
ភ្នំពេញៈ អាកាសយានដ្ឋានអន្តរជាតិខេត្តសៀមរាប ថ្មី នឹងចាប់ផ្តើមបុកគ្រឹះសាងសង់នៅក្នុងខែសីហាវិញបន្ទាប់ពីការអះអាងកាលពីលើកមុនថានឹងចាប់ផ្តើមនៅដើមឆ្នាំនេះ។ នេះបើតាមលោក តឹក រ៉េតសំរេច ប្រធានគណៈកមម្មាធិការ នាយកព្រលានយន្តហោះ។
នេះជាការពន្យារពេលលើកទីបីហើយចាប់តាំងពី២០១២ បន្ទាប់ពីពន្យារពេលពីរដងរួចមកក្នុងឆ្នាំ២០១៣ ។
អាកាសយានដ្ឋានអន្តរជាតិខេត្តសៀមរាបថ្មី ត្រូវបានគេរំពឹងទុកម្តងហើយថា នឹងអាចចាប់ផ្តើមដំណើរការបុកគ្រឹះកាលពីខែឧសភា ឆ្នាំ២០១៣ ប៉ុន្តែខកខានទៅវិញ ដោយសារធនាគារនៅកូរ៉េដែលជាអ្នកគាំទ្រ គម្រោងសាងសង់ព្រលានយន្តហោះថ្មីនេះជួបវិបត្តិថវិកាកាលពីឆ្នាំ២០១២ ដែលតម្រូវឲ្យក្រុមហ៊ុនវិនិយោគត្រូវរៀបចំគម្រោងថវិកាឡើងវិញ។
លោក តឹក រ៉េតសំរេច បានមានប្រសាសន៍ថា បច្ចុប្បន្ន ការរចនាប្លង់អាកាសយានដ្ឋានអន្តរជាតិថ្មីនេះដោយវិស្វករជិតត្រូវបានបញ្ចប់ហើយ។ លោកបន្តថា ក្រោយពីទទួលបានការអនុម័តប្លង់សម្រេចហើយនោះ ដំណើរការ ការដ្ឋានអាកាសយានដ្ឋានអន្តរជាតិខេត្តសៀមរាប នឹងអាចចាប់ផ្តើម។
លោកថ្លែងថា៖ «វិស្វករគេឌីហ្សាញហើយទើបគេចាប់ផ្តើមធ្វើ។ ទាល់តែគូរប្លង់ហើយ ទើបអាចដំណើរការបាន។ ការពិតនៅទីតាំងនោះ គេបានសម្អាតរួចអស់ហើយ នៅរង់ចាំតែសង់ទេ ដែលធ្វើឡើងប្រហែលជាក្នុងខែសីហា»។
ក្រុមហ៊ុន កូរ៉េពីរ គឺ Camco Airport Co., Ltd និង Lees A&A ដែលមានភាគហ៊ុនម្នាក់ ៥០ ភាគរយ ជាក្រុមហ៊ុនដែលវិនិយោគលើគម្រោងការសាងសង់ អាកាសយានដ្ឋានអន្តរ ជាតិ ខេត្តសៀមរាប ថ្មីនេះ។ គម្រោងវិនិយោគដែលមានតម្លៃប្រមាណ ១ ពាន់លានដុល្លារនេះត្រូវបានអនុម័តដោយរដ្ឋាភិបាលពីឆ្នាំ២០១០ ប្រគល់សិទ្ធិសាងសង់ទៅឲ្យក្រុមហ៊ុនទាំងពីរ។
លោក តឹក រ៉េតសំរេច បន្តថា៖ «គម្រោងនេះមិនមានអ្វីប្រែប្រួលទេជាមួយនឹងការរៀបចំ។ ផ្នែកខាងក្នុង យើងបានធ្វើរួច ហើយការឌីហ្សាញ [គូរប្លង់] ផ្លូវយន្តហោះចុះឡើង និងទីតាំងចំណតរថយន្ត។ ការចាត់ចែងផ្ទៃដីគឺធ្វើរួចអស់ហើយអាចនឹងចាប់ផ្តើមការសាងសង់»។
អាកាសយានដ្ឋានអន្តរជាតិថ្មីនេះត្រូវបានគេរំពឹងថានឹងអាចទទួលអ្នកដំណើរបានក្នុងចន្លោះពី១០លានទៅ១៥ លាននាក់ក្នុងមួយឆ្នាំៗ។
លោក អាង គឹមអៀង ប្រធានសមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជានិយាយថា ការសាងសង់បន្ថែមអាកាសយានដ្ឋានអន្តរជាតិខេត្តសៀមរាបថ្មីនេះគឺជាការឆ្លើយតបទៅនឹងកំណើនភ្ញៀវទេសចរដែលមកទស្សនាកម្ពុជាជារៀងរាល់ឆ្នាំ។
លោកថ្លែងថា៖ «ប្រសិនបើយើងធ្វើព្រលានយន្តហោះធំនិងមានលក្ខណៈអន្តរជាតិដូច្នេះបាន ខ្ញុំគិតថាវាល្អណាស់សម្រាប់វិស័យទេសចរណ៍។ នេះជាផ្នែកមួយដែរក្នុងការរៀបចំខ្លួនឲ្យរួចរាល់ដើម្បីទទួលភ្ញៀវដ៏ច្រើននៅក្នុងឆ្នាំ២០២០នោះ»។
លោកបានបន្ថែមថាអាកាសយានដ្ឋានអន្តរជាតិខេត្ត សៀមរាបថ្មី នឹងបន្ថែមជម្រើសសេវាកម្មដឹកជញ្ជូនដល់ភ្ញៀវទេសចរ។ លោកបន្តថា៖ «ភ្ញៀវគាត់អាចជ្រើសយកការធ្វើដំណើរឆ្លងកាត់ព្រលានដែលថ្មី ល្អជាងនិងទំនើបជាង»។
