ភ្នំពេញៈ ​ព្រលាន​យន្ត​ហោះ​អន្តរ​ជាតិ​​សំខាន់​ទាំង​ ៣ ​របស់​កម្ពុជា​បាន​​ស្វាគមន៍​ អ្នក​ដំណើរ​​ ១០ ​លាន​នាក់​កាល​ពី​ម្សិលមិញ​ ដែល​ជា​ទំព័រ​ថ្មី​មួយ​សម្រាប់​ក្រុមហ៊ុន​ Cambodia Airport​។ ​នេះ​បើ​យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​ ​​ចេញ​​ផ្សាយ​​កាល​ពី​ម្សិលមិញ ​ដោយ​ក្រុមហ៊ុន​ Cambodia ​Airport​។​​

អ្នក​នាំ​ពាក្យ​រដ្ឋ​លេខា​ធិការ​ដ្ឋាន​អាកាសចរ​ស៊ី​វិល បាន​បញ្ជាក់​ថា ​ប្រតិបត្តិ​ករ​អាកាស​ចរណ៍​ចាំបាច់​ត្រូវ​ត្រៀម​ខ្លួន​ជា​មុន ដើម្បី​ចាប់​យក​កំណើន​នៅ​ក្នុង​ឧស្សាហ​កម្ម​នេះ​។​​

សេចក្ដី​ប្រកាស​ព័ត៌មាន​នេះ​ឲ្យ​ដឹង​ថា​ ព្រលាន​យន្ត​ហោះ​ ៣ ​របស់​ប្រទេស​ កម្ពុជា ​បាន​ទទួល​​បាន​អ្នក​ដំណើរ​​ឆ្លង​កាត់​ជា​​លើក​ដំបូង​ ១០ ​លាន​នាក់​។​ តួ​លេខ​ដែល​ទទួល​បាន​នេះ គឺ​​​រួម​បញ្ចូល​គ្នា​​នៃ​ការ​មក​ដល់​ទាំង​​អ្នក​ដំណើរ​អន្តរ​ជាតិ​ និង​​ក្នុង​ស្រុក​ទាំង​អស់​ ទាំង​ទៅ និង​​ចេញ​ដំណើរ​ពី​ព្រលាន​​យន្តហោះ​​អន្តរ​ជាតិ​ភ្នំពេញ ​សៀម​រាប​ និង​ក្រុង​ព្រះ​សីហនុ​។

លោក​ Eric​ Delobel ប្រធាន​ប្រតិបត្តិ​​ក្រុមហ៊ុន បាន​ឲ្យ​ដឹង​ថា ​ការ​ត​ភ្ជាប់​ និង​​ការ​រួម​បញ្ចូល​​គ្នា ​រវាង​ព្រលាន​យន្តហោះ​ទាំង ៣​ បាន​រួម​ចំណែក​ដ៏​សំខាន់​​ក្នុង​ការ​នាំ​យក​អ្នក​ដំណើរ​កាន់​តែ​​ច្រើន​​​ឡើង​ៗ មក​ប្រទេស​ កម្ពុជា​។​ ​

លោក​ថ្លែង​ថា​​៖ «​ជា​រួម​ ការ​ធ្វើ​ចរាចរណ៍​ដ៏​រឹង​មាំ​នៅ​​​​ព្រលាន​​យន្តហោះ​ទាំង​នេះ ឆ្លុះ​បញ្ចាំង​ពី​កំណើន​ទេសចរ​នៅ​កម្ពុជា ជា​ពិសេស​​​វា​បាន​ជំរុញ​ដោយ​ភាព​ទាក់​ទាញ​ថ្មី​ៗ​នៃ​​តំបន់​ឆ្នេរ​សមុទ្រ​របស់​កម្ពុជា និង​លទ្ធផល​សេដ្ឋកិច្ច​ប្រកប​ដោយ​​ជោគជ័យ​ ដល់​ឱកាស​ពាណិជ្ជ​កម្ម​»។ លោក​បន្ថែម​ថា ចរាចរណ៍​អ្នក​ដំណើរ​បាន​កើន​ឡើង​ ២ ​ដង​​​ក្នុង​រយៈ​ពេល​ ៥ ឆ្នាំ​ថ្មី​ៗ​នេះ​។

លោក​ថ្លែង​ថា​៖ «​លើក​ម្រិត​ពិភព​លោក យើង​ទទួល​បាន​អត្ថ​​ប្រយោជន៍​នៃ​​​ ផ្នែក​​ ១ នៃ​បណ្ដាញ​ទូទាំង​ពិ​ភព​លោក​របស់​ព្រលាន​យន្តហោះ​ ដែល​គ្រប់​គ្រង​ដោយ​​ក្រុមហ៊ុន VINC​I Airports ជា​ក្រុមហ៊ុន​មេ​របស់​យើង​។ គំរូ​ពាណិជ្ជ​កម្ម​ដែល​ក្រុម​ហ៊ុន VINCI Airports បាន​អភិវឌ្ឍ​សម្រាប់​ប្រព័ន្ធ​ព្រលាន​យន្តហោះ​របស់​កម្ពុជា​ បាន​​បង្ហាញ​ការ​ទាក់​ទង​ ហើយ​ខ្ញុំ​មាន​ទំនុក​ចិត្ត​ថា វា​នឹង​នាំ​ពួក​យើង​ឲ្យ​ទទួល​បាន​ជោគ​ជ័យ​នៅ​ពេល​អនាគត​»។​

