ត្រូវ​បាន​រាយការណ៍​ថា​ទទួល​បាន​ប្រាក់​ចំណេញ ៩៣ លាន​ដុល្លារ​លើ​ចំណូល​ចំនួន​ ២,៦ ពាន់​លាន​ដុល្លារ​ក្នុង​ឆ្នាំ ២០១៧​។

‑ ក្នុង​ឆ្នាំ ២០១៨ ដោយសារ​ការវាយប្រហារ​ជា​លក្ខណៈ​សកលលោក​ចំពោះ​ «​សកម្មភាព​សេវា​សេដ្ឋកិច្ច​អនឡាញ​» ដែល​រំខាន​ដល់​ឧស្សាហកម្ម​ប្រពៃណី ក្រុមហ៊ុន Airbnb បាន​បង្ខំ​ឲ្យ​លុប​ចោល​ការ​កក់​កន្លែង​ស្នាក់នៅ​រាប់ពាន់​នៅ​ជប៉ុន ដើម្បី​គោរព​ទៅ​តាម​ច្បាប់​ថ្មី​ដែល​ដាក់​បញ្ញត្តិ​ទៅ​លើ​ការជួល​រយៈពេល​ខ្លី​៕