ភ្នំពេញៈ​ សមាជិក​ព្រឹទ្ធសភា ​សហរដ្ឋ​អាមេរិក​ ២ ​រូប​ កាល​ពី​ថ្ងៃ​​​ពុធ​ បាន​ដាក់​សំណើ​ច្បាប់​ស្តីពី​ពាណិជ្ជកម្ម​កម្ពុជា​​ឆ្នាំ ​២០១​៩ ​ដែល​ស្នើ​​ឲ្យ​រដ្ឋាភិបាល​​អាមេរិក​​​ពិនិត្យ​មើល​ឡើង​វិញ​នូវ​សិទ្ធិ​ពាណិជ្ជកម្ម​ពិសេស​ដែល​បាន​​​ផ្តល់​ឲ្យ​កម្ពុជា​ក្រោម​​ប្រព័ន្ធ​អនុ​គ្រោះ​ពន្ធ (GSP)​។

ពី​ដំ​ណាក់​កាល​នៃ​ការ​ស្នើ​ច្បាប់​ទៅ​ដល់​ការ​អនុម័ត​ច្បាប់​នឹង​ត្រូវ​ឆ្លង​កាត់​​នីតិវិធី​ជា​ច្រើន​ ហើយ​​ត្រូវ​ការ​ជា​ចាំបាច់​​ការ​យល់​​ព្រម​ជា​ច្រើន​ដំណាក់​កាល​​។​ យ៉ាង​ណា​ក៏​ដោយ ​អ្នក​នាំ​​ពាក្យ​​រដ្ឋាភិបាល​កម្ពុជា​ ១ ​រូប​បាន បញ្ជាក់​ថា​ ការ​ដាក់​សំណើ​ច្បាប់​របស់​​ព្រឹទ្ធសមា​ជិក​ទាំង​ ២ ​រូប​មិន​មាន​បង្ក​ជា​ការ​ព្រួយ​បារម្ភ​ទេ ខណៈ​តំណាង​វិស័យ​កាត់​ដេរ​កម្ពុជា​​បញ្ជាក់​ថា​ការ​លើក​ឡើង​របស់​សមាជិក​ព្រឹទ្ធសភា​ទាក់ទង​នឹង​​​លក្ខខណ្ឌ​​ការងារ ​គឺ​ជា​ការ​វាយ​តម្លៃ​អយុត្តិធម៌​ និង​មិន​បាន​ឆ្លុះ​បញ្ចាំង​ពី​ស្ថានភាព​ពិត​​​។ ​

សេចក្ដី​ប្រកាស​ព័ត៌មាន​រួម​ដោយ​សមា​ជិក​ព្រឹទ្ធសភា​អាមេរិក​លោក ​Ted ​Cruz ​និង​លោក​ Chris Coons ​ដែល​បាន​ចេញ​ផ្សាយ​កាល​ពី​ថ្ងៃ​ទី​ ៩ ខែ​មករា ​ប្រទេស​ កម្ពុជា​ មិន​គួរ​ទទួល​បាន​អភ័យ​ឯក​សិទ្ធិ​ពាណិជ្ជកម្ម​ពិសេស​​នោះ​ទេ​ ដោយ​សារ​​វា​បាន​​ធ្វើ​ឲ្យ​ខូចខាត​​​លទ្ធិ​ប្រជាធិប​តេយ្យ មិន​យក​ចិត្ត​ទុក​ដាក់​លើ​ស្ដង់ដារ​ការងារ និង​​បរាជ័យ​ក្នុង​ការ​ការពារ​កម្មសិទ្ធិ​បញ្ញា​។

លោក​ Chris Coons បាន​ថ្លែង​ថា​៖ «​ខ្ញុំ​ចោទ​​សំណួរ​ថា​តើ​កម្ពុជា​គួរ​តែ​អាច​ទទួល​បាន​សិទ្ធិ​ពាណិជ្ជកម្ម​ពិសេស​មក​កាន់​ទីផ្សារ​អាមេរិក​បន្ត​ទៀត?»។

លោក​បន្ត​នៅ​ក្នុង​សេចក្តី​ថ្លែង​ការណ៍​ថា លោក​នាយក​រដ្ឋមន្រ្តី​ ហ៊ុន​​ សែន បរាជ័យ​ក្នុង​ការ​កសាង​ស្តង់ដារ​សិទិ្ធ​ការងារ​ល្អ​មួយ​​។ លោក​បន្ត​ថា​៖​ «​សំណើ​ច្បាប់​ស្តីពី​ពាណិជ្ជកម្ម​កម្ពុជា​មាន​​​គោល​ដៅ​ក្នុង​ការ​ឲ្យ​លោក​ [នាយក​រដ្ឋមន្ត្រី ហ៊ុន​ សែន] និង​រដ្ឋាភិបាល​របស់​គាត់​​​ពន្យល់​ និង​ទទួល​ខុស​​ត្រូវ​លើ​ឥរិយាបថ​របស់​គាត់​ ហើ​យ​​ក៏​ដូច​​ជា​ជួយ​គាំទ្រ​ចំណាត់​ការ​របស់​ដៃ​​គូ​របស់​យើង​គឺ​សហភាព​អឺរ៉ុប​ [ការ​គំរាម​ដក​ EBA] ដែល​​ដាក់​ចេញ​»​​។