លោក ​ស៊ីន ចាន់​សិរី​វុត្ថា​ អ្នក​នាំ​ពាក្យ​រដ្ឋ​លេខាធិ​ការ​ដ្ឋាន​អាកាស​ចរ​ស៊ីវិលបាន​ឲ្យ​ដឹង​ថា ទី​ផ្សារ​​អាកាស​ចរណ៍​​កម្ពុជា​បាន​​កើន​ឡើង​យ៉ាង​រហ័ស​ ខណៈ​វា​​មិន​ត្រូវ​បាន​រំពឹង​ថា​នឹង​ទទួល​បាន​​​ចំនួន​ដ៏​ច្រើន​លឿន​ដូច​នេះ​ទេ​​។

លោក​ថ្លែង​ថា​៖ «​ចំនួន​អ្នក​ដំណើរ​​បាន​កើន​ឡើង​​ដោយ​មិន​បាន​រំពឹង​ទុក​ វា​បង្ហាញ​ថា​ គោល​​នយោបាយ​របស់​យើង​​សម្រាប់​ការ​អភិវឌ្ឍ​សេដ្ឋ​កិច្ច​ កំពុង​ស្ថិត​លើ​ផ្លូវ​ត្រឹម​ត្រូវ​»។ ​លោក​បន្ត​ថា​៖ «​ប្រតិ​បត្តិករ​អាកាស​ចរណ៍ ចាំ​បាច់​ត្រូវ​តែ​រៀបចំ​ឲ្យ​បាន​ប្រសើរ​ ដើម្បី​ទទួល​បាន​កំណើន​នេះ​ ព្រម​ទាំង​ផែន​ការ​​យុទ្ធ​​សាស្ដ្រ​ និង​ផែន​ការ​ពាណិជ្ជ​កម្ម​ ដើម្បី​​ឆ្លើ​យ​​តប​នឹង​អតិ​ថិជន​របស់​ពួក​គេ​»​។​

​លោក​ ចាន់​សិរីវុត្ថា​ បាន​ឲ្យ​ដឹង​​ថា ជាមធ្យម​យ៉ាង​ហោ​ច​ណាស់មាន​ក្រុមហ៊ុន​អា​កាស​ចរណ៍​​៤ស្នើ​ចុះ​បញ្ជី​ក្នុង​១​ឆ្នាំៗ ខណៈ​ការ​ធ្វើ​ចរាចរ​​ណ៍ដឹក​ជញ្ជូន​ទំនិញ​​បានរក្សា​កំណើន​ផង​ដែរ​។​

​លោក ​ប៊ុន​ថៃ​ ឧត្តម ប្រធាន​​គ្រប់គ្រង​ទំនិញ​នៅ​ក្រុម​ហ៊ុន​ដឹក​ជញ្ជូន​តាម​អាកាស One World Aviation ​​ឲ្យ​ដឹង​ថា និន្នា​ការ​ទី​ផ្សារ​អា​កាស​ចរណ៍​បាន​កើន​ឡើង​ ខណៈ​អចល​នទ្រ​ព្យ​នៅ​កម្ពុជា កំពុង​មាន​ភាព​ពេញ​និយម​សម្រាប់​​ក្រុម​វិនិ​យោ​គិន​ចិន​។​ ​

លោក​ថ្លែង​​​ថា​៖ «​​ប្រសិន​បើ​យើង​សម្លឹង​មើល​តួលេខ អ្នកដំណើ​រជន​ជាតិចិន​ កំពុង​នាំ​មុខ​ ខណៈ​ឧស្សាហ​កម្ម​​អច​ល​​ន​ទ្រ​ព្យ​​របស់​យើង​កំពុង​កើន​ឡើង​ និង​ទាក់-​ទាញ​​ក្រុម​វិនិយោគិន​ជាច្រើន​​មក​កម្ពុជា​​របស់​យើង​ ជា​ពិសេស​​ក្រុម​វិនិ​យោ​គិន​ជន​ជាតិ​ចិន​»​។​ ​លោក​ថ្លែងថា​៖ «​ដូច្នេះ​ពី​១​​ឆ្នាំទៅ​១​ឆ្នាំ​ទី​ផ្សារ​អា​កាស​ចរណ៍​ បាន​រក្សា​កំណើ​ន​ ហើយ​ក្រុម​ហ៊ុន​​អាកាស​ចរណ៍​បន្ត​​បង្កើនជើងហោះ​​ហើរ​ត្រង់​​ និង​ជើង​ហោះ​ហើ​រ​ទៀង​​ទាត់​ របស់​ពួក​គេ​ផង​ដែរ​​»។​

កាល​ពី​ឆ្នាំ ២០១៧ ​ចំនួន​អ្នក​​ដំណើរ​​ឆ្លង​កាត់​តាម​ព្រ​លាន​យន្ត​ហោះ​អន្តរ​ជាតិ​របស់​​​​​កម្ពុជា ​មាន​​សរុប​ ៨,៨ លាន​​នាក់ ក្នុង​នោះ​ព្រលាន​យន្តហោះ​អន្តរ​ជាតិ​​ភ្នំពេញ​មាន​ចំនួន ​៤,២ ​លាន​​នាក់​ និង​សៀម​រាប​​សរុប ៤,២ ​​លាន​នាក់​។​ នេះ​បើ​​យោង​តាម​របាយ​ការណ៍​របស់​ក្រុមហ៊ុន Cambodia Airports។

របាយ​ការណ៍​បង្ហាញ​ថា​ ដោយ​​ចាប់​ពី​មូល​ដ្ឋាន​​ទាប ព្រ​លាន​​យន​ហោះ​អន្តរ​ជាតិ​ក្រុង​ព្រះ​សី​ហនុ មាន​កំណើន​​ ៣ ខ្ទង់​ ដោយ​ទទួល​អ្នក​ដំណើរ ៣៣៨ ០០​០​​នាក់​កាល​ពី​ឆ្នាំ​ ២០១៧៕LA