ភ្នំពេញៈ អាកាសយានដ្ឋានអន្តរជាតិខេត្ត សៀមរាប ថ្មី (NSRIA) នឹងចាប់ផ្តើមបុកគ្រឹះដំណើរការសាងសង់នៅដើមឆ្នាំ ២០១៤។ នេះបើតាមការឲ្យដឹងពីលោក តឹក រ៉េតសំរេច ប្រធានគណៈកម្មាធិការ នាយកព្រលានយន្តហោះ។
អាកាសយានដ្ឋានអន្តរជាតិខេត្ត សៀមរាប ថ្មី នេះត្រូវបានគេរំពឹងទុកម្តងហើយថា នឹងអាចចាប់ផ្តើមដំណើរការបុកគ្រឹះកាលពីខែ ឧសភា ឆ្នាំនេះ ប៉ុន្តែបានខកខានទៅវិញ។
លោក តឹក រ៉េតសំរេច ប្រាប់ថា គម្រោងវិនិយោគដែលមានតម្លៃប្រមាណ ១ ពាន់លានដុល្លារនេះកំពុងដំណើរធម្មតា។ លោក រ៉េតសំរេច ថ្លែងថា៖ «ក្រុមការងារគេកំពុងសិក្សាវាយតម្លៃ និងរៀបចំគម្រោងសាងសង់នេះ។ គេធ្វើដំណើរចុះឡើងៗ ដើម្បីធ្វើការងារនេះ។ គេនឹងត្រូវប្រគល់ប្លង់លម្អិតក្នុងពេលឆាប់ៗនេះហើយ។ យូរ ឬ ឆាប់គឺអាស្រ័យខាងយើងអនុម័តលើប្លង់លម្អិតបានលឿនប៉ុនណា។ ប្រហែលដើមឆ្នាំ ២០១៤ គេអាចចាប់បុកគ្រឹះហើយ»។ ពាក់ព័ន្ធនឹងពន្យារពេលបុកគ្រឹះលោក តឹក រ៉េតសំរេច ពន្យល់ថា ដោយសារធនាគារនៅកូរ៉េដែលជាអ្នកគាំទ្រ គម្រោងសាងសង់ព្រលានយន្តហោះថ្មីនេះជួបវិបត្តិថវិកាកាលពី ឆ្នាំ ២០១២ ដែលតម្រូវឲ្យក្រុមហ៊ុនវិនិយោគត្រូវរៀបចំគម្រោងថវិកាឡើងវិញ តែបានបន្ថែមថា ក្រុមហ៊ុនវិនិយោគទាំងពីរកំពុងពន្លឿនការងារក្នុងគម្រោងនៅឆ្នាំ ២០១៣ នេះ។
កាលពីខែ មីនា ២០១២ លោក Lee Tae-hwan ប្រធាននាយកប្រតិបត្តិ NSRIA ត្រូវកាត់ទោសឲ្យជាប់គុក ៧ឆ្នាំ ពាក់ព័ន្ធនឹងការបោកបន្លំកម្ចីនៅធនាគារ Busan។ ទ្រព្យសម្បត្តិដែលមានតម្កល់នៅក្នុងធនាគារនេះសម្រាប់ទ្រទ្រង់ គម្រោងសាងសង់ព្រលានយន្តហោះ រួមជាមួយនឹងគម្រោងអចលនទ្រព្យ Camko City ត្រូវបានប្រគល់ទៅឲ្យសាជីវកម្មធានារ៉ាប់រងដែលគ្រប់គ្រងដោយរដ្ឋាភិបាលកូរ៉េនៅឆ្នាំ ២០១១។ នេះបើតាមលោក Ernst Lee អ្នកនាំពាក្យគណៈកម្មាការសេវាកម្មហរិញ្ញវត្ថុរបស់កូរ៉េ។
លោក តឹក រ៉េតសំរេច និយាយថា ដំណើរការគម្រោងនេះមិនមានភាពយឺតយ៉ាវនោះទេ៖ «បើគិតទៅយើងទើបតែអនុញ្ញាតចំពោះការស្នើសុំគម្រោងនេះនៅឆ្នាំ ២០១០។ ដល់ពេលនេះទើបតែមានរយៈពេលបីឆ្នាំប៉ុណ្ណោះ។
សម្រាប់គម្រោងធំបែបនេះខ្ញុំថាវាមិនយឺតយ៉ាវនោះទេ»។
កាលពី ២០១០ រដ្ឋាភិបាលសម្រេចប្រគល់សិទ្ធិទៅឲ្យក្រុមហ៊ុនកូរ៉េពីរ Camco Airport Co., Ltd និង Lees A&A ដែលមានភាគហ៊ុនម្នាក់ ៥០ ភាគរយ ដើម្បីសាងសង់អាកាសយានដ្ឋានអន្តរជាតិខេត្ត សៀមរាប ថ្មី ដែលអាចទទួលអ្នកដំណើរបានចន្លោះពី ១០ លានទៅ ១៥ លាននាក់ក្នុងមួយឆ្នាំៗ។ គម្រោងអភិវឌ្ឍន៍នេះគ្រោងនឹងធ្វើឡើងនៅស្រុកចំនួនពីរ គឺស្រុក ជីក្រែង និង សូទ្រនិគម ដែលមានចម្ងាយ ៦០ គីឡូម៉ែត្រពីទីរួមខេត្ត សៀមរាប។ ក្រុមហ៊ុនវិនិយោគទាំងពីរចំណាយទុន ២០០ លានដុល្លាររួចហើយដើម្បីទិញដីសម្រាប់សាងសង់៕