ភ្នំពេញៈ ក្រុមហ៊ុន​ចិន Prince Holding Group បាន​បើកសម្ពោធ​ជា​ផ្លូវការ​នូវ​មជ្ឈមណ្ឌល​កម្សាន្ត​ខ្នាត​យក្ស​ដំបូង​នៅ​កម្ពុជា​គឺ ​«​ព្រីនស៍ ម៉ាណ័រ​» ​នៅ​ស្រុក​កៀនស្វាយ ខេត្តកណ្តាល​ដើម្បី​ស្រូប​ទាញ​ភ្ញៀវទេសចរ​ក្នុងស្រុក​ដែល​មិនអាច​ចេញទៅ​កម្សាន្ត​នៅក្រៅ​ប្រទេស​បាន​ដោយសារតែ​ការរីករាលដាល​នៃ​ជំងឺ​​វីដ​១៩​នៅតែ​បន្ត​។

មជ្ឈមណ្ឌល​កម្សាន្ត​ «​ព្រីនស៍ ម៉ាណ័រ​» ស្ថិតនៅតាម​បណ្តោយ​ផ្លូវជាតិ​លេខ​ ១ ភូមិ​ដីឥដ្ឋ​កោះ​ផុស​ ២ ឃុំ​ដីឥដ្ឋ ស្រុក​កៀនស្វាយ ខេត្តកណ្តាល​។ មជ្ឈមណ្ឌល​កម្សាន្ត «​ព្រីនស៍ ម៉ាណ័រ​» នេះ​​គឺជា​គម្រោង​សួន​កម្សាន្ត​ខ្នាត​យក្ស​ដំបូង​គេ​នៅក្នុង​ប្រទេស​កម្ពុជា​ចម្ងាយ​ជាង ២០ ​គីឡូម៉ែត្រ​ពី​កណ្តាល​រាជធានី-ភ្នំពេញ​។

មជ្ឈមណ្ឌល​កម្សាន្ត​ «​ព្រីនស៍ម៉ាណ័រ​» ជាការ​វិនិយោគ​របស់​ក្រុមហ៊ុន «​ព្រីនស៍ ខលឈ័រ អេន ធួរីហ្សឹម ឌីវេឡុបមិន ឯ.ក​» ដោយ​គ្របដណ្តប់​លើ​ផ្ទៃដី​ទំហំ​ជាង​ ១៣ ​ហិកតា ជាមួយ​គម្រប​រុក្ខជាតិ​បៃតង ៨៨ ​ភាគរយ​។

មជ្ឈមណ្ឌល​កម្សាន្ត​ «​ព្រីនស៍ ម៉ាណ័រ​» ជា​រមណីយដ្ឋាន​អេកូឡូស៊ី​ខ្នាត​អន្តរជាតិ​មួយ​ដែល​ផ្តល់ជូន​ភ្ញៀវទេសចរ​នូវ​ការសម្រាក​លម្ហែកាយ វិស្សមកាល​ជាមួយ​ទេសភាព​ស្រស់បំព្រង ការកម្សាន្ត​លក្ខណៈ​គ្រួសារ និង​ទេសចរណ៍​លក្ខណពិសេស​ដែល​រួមបញ្ចូល​នូវ​សួនផ្កា​ចម្រុះពណ៌ សួន​កម្សាន្ដ​រីករាយ បន្ទប់​ស្នាក់នៅ​បែប​ផ្ទះ​ឈើ និង​អាហារដ្ឋាន​នៅក្នុង​ទីតាំង​តែ​ ១​។ មជ្ឈមណ្ឌល​កម្សាន្ត​នេះ​ក៏​មាន​កងវិល​កម្ពស់ ៨៨ ​ម៉ែត្រ​រួមជាមួយ​ពិភព​ទឹក​កម្សាន្ត​ព្រីនស៍​ដែល​មាន​ទំហំ​ប្រមាណ​ ១ ​ហិកតា ទីវាល​ប្រណាំង​ឡាន​ប្រកប​ដោយ​ស្តង់ដា និង​សួន​រុក្ខជាតិ​អេកូឡូស៊ី​ជាដើម​។

លោក Cliff Koh នាយក​គ្រប់គ្រង​ក្រុមហ៊ុន​បាន​ឱ្យដឹងថា ស្ថិតក្រោម​ចក្ខុវិស័យ​របស់​ប្រធាន​ក្រុមហ៊ុន Prince Group ការវិនិយោគ​សរុប​ចំនួន ៨៥ ​លាន​ដុល្លារ ព្រីនស៍ ម៉ាណ័រ គឺជា​ផ្នែក​ ១ ​នៃ​ក្រុមហ៊ុន Prince Holding Group សម្រាប់​យុទ្ធសាស្ដ្រ​ជារួម​ក្នុង​ការអភិវឌ្ឍ​វប្បធម៌ និង​វិស័យ​ទេសចរណ៍​របស់​ប្រទេស​កម្ពុជា​។

