ភ្នំពេញៈ មន្ដ្រីជាន់ខ្ពស់​នៃ​រដ្ឋលេខាធិការដ្ឋាន​អាកាសចរ​ស៊ីវិល (SSCA) បានឱ្យ​ដឹងថា ទោះបីជា ការរីករាលដាល​ដោយសារតែ​ព្រឹត្តិការណ៍​សហគមន៍​ ២០ ​កុម្ភៈ​ ដែល​បាន​បណ្ដាល​ឱ្យ​មាន​ការរឹតបន្តឹង​ការធ្វើដំណើរ​ទៅ​តំបន់​ដែល​ពេញនិយម​មួយចំនួន​ដូចជា​តំបន់​ឆ្នេរសមុទ្រ​ជាដើម ក៏​ព្រលាន​យន្តហោះ​អន្តរជាតិ​តារាសាគរ​នៅក្នុង​ខេត្តកោះកុង​មិនបាន​ដាក់​លិខិត​ណាមួយ ដើម្បី​ស្នើសុំ​ពន្យារ​ពេលវេលា​ដែល​ត្រូវបាន​កំណត់​ក្នុង​ការដាក់​ឱ្យ​ប្រតិបត្តិការ​ដោយ​គ្រោងទុក​នៅ​ពាក់កណ្ដាល​ឆ្នាំ​ ២០២១ នេះ​ទេ​។

លោក ស៊ិន ចាន់សេរីវុត្ថា អ្នក​នាំពាក្យ SSCA បាន​ប្រាប់​ ភ្នំពេញ​ ប៉ុស្ដិ៍​ កាលពី​ថ្ងៃទី​ ១៥ ខែមីនា​ថា បច្ចុប្បន្ន​ក្រុមហ៊ុន​នេះ​នៅតែ​ប្រកាន់ខ្ជាប់​ការកំណត់ពេល​វេលា​របស់​ពួកគេ​ក្នុង​ការចាប់ផ្ដើម​ប្រតិបត្តិការ​នៅ​ពាក់កណ្ដាល​ឆ្នាំ​ ២០២១ បន្ទាប់ពី​ការសាងសង់​ផ្លូវ​រត់ និង​អគារ​ទទួល​អ្នកដំណើរ​ត្រូវ​បានបញ្ចប់​ចាប់តាំងពី​ចុង​ឆ្នាំ​ ២០២០​។ ក្រុមហ៊ុន​នេះ​កំពុង​ដំណើរការ​សាកល្បង និង​ការដំឡើង​គ្រឿង​បរិក្ខារ​ផ្សេងៗ និង​រៀបចំ​ស្នើសុំ​វិញ្ញាបនបត្រ​ព្រលានយន្តហោះ​ដែល​ត្រូវការ​ពេលវេលា​យ៉ាង​ហោចណាស់​ពី​ ៦ ​ទៅ​ ៧ ​ខែ​។

លោក​ថ្លែងថា​៖ «​តាម​ការគ្រោងទុក ពួកគេ​នឹង​ចាប់ផ្ដើម​ប្រតិបត្តិការ​របស់ខ្លួន​នៅ​ពាក់កណ្ដាល​ឆ្នាំ​ ២០២១​។ បើទោះបី​ជា​មានការរីក​រាលដាល​ជំងឺ ដោយសារ​តែ​ព្រឹត្តិការណ៍​ ២០ ​កុម្ភៈ ​ក៏ដោយ ក៏​ក្រុមហ៊ុន​មិន​បានដាក់​ពាក្យសុំ​ពន្យារ​ពេលវេលា​ណាមួយ​នោះទេ​»​។

លោក​បន្ត​៖ «​នៅពេលនេះ ក្រុមហ៊ុន​កំពុង​ស្ថិត​ក្នុង​ការរៀបចំ​សម្រាប់​ការដាក់​ឯកសារ​ដែល​ជាប់​ទាក់ទង​នឹង​ការទទួល​បាន​វិញ្ញាបនបត្រ​ព្រលានយន្តហោះ​សម្រាប់​ប្រតិបត្តិការ​។ ខ្ញុំ​គិតថា នៅ​ដំណាក់កាល​ដំបូង ពួកគេ​គ្រាន់តែ​ដំណើរការ​សាកល្បង​នូវ​គ្រឿង​បរិក្ខារ​ដែល​បំពាក់​រួច និង​មាន​ជើង​ហោះហើរ​ជា​លក្ខណៈ​ជួល មិនមែន​លក្ខណៈ​ទៀងទាត់​នោះ​ទេ ដោយសារ​វា​អាស្រ័យ​លើ​ភាពធូរស្រាល​នៃ​ជំងឺ​កូវីដ​ ១៩ និង​ទំនុកចិត្ត​របស់​អ្នកដំណើរ​តែប៉ុណ្ណោះ​»​។