លោក Emily Zeeberg អ្នក​នាំពាក្យ​នៅ​ស្ថានទូត​អាមេរិក​ ប្រចាំ​នៅ​កម្ពុជា ​មិន​អាច​ទាក់ទង​សុំការ​អត្ថាធិប្បាយ​បាន​ទេ​​កាល​ពី​ម្សិលមិញ​។​

ដើម្បី​ធ្វើ​សំណើ​ច្បាប់ ​ឲ្យ​ក្លាយ​ជា​ច្បាប់​វា​ត្រូវ​ការ​ពេល​​និង​ត្រូវ​ការ​ឆ្លងកាត់​នីតិវិធី​មួយ​ចំនួន​។ ​បន្ទាប់​ពី​ច្បាប់​នេះ​ត្រូវ​បាន​ដាក់​ស្នើ វា​​ចាំបាច់​ត្រូវ​បញ្ជូន​ទៅ​គណៈ​កម្មាធិការ​ ដើម្បី​បោះ​ឆ្នោត​យល់ព្រម ឬ​បដិសេធ​មុន​ពេល​បញ្ជូន​ទៅ​ព្រឹទ្ធសភា​។ ​វា​​​ត្រូវ​ឆ្លង​កាត់​ការ​តស៊ូ​មតិ​នៅ​សភា ​និង​ចាំបាច់​ត្រូវ​ទទួល​ការ​យល់​ព្រម​ពី​​​ប្រធាន​។​

អាមេរិក​ គឺ​ជា​ទីផ្សារ​មួយ​ស្ថិត​ក្នុង​ចំណោម​ទីផ្សារ​នាំ​ចេញ​ធំ​បំផុត​របស់​​កម្ពុជា បន្ទាប់​ពី​សហភាព​​អឺរ៉ុប។ ប៉ុន្តែ​​កម្ពុជា​ទទួល​បាន​អត្ថ​ប្រយោជន៍​នៅ​មាន​​កម្រិត​​ ពី​អាទិភាព​ពាណិជ្ជកម្ម​ដែល​​បាន​ផ្ដល់​ដោយ​អាមេរិក​​។​

លោក ​កាំង ​ម៉ូនីកា ​អគ្គ​លេខាធិការ​រង​សមាគម​ក្រុមហ៊ុន​រោងចក្រ​កាត់​ដេរ​​នៅ​កម្ពុជា (GMAC) ​ឲ្យ​ដឹង​ថា ​អាមេរិក ​បាន​ផ្ដល់​ប្រព័ន្ធ​​អនុ​គ្រោះ​ពន្ធ ​(GSP) ​ដល់​ប្រទេស​ កម្ពុជា ​សម្រាប់​ ៨៥ ​ភាគរយ​នៃ​បន្ទាត់​ពន្ធ​គយ ខណៈ​មាន​ប្រហែល ​១៥ ​ភាគរយ​ប៉ុណ្ណោះ​មិន​ត្រូវ​ដាក់​បញ្ចូល​ក្នុង​បញ្ជី​។

ជា​អកុសល ​លោក​បាន​​ឲ្យ​ដឹង​ថា ​ផលិត​​ផល​កម្ពុជា​ ដែល​ត្រូវ​បាន​នាំចេញ​ទៅ​ទីផ្សារ​អាមេរិក ​ដូច​ជា​សម្លៀក​បំពាក់ ​និង​ស្បែក​ជើង ​ស្ថិត​ក្នុង​ចំណោម ​១៥ ភាគរយ​នៃ​បន្ទាត់​ពន្ធ​គយ​ ដែល​តម្រូវ​ឲ្យ​បង់​ពន្ធ​គយ។ ​បន្ទាប់​ពី​ខែ​កក្កដា ​ឆ្នាំ ២០១៦ ​នៅ​ពេល​រដ្ឋាភិបាល​អាមេរិក​ត្រួត​ពិនិត្យ​ប្រព័ន្ធ​អនុគ្រោះ ​GSP​ ដល់​កម្ពុជា ​បាន​ធ្វើ​ឲ្យ​ទំនិញ​ធ្វើ​ដំណើរ​​ពី​កម្ពុជា ​ នាំ​​ទៅ​ទីផ្សារ​អាមេរិក​ដោយ​រួច​ពន្ធ​។​

លោក ​ម៉ូនីកា ​បាន​ឲ្យ​ដឹង​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ថា ​ការ​តម្រូវ​ឲ្យ​មាន​ការ​ត្រួត​​ពិនិត្យ​ជា​ថ្មី​នូវ​សិទ្ធិ​របស់​កម្ពុជា ​ក្នុង​​ការ​ទទួល​បាន​ការ​អនុ​គ្រោះ​ពាណិជ្ជកម្ម​ដោយ​សមាជិក​សភា​ ២ ​រូប​ ​គឺ​ជា​ការ​វិនិច្ឆ័យ​មិន​ត្រឹមត្រូវ​ ដោយ​លើក​ឡើង​ថា ​ការ​លើក​ឡើង​នេះ​មិន​ឆ្លុះ​បញ្ចាំង​ពី​ការ​រីក​ចម្រើន​ពិត​ប្រាកដ​នៃ​វិស័យ​ការងារ​របស់​កម្ពុជា​នោះ​ទេ​។​

