The Phnom Penh Post Search

Search form

Logo of Phnom Penh Post newspaper Phnom Penh Post - ពឹង​ផ្អែក​ការ​នាំ​ចូល​ជា​ការ​បម្រើ​សេដ្ឋកិច្ច​បរទេស

ពឹង​ផ្អែក​ការ​នាំ​ចូល​ជា​ការ​បម្រើ​សេដ្ឋកិច្ច​បរទេស

ពឹង​ផ្អែក​ការ​នាំ​ចូល​ជា​ការ​បម្រើ​សេដ្ឋកិច្ច​បរទេស

Content image - Phnom Penh Post

ភ្នំពេញៈ ផ្តើម​ចេញ​ពី​ភាព​ម្ចាស់​ការ និង​ភាព​ជឿ​ជាក់​លើ​ជំនាញ​ដែល​ខ្លួន​មាន ទើប​ធ្វើ​ឲ្យ​បុគ្គល​ម្នាក់​អាច​មាន​ជំហរ​រឹងមាំ​ក្នុង​ការ​ពុះពារ​នូវ​ឧបសគ្គ​ផ្សេងៗ​បាន​ទោះ​បី​ជា​ឧបសគ្គ​នោះ​មាន​ទំហំ​ធំ​ធេង​ក្នុង​រយៈ​ពេល​ខ្លី​ឬ​រយៈ​ពេល​វែង​ក៏​ដោយ។

លោក ហៃ លីអ៊ាង អគ្គ​នាយក​សហគ្រាស Confirel ជា​សហគ្រិន​ជោគជ័យ​ម្នាក់​ដែល​បាន​ផលិត​ផលិតផល​ធ្វើ​ពី​ទឹក​ត្នោត ដំបូង​គេ​នៅ​កម្ពុជា។

លោក​បាន​ប្រាប់​ភ្នំពេញ ប៉ុស្តិ៍ កាល​ពី​ថ្ងៃ​ម្សិលមិញ​ថា លោក​មាន​គំនិត​កែច្នៃ​ផលិតផល​ចេញ​ពី​ទឹក​ត្នោត​តាំង​ពី​ឆ្នាំ ១៩៩២ ដោយ​កាល​នោះ​ប្រទេស​កម្ពុជា​ចាប់​ផ្តើម​កសាង​សន្តិភាព​បន្ទាប់​ពី​កិច្ច​ព្រម​ព្រៀង​ទីក្រុង ប៉ារីស​ឆ្នាំ ១៩៩១ តែ​រហូត​ដល់​ឆ្នាំ ២០០១ ទើប​ផលិតផល​ដំបូង​គឺ​ស្ករ​ត្នោត​បាន​លេច​រូប​រាង​ឡើង។

ការ​ប្រើ​ប្រាស់​ពេល​វេលា​ដ៏​វែង​នោះ គឺ​ដោយ​សារ​លោក​ត្រូវ​យក​ផលិតផល​ស្ករ​ត្នោត​ទៅ​ពិសោធ​នៅ​ប្រទេស​បារាំង ហើយ​បន្ទាប់​ពី​ឃើញ​ភាព​វិជ្ជមាន​នៃ​គុណភាព​ខ្ពស់​ទើប​លោក​សម្រេច​ចិត្ត អភិវឌ្ឍ​ផលិតផល​នេះ។

លោក ហៃ លីអ៊ាង ក៏​ជា​នាយក​សហគ្រាស​ផលិត​ឱសថ PPM ផង​នោះ​បាន​បញ្ជាក់​ថា កាល​នោះ លោក​មាន​គម្រោង​ពីរ គឺ​ទីមួយ​ការ​ផលិត​ឱសថ ហើយ​វា​បាន​កើត​ចេញ​នៅ​ឆ្នាំ ១៩៩៦ និង​មួយ​ទៀត​ការ​ផលិត​ផលិតផល​នានា​ចេញ​ពី​តោ្នត​ដែល​ចាប់​ផ្តើម​ដំណើរការ​នៅ​ឆ្នាំ ២០០១។

រហូត​ដល់​ឆ្នាំ ២០០១ ទើប​ផលិតផល​ផ្តើម​ដំណើរការ​ចេញ​ជា​រូបរាង​បន្ទាប់​ពី​ផលិតផល​ស្ករ​ត្នោត​យក​ទៅ​ពិសោធ​នៅ​ប្រទេស​បារាំង​បាន​ទទួល​ជោគជ័យ និង​មាន​សារ​ប្រយោជន៍​ខ្លាំង​ពី​ស្ករ​ត្នោត​នេះ​។

លោក​បន្ត​ថា៖ «ប្រទេស​យើង​ទើប​ងើប​ពី​សង្គ្រាម យើង​ត្រូវ​ការ​ចាំ​បាច់​នូវ​ជំនឿ​។ ជំនឿ​លើ​អត្តសញ្ញាណ​របស់​យើង លើ​វប្បធម៌​របស់​យើង និង​កម្លាំង​របស់​យើង។ ផលិតផល​ទាំង​នេះ​នឹង​ក្លាយ​ជា​ផលិតផល​យូរ​អង្វែង​របស់​ប្រទេស​កម្ពុជា​យើង ព្រោះ​នៅ​ស្រុក​ស្រែ​ដើម​ត្នោត​តែង​តែ​មាន​ជានិច្ច»។

