ក្រុងហូជីមិញៈ ព្រលាន​យន្តហោះ​ទាំង ២១ ក្នុង​ប្រទេស​វៀតណាម​បានទទួល​អ្នកដំណើរ​លើស​សមត្ថភាព ដោយ​ចំនួន​អ្នក​ដំណើរ​ត្រូវបាន​ប៉ាន់ប្រមាណ​ថា​នឹង​កើនឡើង​ដល់​ជាង ១១២ ​លាន​នាក់​នៅ​ឆ្នាំនេះ ខណៈ​ដែល​សមត្ថភាព​មានតែ ៩៦,០៥ ​លាន​នាក់​។

នៅ​ឆ្នាំ​មុន​ព្រលាន​ទាំងនេះ​ទទួល​បាន​អ្នកដំណើរ​ចំនួន ១០៣,៥ លាន​នាក់​។

ព្រលាន​យន្តហោះ​អន្តរជាតិ Tan Son Nhat ក្នុង​ទីក្រុង​ហូជីមិញ​ទទួល​រងការកកស្ទះ​ចរាចរណ៍​រ៉ាំរ៉ៃ​ទាំង​នៅ​ខាង​ក្នុង និង​ខាងក្រៅ បើ​ទោះ​ជា​មាន​កិច្ចប្រឹងប្រែង​របស់​គណៈកម្មការ​ប្រជាជន​របស់​ទីក្រុង​នេះ ក្រសួង​ដឹកជញ្ជូន និង​ទីភ្នាក់ងារ​ផ្សេងៗ​ទៀត​ក្តី​។

អាជ្ញាធរ​ព្រលាន​យន្តហោះ​មិនទាន់​បាន​កំណត់​រក​ក្រុមហ៊ុន​សាងសង់​សម្រាប់​សាងសង់​ស្ថានីយ​អ្នកដំណើរ​ទី​ ៣ នៅឡើយ​ទេ​។ ស្ថានីយ​ថ្មី​នេះ​នឹង​ត្រូវបាន​រចនា​ដើម្បី​ទទួល​អ្នកដំណើរ ២០ ​លាន​នាក់​ក្នុង​ ១ ​ឆ្នាំ​ដែល​ជួយ​ដោះស្រាយ​ការកកស្ទះ​ចរាចរណ៍ និង​អភិវឌ្ឍ​ព្រលាន​នេះ​ស្រប​តាម​ផែនការ​មេ​ដែល​ត្រូវ​បាន​អនុម័ត​ដោយ​រដ្ឋាភិបាល​។

ការទទួល​អ្នកដំណើរ​ហួស​សមត្ថភាព​នេះ​គឺជា​ហេតុផល​ដែល​ធ្វើឲ្យ​មិនមាន​ការផ្តល់​ទីតាំង​បន្ថែម​ដល់​ក្រុមហ៊ុន​អាកាសចរណ៍​បរទេស ឬ​ក្នុងស្រុក​នៅ​ព្រលាន​អន្តរជាតិ​នេះ​។

ការទទួល​អ្នក​ដំណើរ​ហួស​សមត្ថភាព​គឺជា​បញ្ហា​ធ្ងន់ធ្ងរ​មួយ​ផងដែរ​នៅ​ព្រលាន​មួយចំនួន​ក្នុង​ចំណោម​ព្រលាន​យន្តហោះ​អន្តរជាតិ​ផ្សេងៗ​ដូចជា​ព្រលាន Cam Ranh នៅ​ខេត្ត​កាញ់ហាវ (Khanh Hoa) និង​ព្រលាន​យន្តហោះ​ក្នុង​ខេត្ត​ដាណាង ដែល​ស្ថិត​នៅ​ភាគ​កណ្តាល​។

ព្រលាន​ ដាណាង ​ដែល​មាន​សមត្ថភាព​ទទួល​អ្នកដំណើរ​បាន ១០ ​លាន​នាក់​ក្នុង​ ១ ​ឆ្នាំ តែ​ទទួល​អ្នកដំណើរ ១៣,២ លាន​នាក់​កាលពី​ឆ្នាំ​មុន​។

ព្រលាន Cam Ranh ដែល​មាន​សមត្ថភាព​ទទួល​អ្នកដំណើរ​បាន ៦,៥ លាន​នាក់​កាលពី​ឆ្នាំ​មុន​ទទួល​អ្នកដំណើរ​ចំនួន ៨,២ ​លាន​នាក់​។

ចំនួន​អ្នក​ដំណើរ​ដែល​ប្រើ​ព្រលាន​ផ្សេងៗ​ដូចជា​ព្រលាន Tho Xuan នៅ​ខេត្ត​ថាញ់ហាវ ព្រលាន Cat Bi នៅ​ទីក្រុង​ហាយហ្វុង ព្រលាន​នៅ​ទីក្រុង Vinh ព្រលាន Phu Cat នៅ​ខេត្ត​ប៊ីញឌីញ និង​ព្រលាន Tuy Hoa នៅ​ខេត្ត​គីញ៉ុន ក៏​បាន​កើនឡើង​ដល់​កម្រិត​ពេញ​សមត្ថភាព​ផងដែរ​៕ ANN/KC