ភ្នំពេញ: ជាផ្នែកមួយនៃការពង្រីកអាជីវកម្មដើម្បីឆ្លើយតបនឹងកំណើននៅពេលជំងឺកូវីដ ១៩ ត្រូវបានទប់ស្កាត់ Cambodia Airports ជាក្រុមហ៊ុនដែលអភិវឌ្ឍ និងគ្រប់គ្រងបណ្ដាញព្រលានយន្តហោះអន្តរជាតិរបស់ប្រទេសកម្ពុជាកាលពីថ្ងៃអង្គារបានប្រកាសបញ្ចប់នូវការពង្រីក និងកែលម្អផ្លូវរត់របស់ព្រលានយន្តហោះអន្តរជាតិក្រុងព្រះសីហនុដែលអនុញ្ញាតស្វាគមន៍ការហោះហើរត្រង់ពីរយៈចម្ងាយឆ្ងាយឆាប់ៗនេះ។
យោងតាមសេចក្ដីប្រកាសពីក្រុមហ៊ុនមួយនេះផ្លូវរត់ត្រូវបានធ្វើឱ្យប្រសើរឡើងទាំងស្រុង ដែលរួមទាំងការពង្រីកពី ២ ៥០០ ម៉ែត្រដល់ ៣ ៣០០ ម៉ែត្រ ការពង្រឹកទីតាំងចុះចតនៅពេលបច្ចុប្បន្ន និងការដំឡើងប្រព័ន្ធអំពូលភ្លើង LED នៅលើព្រលានយន្តហោះ ដើម្បីកាត់បន្ថយកម្រិតកាបូន។
ការដាក់ឱ្យដំណើរការផ្លូវរត់ដែលស្ថិតក្នុងកម្មវិធីវិនិយោគ US$ ៥៨ លាន គ្រោងបញ្ចប់គម្រោងផ្សេងៗទៀតនៅត្រីមាសចុងក្រោយឆ្នាំ ២០២០។ ក្នុងបរិបទនៃកំណើនការធ្វើចរាចរណ៍ដ៏រឹងមាំ គម្រោងផ្លូវរត់នេះត្រូវបានដាក់ឱ្យដំណើរការកាលពីខែកក្កដា ឆ្នាំ ២០១៨ និងមានគោលបំណងសម្រួលដល់យន្តហោះធុនធំ (Code E) ដូចជាយន្តហោះ B-777-300ER ឬយន្តហោះ A-350-1000 ដែលប្រតិបត្តិការជើងហោះហើរត្រង់ចម្ងាយឆ្ងាយទៅ និងមកព្រលានយន្តហោះអន្តរជាតិក្រុងព្រះសីហនុ។
លោក Alain BRUN អគ្គនាយកក្រុមហ៊ុន Cambodia Airports បានឱ្យដឹងថា ការកែលម្អផ្លូវរត់នេះមានសារៈសំខាន់យ៉ាងខ្លាំង ដែលអាចឱ្យយន្តហោះចម្ងាយឆ្ងាយអាចហោះហើរត្រង់មកខេត្តជាប់ឆ្នេរ សមុទ្ររបស់ប្រទេសកម្ពុជាមួយនេះ។
លោក Alain ថ្លែងថា៖ «ដើម្បីគាំទ្រដល់ការអភិវឌ្ឍក្រុងព្រះសីហនុ ប្រព័ន្ធព្រលានយន្តហោះប្រកបដោយប្រសិទ្ធភាព និងការបង្កើនការតភ្ជាប់ផ្លូវ អាកាសមានសារៈសំខាន់។ ការកែលម្អសមត្ថភាពផ្លូវរត់នេះផ្ដល់ឱកាសកំណើនថ្មី ដោយសារតែក្រុមហ៊ុនអាកាសចរណ៍អាចប្រតិបត្តិការយន្តហោះធំៗ ដែលហោះទៅ និងមកពីទីផ្សារឆ្ងាយៗ ដូចជាសហភាពអឺរ៉ុបជាដើម»។
លោក ខែក នរិន្ទដា នាយកផ្នែកទំនាក់ទំនង និងទំនាក់ទំនងសាធារណៈនៅក្រុមហ៊ុន Cambodia Airports បានប្រាប់ភ្នំពេញប៉ុស្ដិ៍ថា ផ្លូវរត់នេះនឹងដាក់ឱ្យដំណើរការក្នុងរយៈពេលប៉ុន្មានសប្ដាហ៍ខាងមុខនេះ។ លោកបន្ថែមថា ព្រលានយន្តហោះនៅក្រុងព្រះសីហនុទទួលជើងហោះហើរក្នុងស្រុក និងក្រៅស្រុកប្រចាំសប្ដាហ៍ប្រហែល ២០ ជើងហោះហើរកាលពីខែកញ្ញាមុន ធ្លាក់ចុះជាង ៩៥ ភាគរយ បើធៀបនឹងខែកញ្ញា ឆ្នាំ ២០១៩។ ជើងហោះហើរទៀងទាត់ តភ្ជាប់ព្រលានយន្តហោះនេះទៅទីក្រុងជាច្រើនរបស់ប្រទេសចិន ទីក្រុងភ្នំពេញ និងសៀមរាប។
លោក តាំង សុចិត្តគ្រឹស្នា ប្រធានមន្ទីរទេសចរណ៍ខេត្តព្រះសីហនុបានប្រាប់ ភ្នំពេញ ប៉ុស្ដិ៍ ថា ការដំណើរការនៃការពង្រីករបស់ព្រលានយន្តហោះនេះគឺជាការឆ្លើយតបយ៉ាងខ្លាំងទៅនឹងការកើនឡើងការធ្វើចរាចរណ៍អ្នកដំណើរ នៅពេលជំងឺកូវីដ ១៩ អាចទប់ស្កាត់បាន។
លោកថ្លែងថា៖ «យើងរីករាយដែលមើលឃើញការកែលម្អព្រលានយន្តហោះនេះ ខណៈដែលចំណតអ្នកដំណើរថ្មីកំពុងសាងសង់។ នៅពេលនេះ ព្រលានយន្តហោះអាចទទួលជើងហោះហើរត្រង់ចម្ងាយឆ្ងាយដែលពិតជាមានសារៈសំខាន់ ដែលមិនត្រឹមតែបម្រើដល់វិស័យទេសចរណ៍ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងដើម្បីទាក់ទាញការវិនិយោគ និងក្រុមហ៊ុនកាន់តែច្រើនចូលមកខេត្តនេះផងដែរ»។
នៅចន្លោះឆ្នាំ ២០១៥ និងឆ្នាំ ២០១៩ ចំនួនអ្នកដំណើរបានកើនឡើងពី ៩៤ ០០០ ដល់ជាង ១,៦ លាននាក់ ហើយព្រលានយន្តហោះនេះទទួលបានកំណើន ៣ ខ្ទង់ស្ទើរតែរៀងរាល់ឆ្នាំ។ ក្នុងរយៈពេល ៥ ឆ្នាំចុងក្រោយនេះ ក្រុងព្រះសីហនុបានក្លាយជាទិសដៅមួយនៅក្នុងទីផ្សារជាមួយនឹងកំពង់ផែសមុទ្រទឹកជ្រៅ និងឆ្នេរសមុទ្រដ៏ស្រស់ស្អាតរបស់ខេត្តនេះ ទាក់ទាញទាំងវិនិយោគិនអាជីវកម្ម និងភ្ញៀវទេសចរ។ នេះបើយោងតាមក្រុមហ៊ុន Cambodia Airports៕ LA