ភ្នំពេញៈ ទោះបី​ការរីករាលដាល​ជំងឺ​កូវីដ ​១៩ បាន​ធ្វើឲ្យ​ប៉ះពាល់​យ៉ាងខ្លាំង​ដល់​វិស័យ​អាកាសចរណ៍​ក្តី ក៏​ផែនការ​នៃ​ការសាងសង់​ព្រលាន​យន្តហោះ​អន្តរជាតិ​សៀមរាប​មិន​បាន​ផ្លាស់ប្តូរ​នោះទេ ដោយ​វា​នឹងត្រូវ​បញ្ចប់​តាម​ពេលវេលា​កំណត់​ត្រឹម​ឆ្នាំ​ ២០២៣​។

លោក Lu Wei ប្រធាន​ក្រុមប្រឹក្សា​ក្រុមហ៊ុន​វិនិយោគ​ព្រលាន​យន្តហោះ​អន្តរជាតិ​អង្គរ (AI AI) ​បាន​ថ្លែង​ក្នុងជំនួប​ជាមួយ​នឹង​លោក ម៉ៅ ហាវណ្ណាល់ រដ្ឋលេខាធិការ​អាកាសចរ​ស៊ីវិល (SSCA) ​កាលពី​ថ្ងៃ​ចន្ទ​ថា ដោយ​មាន​ទំនាក់ទំនង​ដ៏ជិតស្និទ្ធ​រវាង​មេដឹកនាំ​ប្រទេស​ទាំង​ ២ ជាពិសេស​ក្នុងអំឡុងពេល​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​កូវីដ​ ១៩ ក្រុមហ៊ុន​នៅតែ​ទទួល​បាន​ការគាំទ្រ​ពី SSCA ដើម្បី​បង្កើន​ល្បឿន​ការសាងសង់​ព្រលានយន្តហោះ​នេះ​។

លោក​ថ្លែងថា​៖ «​ក្រុមហ៊ុន​នេះ​បានចាប់ផ្ដើម​ការសាងសង់​ព្រលានយន្តហោះ​អន្តរជាតិ​សៀមរាប​ថ្មី​ចាប់តាំងពី​ថ្ងៃទី​ ១៥ ខែមីនា​ មក​។ ការសាងសង់​នឹង​ត្រូវការ​រយៈពេល​ ៣៦ ​ខែ ហើយ​វា​នឹងត្រូវ​បញ្ចប់​ទាំងស្រុង​នៅ​ថ្ងៃទី​ ១៤ ខែមីនា ឆ្នាំ​ ២០២៣»​។ លោក​បន្ថែមថា បច្ចុប្បន្ន​ក្រុមហ៊ុន​កំពុង​ធ្វើការ​យ៉ាង​ជិតស្និទ្ធ​ជាមួយ​ក្រុម​អ្នកបច្ចេកទេស​របស់ SSCA ដែល​ភាគច្រើន​ផ្ដោត​ការយកចិត្ត​ទុកដាក់​លើ​ការដំឡើង​ឧបករណ៍​បច្ចេកទេស និង​ការរចនា​ព្រលាន​យន្តហោះ​ថ្មី​នេះ​។

លោក ស៊ិន ចាន់សេរីវុត្ថា អ្នកនាំពាក្យ SSCA បាន​ប្រាប់​ភ្នំពេញ​ប៉ុស្ដិ៍​ថា ទោះបី​ការរីក​រាលដាល​ជំងឺ​កូវីដ​កំពុង​ប៉ះពាល់​ដល់​ឧស្សាហកម្ម​អាកាសចរណ៍​ក៏ដោយ ក៏​ក្រុមហ៊ុន AIAI បាន​ប្ដេជ្ញាចិត្ត​រួចហើយ​សម្រាប់​ការសង់​ព្រលានយន្តហោះ​ថ្មី​នេះ ដើម្បី​សម្រេច​បាន​តាម​ពេលវេលា​គ្រោងទុក​។