លោក ​ម៉ូនីកា ​ឲ្យ​ដឹង​ថា ​លក្ខខណ្ឌ​ការងារ​នៅ​ក្នុង​ប្រទេស​កម្ពុជា ​ត្រូវ​បាន​កែ​លម្អ​ច្រើន​ ខណៈ​កម្មករ​ទទួល​បាន​ការ​បង្កើន​ប្រាក់​ឈ្នួល​ចំនួន​ច្រើន​ប្រចាំឆ្នាំ​ ជា​មួយ​នឹង​គុណ​​ប្រយោជន៍​ជា​ច្រើន​។ ​ក្រៅ​ពី​ការ​បង្កើន​ប្រាក់​ឈ្នួល ​លោក​បាន​ឲ្យ​ដឹង​ថា ​កម្មករ​នៅ​ពេល​​នេះ​អាច​ទទួល​បាន​មូលនិធិ​របប​សន្ដិសុខ​សង្គម​ ដែល​រួម​មាន​ការ​ធានា​​រ៉ាប់រង ​ដែល​រ៉ាប់រង​លើ​ការ​គ្រោះ​ថ្នាក់​នៅ​ពេល​ធ្វើ​ការងារ ​ការ​ធានា​រ៉ាប់រង​សុខភាព​ និង​មូលនិធិ​សោធន​នៅ​ពេល​អនាគត​ដ៏​ខ្លី​។

លោក​បញ្ជាក់​ថា​៖ ​«ការ​វាយ​តម្លៃ​របស់​គាត់​ថា ​ប្រទេស​ កម្ពុជា​​ បាន​បរាជ័យ​ក្នុង​ការ​ឆ្លើយ​តប​នឹង​ស្ដង់ដារ​សិទ្ធិ​​ការងារ​ជា​មូលដ្ឋាន ​យើង​គិត​ថា វា​ជា​ការ​វាយ​តម្លៃ​​មិន​ត្រឹមត្រូវ​ដែល​មិន​ឆ្លុះ​បញ្ចាំង​ពី​ការ​ពិត​ជា​មូល​ដ្ឋាន​នោះ​ទេ​»​។​

លោក​ផៃ ​ស៊ីផាន ​អ្នក​នាំ​ពាក្យ​រដ្ឋាភិបាល​កម្ពុជា ​បាន​ឲ្យ​ដឹង​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ថា​ រដ្ឋាភិបាល​កម្ពុជា ​មិន​​ចាប់​អារម្មណ៍​លើ​អ្វី​ដែល​សមាជិក​ព្រឹទ្ធសភា​របស់​អាមេរិក​ ២ រូប​នេះ ​បាន​លើក​ឡើង​នោះ​ទេ​ ដោយ​លើក​ឡើង​ថា ​ពួក​គេ​គ្រាន់​តែ​និយាយ​​ដើម្បី​បង្ហាញ​ថា ​ពួក​គេ​គឺ​ជា​អ្នក​ស្រឡាញ់​លទ្ធិ​ប្រជាធិបតេយ្យ​ និង​តែងតែ​​ផ្ដល់​អាទិភាព​ដល់​សិទ្ធិ​មនុស្ស​ប៉ុណ្ណោះ​។​ លោក​​ថ្លែង​ថា​៖ «​វា​គ្រាន់​តែ​ជា​ការ​បង្ហាញ​សាច់ដុំ​ពី​សមាជិក​ព្រឹទ្ធសភា ​ដើម្បី​​ព្រមាន​កម្ពុជា ប៉ុណ្ណោះ ប៉ុន្តែ​សម្រាប់​ប្រទេស​ កម្ពុជា វា​​មិន​បារម្ភ​អ្វី​ទាំង​អស់​»។

លោក​បន្ត​ថា​៖ «​គោល​នយោបាយ​​របស់​​ប្រធានាធិបតី​អាមេរិក​ ដែល​កាន់​អំណាច​នីតិ​ប្រតិបត្តិ​ លោក​​មិន​ដែល​អនុវត្ត​តាម​សមាជិក​ព្រឹទ្ធសភា​​​ ១ ​ក្រុម​តូច​នោះ​ទេ​។ ខ្ញុំ​គិត​​ថា ​ប្រធានាធិបតី​អាមេរិក ​យល់​ដឹង​​យ៉ាង​ច្បាស់​ពី​ស្ថាន​ការណ៍ ដោយ​សារ​តែ​លោក​​ត្រូវ​ការ​ឲ្យ​ប្រទេស​ទាំង​អស់​នៅ​លើ​ពិភព​លោក​ក្លាយ​ជា​មិត្ត​»៕​LA