លោក​និយាយ​ថា៖ «យើង​គិត​ថា ប្រទេស​យើង​ធ្លាប់​មាន​អង្គរ​ដែល​ដើរ​តួនាទី​ជា​ខ្លឹម និង​ជា​កម្លាំង។ បន្ទាប់​ពី​យើង​ច្បាំង​គ្នា គឺ​យើង​ខ្វះ​នូវ​ជំនឿ​ដែល​ជឿ​ថា ខ្លួន​ឯង​ខ្លាំង ហើយ​កាល​ណា​យើង​ខ្វះ​ជំនឿ​យើង​មិន​អាច​រឹង​មំា​បាន​ទេ»។

លោក​បញ្ជាក់​ថា លោក​ចាប់​ផ្តើម​គម្រោង​នេះ​ដោយ​មាន​ថវិកា​ផ្ទាល់​ខ្លួន​ចំនួន ៦ ម៉ឺន ដុល្លារ ហើយ​លោក​ត្រូវ​ចំណាយ​ថវិកា​ជា​បន្ត​បន្ទាប់​ទៅ​លើ​ដំណើរ​យក​ផលិតផល​ទៅ​ធ្វើ​ពិសោធ​នៅ​ប្រទេស​បារាំង​ជាដើម​រហូត​មក​ដល់​ពេល​នេះ​លោក​បាន​ចំណាយ អស់​ជាង ២ លាន​ដុល្លារ​សម្រាប់​ផែនការ​អភិវឌ្ឍន៍​ផលិតផល​ចេញ​ពី​តោ្នត​នេះ។

លោក​បន្ថែម​ថា រហូត​មក​ដល់​ពេល​នេះ​ក្រុមហ៊ុន Confirel បាន​ផលិត​ផលិតផល​ជាង ៣០ ប្រភេទ​ចេញ​ពី​ទឹក​ត្នោត​ដែល​រួម​មាន ស្រា​ទឹក​ត្នោត ទឹក​ខ្មះ ស្ករ​ត្នោត និង គ្រឿង​ផ្សំ​ផ្សេងៗ​ទៀត​ដែល​មាន​ទីផ្សារ​នៅ​ក្នុង​ប្រទេស​បារាំង កូរ៉េ តៃវ៉ាន់ ជប៉ុន និង​ទីផ្សារ​ធំ​គឺ​ជន​បរទេស​ដែល​មក​ទស្សនា​ប្រទេស​កម្ពុជា។

130814_12a
លោក ហៃ លីអ៊ាង អគ្គនាយកសហគ្រាស Confirel ក្នុងបទសម្ភាសជាមួយ ភ្នំពេញ ប៉ុស្តិ៍ ម៉ៃ វីរៈ

រហូត​មក​ដល់​ពេល​នេះ​មាន​កសិករ​ជាង ១០០ ​គ្រួសារ​ជា​សមាជិក សកម្ម នៅ​ផ្នែក​ផលិត​ទឹក​ត្នោត​បាន​ផ្គត់​ផ្គង់​ផលិតផល​ដល់​សហគ្រាស​មួយ​នេះ​ហើយ​បើ​ផលិតផល​សម្រេច​មាន​ការ​គាំទ្រ​កាន់​តែ​ខ្លាំង​លទ្ធភាព​ពង្រីក​ទៅ​កសិករ​ផ្សេងៗ​ទៀត​កាន់​តែ​មាន​ទំហំ​ធំ​នៅ​លើ​ខេត្ត ដែល​មាន​សក្តានុពល​ដើម​តោ្នត លោក​បាន​ថ្លែង​ថា៖ «យើង​មិន​ដែល ឃើញ​នរណា​ក្លាយ​ជា​អ្នក​មាន​ដោយ​គ្រាន់​តែ​ទៅ​ទិញ​ផលិតផល​ពី​គេ​យក​មក​ប្រើ​ប្រាស់​នោះ​ទេ គឺ​ទាល់​តែ​ផលិត​ខ្លួន​យើង ទើប​យើង​អាច​ក្លាយ​ជា​អ្នក​មាន​បាន»។

ការ​កត់​សម្គាល់​របស់​ម្ចាស់​សហគ្រាស ដែល​វិល​ត្រឡប់​ពី​ប្រទេស​បារាំង​ក្រោយ​សន្ធិ​សញ្ញា​ក្រុង ប៉ារីស​រូប​នេះ បាន​លើក​ឡើង​ថា ៖ «ការ​ប្រើ​ប្រាស់ និង​ពឹង​ផ្អែក​លើ​ផលិតផល​នាំ​ចូល​ពី​បរទេស​គឺជា​ការ​បម្រើ​សេដ្ឋកិច្ច បរទេស ហើយ​ប្រទេស​កម្ពុជា​គ្មាន​ឱកាស​កសាង​សុខ​សន្តិភាព​ដោយ​ខ្លួន​ឯង​ទេ»។