ព្រលានយន្តហោះ​អន្តរជាតិ​តារាសាគរ​មាន​តម្លៃ​ ៣៥០ ​លាន​ដុល្លារ​នៅ​ស្រុក​បទុមសាគរ​កំពុង​អភិវឌ្ឍ​ដោយ​ក្រុមហ៊ុន​ចិន Tianjin Union Development Group (UDG)​។ ព្រលានយន្តហោះ​មួយ​នេះ​មាន​សមត្ថភាព​អាច​ទទួល​យន្តហោះ​ចម្ងាយ​ឆ្ងាយ ចុះចត រួមមាន​យន្តហោះ​ប្រភេទ Boeing 777 និង ប្រភេទ​យន្តហោះ Airbus A340​។

ការសាងសង់​ព្រលាន​យន្តហោះ​អន្តរជាតិ​នៅ​ខេត្ត​កោះកុង​មាន​ដើមទុន​វិនិយោគ​ ៤០ ​លាន​ដុល្លារ ដែល​ជា​ការវិនិយោគ​រួមគ្នា​រវាង​ក្រុមហ៊ុន​របស់​លោក លី យ៉ុងផាត់ និង​ក្រុមហ៊ុន Bangkok Airways Plc ត្រូវបាន​ផ្អាក​ដំណើរការ​រហូត​ដល់​ស្ថានការណ៍​ជំងឺ​កូវីដ​ធូរស្រាល​ឡើងវិញ​។

លោក ចាន់សេរីវុត្ថា បានឱ្យ​ដឹងថា ទោះបី​ជា​មាន​ការចាក់​វ៉ាក់សាំង​ប្រឆាំង​នឹង​ជំងឺ​កូវីដ ​១៩ ​ក៏ដោយ ក៏​អ្នកដំណើរ​នឹង​នៅតែ​ប្រុងប្រយ័ត្ន និង​បារម្ភ​ក្នុងការ​ជិះ​យន្តហោះ​ដែរ​។

លោក​បន្តថា​៖ «​វិស័យ​អាកាសចរណ៍ មិនទាន់​កើនឡើង​វិញ​នោះទេ ដោយសារ​មាន​ការបារម្ភ​ជុំវិញ​ការឆ្លង​បណ្តាល​មកពី​ការរីករាលដាល​ជំងឺ​កូវីដ​ ១៩​។ ដូច្នេះ​វា​នៅតែ​មាន​ភាពមិន​ច្បាស់លាស់ ហើយ​យើង​សង្ឃឹមថា ប្រសិនបើ​ការចាប់ផ្ដើម​ការចាក់​វ៉ាក់សាំង​ប្រឆាំង​ជំងឺ​កូវីដ ​១៩ មាន​ប្រសិទ្ធភាព​ច្រើន​នឹង​មាន​ការកើនឡើង​វិញ​របស់​ឧស្សាហកម្ម​មួយ​នេះ​ជាក់​ជាមិនខាន​»​។

ចរាចរណ៍​នៃ​អ្នកដំណើរ​ទាំង​ជាតិ​ និង​អន្តរជាតិ​តាម​ព្រលានយន្តហោះ​អន្តរជាតិ​ទាំង​ ៣ ​របស់​ប្រទេស​កម្ពុជា​រួមមាន ព្រលានយន្តហោះ​អន្តរជាតិ​ភ្នំពេញ ខេត្តសៀមរាប និង ខេត្ត​ព្រះសីហនុ​បាន​ធ្លាក់ចុះ​ ៨១,៣ ​ភាគរយ​កាលពី​ឆ្នាំមុន ធៀប​នឹង​ឆ្នាំ​ ២០១៩ ខណៈ​ដែល​ចរាចរណ៍​ទំនិញ​ក៏បាន​ធ្លាក់ចុះ​ ២៩,៩ ​ភាគរយ ដោយសារ​តែ​ការអាក់ខាន​ដែល​បាន​បណ្ដាល​មកពី​ការរីករាលដាល​ជំងឺ​កូវីដ​ ១៩​។ នេះ​បើ​យោង​តាម​អ្នក​នៅក្នុង​ឧស្សាហកម្ម​នេះ​។

ក្រុមហ៊ុន Cambodia Airports បាន​រាយការណ៍​ថា ព្រលានយន្តហោះ​អន្តរជាតិ​ទាំង​ ៣ ​នៅក្នុង​ប្រទេស​កម្ពុជា​បាន​ស្វាគមន៍​អ្នកដំណើរ​ ១១,៦ ​លាន​នាក់​ កាលពី​ឆ្នាំ​ ២០១៩ ដែល​បង្ហាញ​ការកើនឡើង ១០,២ ​ភាគរយ ​ធៀប​នឹង​ឆ្នាំ​ ២០១៨​។

ក្រុមហ៊ុន​នេះ​បាន​ឱ្យ​ដឹងថា ព្រលានយន្តហោះ​ទាំង​ ៣ ​ខាងលើ​បាន​បម្រើ​ទិសដៅ​រួមគ្នា​ជាង​ ៥៥ និង​ស្វាគមន៍​ជើងហោះហើរ​លក្ខណៈ​ទៀងទាត់​ ៧០០ ​ជើង ​ក្នុង​ ១ ​សប្ដាហ៍​៕LA