ភ្នំពេញៈ សកម្មភាព​អាជីវកម្ម​លក់រាយ​ភាគច្រើន​នៅ​រាជធានី​ភ្នំពេញ​បានបង្ហាញ​ពី​ការធ្លាក់ចុះ​គួរឱ្យ​កត់សម្គាល់​ចាប់​តាំងពី​ការផ្ទុះ​ឡើង​នៃ​ព្រឹត្តិការណ៍​សហគមន៍​ ២០ ​កុម្ភៈ​ ដែល​បាននិង​កំពុង​បន្ត​ការឆ្លង​រីក​រាលដាល​ដល់​ខេត្ត-ក្រុង​មួយចំនួន ដោយ​មាន​អ្នក​ឆ្លង​រហូតដល់​ ៨១០ ​នាក់​ ដែល​នាំឱ្យ​កម្ពុជា​មាន​អ្នក​ផ្ទុក​វីរុស​កូវីដ ​១៩​ សរុប​ចំនួន ១ ៣២៥ នាក់​។

លោក ហេង សេងលី នាយក​គ្រប់គ្រង​ទូទៅ​ក្រុមហ៊ុន​ ផាក កាហ្វេ អេនបេវើរីច ដែល​ជា​ម៉ាក​យីហោ​អាហារ​ក្នុង​ស្រុក​បាន​កត់សម្គាល់ថា ករណី​ឆ្លង​ជំងឺ​កូវីដ ​១៩​ ចូល​សហគមន៍​ក្នុង​ព្រឹត្តិការណ៍​ ២០ ​កុម្ភៈ​ បាន​ធ្វើឱ្យ​ប្រជាជន​នៅ​ទីក្រុង​កាន់តែ​មាន​ភាពភ័យខ្លាច​ក្នុង​ការធ្វើ​ដំណើរ​ជាង​មុនៗ​ដែល​ការណ៍​នេះ​បាន​នាំឱ្យ​ចំនួន​ភ្ញៀវ​ចូល​ហាង​ផាកកាហ្វេ​ធ្លាក់ចុះ​គួរ​ឱ្យ​កត់សម្គាល់​ក្នុងអំឡុង​ពេលនេះ​។

លោក​ប្រាប់​ទៀត​ថា ការបញ្ជាទិញ​តាម​អនឡាញ​ដោយមាន​ការដឹក​ជញ្ជូន​ដល់​ទីតាំង​ផ្ទាល់​ក៏មាន​ការធ្លាក់ចុះ​តិចតួច​ដែរ​បើ​ធៀប​នឹង​ពេលមុន​។

លោក​ថ្លែងថា​៖ «​ការលក់​ធ្លាក់ចុះ​ពី​ច្រើន​។ ខ្ញុំ​អាច​និយាយ​បាន​ថា ធ្លាក់ចុះ​ប្រហែល​ ៦០ ​ភាគរយ​»​។

លោក សេងលី បន្ថែមថា ក្រុមហ៊ុន​របស់​លោក​ក៏មាន​ផែនការ​បម្រើ​តែ​សេវាកម្ម​ដឹកជញ្ជូន​ដល់​ទីកន្លែង និង​ខ្ចប់​ប៉ុណ្ណោះ ប្រសិន​បើ​ការរីករាលដាល​ជំងឺ​កូវីដ​ ១៩​ កាន់តែ​ធ្ងន់ធ្ងរ​។ លោក​អះអាង​ថា​៖ «​ប្រសិនបើ​ករណី​ធ្ងន់ធ្ងរ​ដូច​ករណី​នៅ​ចិន និង​អ៊ីតាលី យើង​មាន​ជម្រើស​ចុងក្រោយ​ ១ ​គឺ​បិទ​ហាង តែ​យើង​ទទួល​ការកុម្ម៉ង់​តែ​តាម​ដឹកជញ្ជូន ឬ​ខ្ចប់​មាន​ន័យ​ថា ក្នុង​ហាង​យើង​អត់​ទទួលភ្ញៀវ​ចូល​ទេ​»​។

ផាក កាហ្វេ ត្រូវបាន​បង្កើតឡើង​នៅ​ឆ្នាំ​ ២០០៤ ដោយ​មកដល់​ពេល​នេះ​ផាក កាហ្វេ មាន​សាខា​ចំនួន​ ២០ នៅ​ទីក្រុង​ភ្នំពេញ និង​ខេត្តកំពង់ចាម​។

លោក ជី សិលា ពាណិជ្ជករ​ដែល​បានទទួល​សិទ្ធិផ្តាច់មុខ​យីហោ Tous Les Jours មក​កម្ពុជា​បាន​សម្គាល់ថា ក្នុង​អំឡុងពេល​ការរីករាល​ជំងឺ​កូវីដ ១៩ អាជីវកម្ម​ផ្នែក​អាហារដ្ឋាន​ស្ទើរតែ​ទាំងអស់​រង​ផលប៉ះពាល់​អាជីវកម្ម​។