លោក​ថ្លែងថា​៖ «​ពិត​ហើយ ការរីក​រាលដាល​នេះ​កំពុង​ប៉ះពាល់​ដល់​ឧស្សាហកម្ម​នេះ ប៉ុន្តែ​វា​មិន​បណ្ដាល​ឲ្យ​មាន​ការពន្យារពេល​ការសាងសង់​ទេ​។ តាមពិត​មាន​ការពន្យារពេល​ការធ្វើ​ដំណើរ​សម្រាប់​អ្នកជំនាញ​ខ្លះ ដោយសារ​ការហាមឃាត់​ការធ្វើ​ដំណើរ ប៉ុន្តែ​ក្រុមហ៊ុន​នេះ​មិនមាន​បញ្ហា​ណាមួយ​ជាមួយ​នឹង​ហិរញ្ញវត្ថុ​ទេ​។ នៅពេលនេះ​ពួកគេ​បានដាក់​កម្មករ​កាន់តែ​ច្រើន​សម្រាប់​ការសាងសង់​»​។

ព្រលានយន្តហោះ​ថ្មី​ដែល​គ្រោង​ចំណាយ​ប្រាក់ ៨៨០ ​លាន​ដុល្លារ​នេះ​ត្រូវបាន​សាងសង់​លើ​ផ្ទៃដី ៧៥០ ​ហិកតា​នៅ​ស្រុក​សូទ្រនិគម ជាយក្រុង​សៀមរាប​។ គម្រោង​នេះ​នឹង​ត្រូវបាន​សាងសង់​ ៣ ​ដំណាក់កាល​។

ក្រុមហ៊ុន​នឹង​វិនិយោគ​ជាង​ ៥០០ ​លាន​ដុល្លារ​​ សម្រាប់​ដំណាក់កាល​ទី​ ១ និង​ ២ ដែល​នឹង​អាច​ឲ្យ​យន្តហោះ​ដឹក​អ្នកដំណើរ​ទំហំ​មធ្យម និង​ចម្ងាយ​ឆ្ងាយ​ដូចជា​យន្តហោះ Boeing 737 និង​យន្តហោះ Airbus A320 ចុះចត​បាន​។ ទឹកប្រាក់​ ៣០០ ​លាន​ដុល្លារ​ផ្សេងទៀត​នឹង​ត្រូវ​បម្រុង​ទុក​សម្រាប់​ដំណាក់កាល​ទី​ ៣​។

កាលពី​ខែតុលា​ឆ្នាំ​ ២០១៧ កិច្ចព្រមព្រៀង​ដើម្បី​សាងសង់​ព្រលានយន្តហោះ​ថ្មី​នេះ​ត្រូវបាន​ចុះហត្ថលេខា​ដោយ​រដ្ឋាភិបាល​កម្ពុជា និង Yunnan Investment Holdings, Ltd ជា​ក្រុមហ៊ុន​រដ្ឋ​របស់​ប្រទេស​ចិន​។ កិច្ចព្រមព្រៀង​នេះ​បានផ្ដល់​ដល់​ក្រុមហ៊ុន​ចិន​នូវ​សិទ្ធិផ្ដាច់មុខ​ក្នុង​ការដំណើរការ និង​ការគ្រប់គ្រង​សម្បទាន​ព្រលានយន្តហោះ​នេះ​ក្នុង​រយៈពេល​ ៥៥ ​ឆ្នាំ​ស្ថិត​ក្រោម​ផែនការ​សាងសង់ ប្រតិបត្តិការ ផ្ទេរ​ (BOT)​។

យោងតាម​លោក សេរីវុត្ថា តាមរយៈ​ការសិក្សា​ព្រលាន​យន្តហោះ​អន្តរជាតិ​ថ្មី​នេះ​អាច​ទទួល​អ្នកដំណើរ​បាន​ ១០ ​លាន​នាក់​ ក្នុង​ឆ្នាំ​ ២០៣០ និង​ ២០ ​លាន​នាក់​ត្រឹម​ឆ្នាំ​ ២០៥០​។

លោក​បាន​បន្ថែមថា​៖ «​យើង​សង្ឃឹម​ថា ក្រោយពី​បញ្ចប់​ការសាងសង់ ព្រលាន​យន្តហោះ​នេះ​នឹងដាក់​ឲ្យ​ដំណើរការ​យ៉ាង​ល្អ ខណៈ​ការរីករាលដាល​ជំងឺ​កូវីដ​នឹង​ត្រូវ​បញ្ចប់​»៕ LA