លោក​បន្ត​ថា​៖ «យើង​ទៅ​ទិញ​ពី​គេ​មក​យើង​ឲ្យ​ប្រាក់​ខែ​ទៅ​គេ។​យើង​ឃើញ​លេខ​រាប់​កោដិ តើ​គេ​យក​ទៅ​វិញ​ប៉ុន្មាន? បើ​ខ្មែរ​យើង​នៅ​តែ​លក់​ញើស​ឲ្យ​ទៅ​គេ យើង​មិន​អាច​ធ្វើ​ជា​អ្នក​មាន​បាន​នោះ​ទេ ហើយ​ប្រទេស​យើង​នៅ​តែ​អស្ថិរភាព​ជា​ដរាប​ដោយ​សារ​យើង​ខ្វះ​ខាត​ផ្នែក​សេដ្ឋកិច្ច»។

ប្រជាជន​កម្ពុជា​ភាគ​ច្រើន​ជា​កសិករ​រហូត​ដល់ ៨០ ភាគរយ​រស់​នៅ​តាម​ទី​ជនបទ ហើយ​ច្បាស់​ណាស់​ថា ពួក​គាត់​ត្រូវ​តែ​មាន​ជំនឿ​លើ​ខ្លួន​ឯង​ទើប​ពួក​គាត់​អាច​ឆ្លង​ផុត​ពី​ភាព​ក្រីក្រ​ដោយ​ផ្តើម​ពី​ការ​ទាញ​ប្រយោជន៍ ពី​អ្វី​ដែល​ខ្លួន​ឯង​មាន​ដោយ​មិន​ត្រូវ​ពឹង​មើល​ឃើញ​អ្វី​ដែល​មេ​ឈ្មូញ​ធំ លើក​កម្ពស់​នោះ​ទេ​។

លោក​និយាយ​ថា៖ «យើង​ចង់​ឲ្យ​ផលិត​ផល​នេះ​នាំ​មក​នូវ​តម្លៃ​បន្ថែម​ក្នុង​ស្រុក​របស់​យើង។ បើ​យើង​ចង់​ឲ្យ​សេដ្ឋកិច្ច​យើង​សម្បូរ​បែប យើង​ត្រូវ​ឲ្យ​ផលិតផល​ប្រទេស​របស់​យើង​មាន​តម្លៃ និង បង្កើត​តម្លៃ​បន្ថែម។ ប្រសិន​យើង​រង់ចាំ​ផលិតផល​ដែល​ឈ្មួញ​ជា​អ្នក​សម្រេច​ដំឡើង​ថ្លៃ ឬ​បញ្ចុះ​ថ្លៃ ប្រជាជន​យើង​មិន​អាច​ឆ្លង​រួច​ពី​ភាព​ក្រីក្រ​បាន​ទេ»។

លោក​បន្ត​ថា តាម​រយៈ​ការ​សាកល្បង​ភ្លក្ស​រសជាតិ​នា​ពេល​កន្លង​មក​ទៅ​លើ​អតិថិជន​នានា​បង្ហាញ​ថា ផលិតផល​នេះ​មាន​អ្នក​ចូល​ចិត្ត​រហូត​ដល់ ៧៥ ភាគរយ​នៅ​ប្រទេស បារាំង និង ៩០ ភាគរយ​នៅ​ប្រទេស​កម្ពុជា​ដោយ​ផ្អែក​លើ​គុណភាព ចំណែក​ផ្នែក​មិន​ទាន់​ជោគជ័យ​គឺ​ការ​វេច​ខ្ចប់​នៅ​អន់​ថយ​នៅ​ឡើយ។

លោក​បាន​និយាយ​ថា៖ «រហូត​ដល់​ពេល​នេះ យើង​មាន​ផលិតផល មាន​ការ​គំាទ្រ មាន​វត្ថុ​ធាតុ​ដើម មាន​ប្រជា​កសិករ​ដែល​ខិតខំ​ជួយ​ផលិត​ឲ្យ​មាន​គុណភាព យើង​មាន​មុំ​បី​នេះ​ជា​កត្តា​ជោគជ័យ​ទៅ​លើ​ផលិត​នេះ»។

លោក​ថ្លែង​ថា ពេល​នេះ​ក្រុមហ៊ុន​មាន​ផលិតផល​គ្រប់​គ្រាន់​ហើយ ដោយ​ត្រូវ​ផ្តោត​លើ​ទីផ្សារ​ក្នុង​ឆ្នាំ​ក្រោយ។ ឆ្នាំ ២០១៤ ខាង​មុខ​ជា​ឆ្នាំ​ដែល​ក្រុមហ៊ុន​នឹង​ពង្រីក​ឲ្យ​កាន់​តែ​ខ្លាំង​ថែម ទៀត ពិសេស​តម្លៃ​បន្ថែម​ឲ្យ​ដល់​កសិករ​ជា​អ្នក​ឡើង​ត្នោត​តែ​ម្តង៕

អត្ថបទគួរចាប់អារម្មណ៍