លោក សិលា បានឱ្យ​ដឹងថា ហាង​របស់លោក​ក៏មាន​ការធ្លាក់ចុះ​នៃ​ចំនួន​ភ្ញៀវ​ដែរ ដែល​បាន​ធ្វើឱ្យ​ប៉ះពាល់​ដល់​ប្រាក់ចំណូល​របស់​ក្រុមហ៊ុន​។ លោក បន្តថា​៖ «​ឥឡូវនេះ​យើង​កំពុង​តែ​បន្ត​ជំរុញ​បន្ថែមទៀត​ក្នុង​ការផ្តល់​សេវាកម្ម​ដឹកជញ្ជូន​ដល់​ទីកន្លែង​។ ខ្ញុំ​សង្ឃឹមថា​ស្ថានភាព​នេះ​នឹងមាន​ភាពល្អ​ប្រសើរឡើង​វិញ​ឆាប់ៗ​នេះ​»​។

ព្រឹត្តិការណ៍​សហគមន៍​ ២០ ​កុម្ភៈ​ក៏​បាន​ធ្វើឱ្យ​ប៉ះពាល់​អាជីវកម្ម​ខ្នាតតូច​បំផុត​ផងដែរ កញ្ញា​ សុភ័ក្រ លាភ បុគ្គលិក​ហាង​កាហ្វេ អិល អ៊ិន នៅ​ទីក្រុង​ភ្នំពេញ បានឱ្យ​ដឹងថា ប្រាក់ចំណូល​របស់​កញ្ញា​បាន​ធ្លាក់ចុះ​ប្រហែល​ពាក់កណ្តាល​បើ​ធៀប​នឹង​មុនពេល​មាន​ព្រឹត្តិការណ៍​នេះ​។ កាលពី​មុន​ព្រឹត្តិការណ៍​ ២០ ​កុម្ភៈ កញ្ញា​អាច​លក់​កាហ្វេ​បាន​ជា​មធ្យម ៨០ ​កែវ​ក្នុង​ ១ ​ថ្ងៃ ប៉ុន្តែ​ពេលនេះ​លក់​មិន​ដល់ ៤០ ​កែវ​ផង​។

កញ្ញា​និយាយថា​៖ «​ករណី​ផ្ទុះ​ជំងឺ​កូវីដ​ ១៩ ​ឆ្លង​ចូល​សហគមន៍​ថ្មីៗ​នេះ បាន​ធ្វើឱ្យ​ហាង​ស្ងាត់ឈឹង អត់​ភ្ញៀវ​ដែល​ ២ ​ថ្ងៃ​ចុងក្រោយ​នេះ​អត់​មាន​ភ្ញៀវ​សោះ​តែ​ម្តង​»​។

អ្នកស្រី ថុង សោភ័ណ្ឌ ជា​អ្នកលក់​សម្ភារ​ផ្ទះបាយ​នៅ​ទីក្រុង​ភ្នំពេញ​ ១ ​រូប​ទៀត បាន​និយាយ​ថា តាំងពី​ផ្ទុះ​ព្រឹត្តិការណ៍​សហគមន៍​ ២០ ​កុម្ភៈ​មក ហាង​របស់​អ្នកស្រី​លក់​មិនសូវ​ដាច់​ទេ ដោយ​ហេតុថា ប្រជាជន​ភាគច្រើន​មាន​និន្នាការ​ក្បិតក្បៀត​ក្នុង​ការចាយវាយ​ជាង​ពេលមុនៗ​។

អ្នកស្រី សោភ័ណ្ឌ និយាយថា​៖ «​ខ្ញុំ​លក់​អត់​សូវ​ដាច់​ទេ​មួយរយៈ​ពេល​ចុងក្រោយ​នេះ បើ​ខ្ញុំ​គិត​ទៅ​កាលពី​មុន​អីវ៉ាន់​ខ្ញុំ ២០ ទៅ ៣០ ​កេស លក់​តែ ២ សប្តាហ៍​អស់​ហើយ ប៉ុន្តែ​ឥឡូវ​ជិត ២ ខែ​ហើយ​លក់​មិនទាន់​អស់​ទៀត​។ ខ្ញុំ​កំពុង​បារម្ភ​ថា បើ​លក់​អត់​ដាច់​អ៊ីចឹង​ខ្ញុំ​មាន​លុយ​មកពីណា​បង់​ទឹក​ភ្លើង​បន្ទប់​ជួល និង​ធនាគារ​»៕ LA