បើតាមរបាយការណ៍ប្រចាំឆ្នាំរបស់ក្រសួងទេសចរណ៍ កម្ពុជា រំពឹងថា នឹងទទួលបានភ្ញៀវទេសចរ ៥ លាននាក់ក្នុងឆ្នាំ២០១៥ និងដល់ ៨ លាននាក់ក្នុងឆ្នាំ២០២០។
លោក តឹក រ៉េតសំរេច មិនបានបញ្ជាក់ពីពេលវេលាពិតប្រាកដថា អាកាសយានដ្ឋានអន្តរជាតិខេត្តសៀមរាបថ្មីនេះនឹងត្រូវបញ្ចប់នៅក្នុងឆ្នាំណានោះទេ។
គម្រោងអភិវឌ្ឍន៍នេះធ្វើឡើងនៅស្រុកចំនួនពីរ គឺស្រុក ជីក្រែង និង សូទ្រនិគម ដែលមានចម្ងាយ ៦០ គីឡូម៉ែត្រពីទីរួមខេត្ត សៀមរាប។
ក្រុមហ៊ុនវិនិយោគទាំងពីរនេះចំណាយទុនចំនួន២០០ លានដុល្លាររួចហើយដើម្បីទិញដីសម្រាប់សាងសង់ អាកាសយានដ្ឋានថ្មីនេះ៕
អត្ថបទគួរចាប់អារម្មណ៍
-
ភ្នំពេញ៖ កម្ពុជា នឹងទាញផលប្រយោជន៍បានជាអតិបរមា ក្នុងការទាក់ទាញអ្នកវិនិយោគបន្ថែមទៀត នៅក្នុងអំឡុងពេលរៀបចំកិច្ចប្រជុំកំពូលធុរកិច្ច និងវិនិយោគអាស៊ាន ដែលគ្រោងនឹងប្រារព្ធឡើងនៅខែវិច្ឆកា ឆ្នាំ ២០២២ ខាងមុខនេះ ស្របពេលដែលកម្ពុជា ធ្វើជាម្ចាស់ផ្ទះ នៃកិច្ចប្រជុំកំពូលអាស៊ានលើកទី ៤។
-
ព្រះសីហនុៈ អភិបាលខេត្តព្រះសីហនុ លោក គួច ចំរើន បានដាក់ចេញបទបញ្ជាដាច់ណាត់ ឱ្យអាជ្ញាធរពាក់ព័ន្ធទាំងអស់តាំងពីថ្នាក់លើរហូតដល់ថ្នាក់ក្រោមបើកយុទ្ធនាការ ១ ខែ ចាត់វិធានការ ក្រុមចោរលួចខ្សែភ្លើងនៅក្នុងខេត្ត។
-
ភ្នំពេញៈ លោក ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេសនឹងចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសនៃកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង (MLC) លើកទី៧ នៅថ្ងៃទី ៤ ខែកក្កដា នៅទីក្រុងបាហ្កាន ប្រទេសមីយ៉ាន់ម៉ា បន្ទាប់ពីបញ្ចប់ទស្សនកិច្ចនៅប្រទេសមីយ៉ាន់ម៉ា ក្នុងនាមជាប្រេសិតពិសេសរបស់ប្រធានអា
-
លោក វ្ល៉ាឌីមៀរ ពូទីន ប្រធានាធិបតីរុស្ស៊ីអះអាងពីការប្រយុទ្ធនៅប្រទេសអ៊ុយក្រែន នឹងត្រូវធ្វើឡើងដោយគ្មានកំណត់ពេលវេលាដែលត្រូវបញ្ចប់ ខណៈពីដំបូងឡើយ រុស្ស៊ីគ្រោងបើកប្រតិបត្តិការត្រឹមតែយ៉ាងយូរ ៧២ ម៉ោងប៉ុណ្ណោះ ប៉ុន្តែសង្គ្រាមនេះបានអូសបន្លាយ ៤ ខែទៅហើយ។
-
ភ្នំពេញៈ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងទីភ្នាក់ងារសហប្រតិបតិ្តការអន្តរជាតិ នៃប្រទេសជប៉ុន (JICA) ប្រចាំនៅកម្ពុជា ចុះហត្ថលេខាលើកិច្ចព្រមព្រៀងហិរញ្ញប្បទានឥតសំណង ដែលមានទឹកប្រាក់ចំនួន ៣៦៣ លានយ៉េនជប៉ុន ស្មើនឹង ២,៦ លានដុល្លារអាមេរិក សម្រាប់គម្រោងអាហារូបករណ៍ដើម្បីអភិវឌ្ឍធនធានមនុស្ស (JDS)
-
មន្ត្រីជាន់ខ្ពស់នៃក្រសួងសាធារណការនិងដឹកជញ្ជូន បានលើកឡើងថា គ្រោះថ្នាក់ចរាចរណ៍គឺជាមូលហេតុចម្បងនៃការស្លាប់នៅកម្ពុជា ដោយក្នុងមួយថ្ងៃៗគិតជាមធ្យមមានមនុស្ស៥នាក់បានស្លាប់ និងរងរបួស ១០ នាក់ តាមដងផ្លូវក្នុងប្រទេសកម្ពុជា។