លោក​ថ្លែងថា​៖ «​យើង ក្រុមហ៊ុន Prince Holding Group ស្ថិត​ក្នុង​ខ្សែបន្ទាត់ និង​យុទ្ធសាស្ដ្រ​ទាំងអស់​របស់​រដ្ឋាភិបាល​កម្ពុជា ខណៈ​វិនិយោគិន​ឯកជន ជាធម្មតា​ទាក់ទង​នឹង​ទំហំ​វិនិយោគ និង​រយៈពេល​សង​ប្រាក់កម្ចី​រយៈពេល​យូរ​នៅក្នុង​វិស័យ​ទេសចរណ៍ ក្រុមហ៊ុន Prince Holding Group តែងតែ​ចាត់ទុក​ការអភិវឌ្ឍ​ឧស្សាហកម្ម​ទេសចរណ៍​របស់​កម្ពុជា​ជា​គោលដៅ​ដ៏សំខាន់ និង​គាំទ្រ​ជា​បន្តបន្ទាប់ និង​ពេញលេញ​ដល់​ការអភិវឌ្ឍ​ឧស្សាហកម្ម​ទេសចរណ៍​របស់​ខ្លួន​»​។

លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ដែល​បាន​អញ្ជើញ​ជា​អធិបតីភាព​ក្នុង​ពិធី​សម្ពោធ​នោះ​បាន​ថ្លែងថា ការបើកសម្ពោធ​មជ្ឈមណ្ឌល​កម្សាន្ត​នេះ​គឺជា​មោទនភាព​មួយ​ដែល​កម្ពុ​ជាមាន​កន្លែង​កម្សាន្ត​បែប​ទេសចរណ៍​ជា​លក្ខណៈ​អន្តរជាតិ​នេះ ដែល​ក្រុមហ៊ុន​បាន​ចំណាយ​ទុនវិនិយោគ​ចំនួន​ប្រមាណ ៨៥ ​លាន​ដុល្លារ ដែលជា​ទុនវិនិយោគ​ដ៏ធំ​មួយ​ក្នុងប្រទេស​កម្ពុជា ដោយ​ស្ថិតនៅ​ទីតាំង​ប្រកប​ដោយ​ភាព​ទាក់ទាញ​នៃ​ទិសខាងកើត​នៃ​ទីក្រុង​ភ្នំពេញ​។

លោក​ថ្លែងថា​៖ «​ថ្ងៃនេះ​យើង​មាន​មជ្ឈមណ្ឌល​នៅទីនេះ ដើម្បី​បង្កើត​បរិយាកាស​ជា​ការកម្សាន្ត​សម្រាប់​ប្រជាពលរដ្ឋ​របស់​យើង​។ គេ​អាច​ចោទ​ចេញ​ជា​សំណួរ​ថា ហេតុអ្វី​បានជា​សម័យ​កូវីដ ដែលជា​ពេលវេលា​ទេសចរ​កំពុង​ធ្លាក់​ចុះ ហើយ​បែរជា​នាំគ្នា​សម្ពោធ​ដាក់ឱ្យ​ប្រើប្រាស់​នូវ​មជ្ឈមណ្ឌល​កម្សាន្ត​ទៅវិញ​? ​នេះ​ជា​ចំណុច​ដែល​គប្បី​ត្រូវបាន​បកស្រាយ​បញ្ជាក់ថា កូវីដ បើទោះបី​វា​បាន​បំផ្លិចបំផ្លាញ​យើង ប៉ុន្តែ​វា​ក៏​មិនអាច​សម្លាប់​យើង​បាន​នោះទេ​»​។

លោក​បាន​បញ្ជាក់ថា​៖ «​បញ្ហា​ទេសចរ​គឺ​មិន​សំដៅ​ទេសចរ​អន្តរជាតិ​នោះទេ ប៉ុន្តែ​វា​ក៏​សំដៅ​ភ្ញៀវទេសចរ​ក្នុង​ស្រុក​ផងដែរ​»​។

លោក ហ៊ុន សែន បាន​រំឭកថា កាលពីមុន​កូវីដ ប្រជាជន​កម្ពុជា​ជិត​ ២ ​លាន​នាក់​ទៅលេង​ប្រទេសក្រៅ ប៉ុន្តែ​សម័យ​កូវីដ​ប្រជាជន​កម្ពុជា​មាន​ឱកាស​ច្រើន​ដើរលេង​នៅក្នុង​ប្រទេស​ខ្លួនឯង​។

លោក​ថ្លែងថា​៖ «​នេះ​គឺជា​ការ​បង្វែរទិស​ជា​សត្យានុម័ត​។ ក្នុងពេល​ដែល​ការបង្វែរ​ទិស​ជា​សត្យានុម័ត ដូច្នេះ​យើង​ក៏មាន​ការចាំបាច់​បង្វែរ​ដោយ​អត្តនោម័ត​នៅ​ខាងក្នុង​ដោយ​ខិតខំ​ធ្វើឱ្យ​មាន​ការទាក់ទាញ​នៅតាម​បណ្តា​ខេត្ត​នានា សម្រាប់​វិស័យ​ទេសចរណ៍​ក្នុង​ស្រុក​របស់​យើង​»​។

យោងតាម​ការអះអាង​របស់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន កម្ពុជា​ទទួលបាន​ភ្ញៀវទេសចរ​ក្នុងស្រុក​ប្រមាណ​ជាង​ ១ ​លាន​ ៦ ​សែន​នាក់​ក្នុងឱកាស​នៃ​ការឈប់​សម្រាក​សង​បុណ្យ​ចូលឆ្នាំ និង​ជាង​ ១ ​លាន​ ១ ​សែន​ផ្សេងទៀត​ក្នុង​ឱកាស​បុណ្យ​ភ្ជុំបិណ្ឌ​៕ LA