ភ្នំពេញៈ ក្រុមហ៊ុន​ ព្រូដិនសល កម្ពុជា​បាន​ចុះ​អនុស្សរណៈ​នៃ​ការយោគយល់​គ្នា (MoU) ជាមួយ Metfone ជា​ប្រតិបត្តិករ​ទូរស័ព្ទ​ចល័ត​ដែល​គ្រប់គ្រង ដោយ​វិនិយោគិន​វៀតណាម និង​ក្រុមហ៊ុន អ៊ី ម៉ាន់នី ដែល​ផ្ដល់​សេវា​ហិរញ្ញវត្ថុ​តាមរយៈ​ទូរស័ព្ទ​ស្មាតហ្វូន​ដោយ​ភាគី​ទាំង​ ៣ យល់ថា វា​នឹង​ផ្ដល់​ប្រយោជន៍​ទៅវិញទៅមក​នៅក្នុង​វិស័យ​ទូរគមនាគមន៍ ការធានារ៉ាប់រង​អាយុជីវិត និង​សេវា​គណនី​តាម​ទូរស័ព្ទ​ចល័ត​។

សេចក្ដី​ប្រកាស​ព័ត៌មាន​ផ្សព្វផ្សាយ​កាលពី​ម្សិលមិញ កត់សម្គាល់​ថា ស្ថិតក្រោម​កិច្ចព្រមព្រៀង​នេះ ក្រុមហ៊ុន​ដៃគូ​ទាំង ២ ​នេះ​នឹង​ផ្ដល់​សេវា​នានា​ដល់​អតិថិជន​របស់​ខ្លួន​នៅ​កម្ពុជា ដូចជា​សេវា​ទូទាត់​ប្រាក់​តាម​អនឡាញ និង​ការពង្រឹង​សេវា​ធានារ៉ាប់រង​ទូរគមនាគមន៍ ហើយ​វា​ក៏​ពង្រឹង​ដល់​កិច្ចសហប្រតិបត្តិការ​រយៈពេល​វែង​រវាង​ក្រុមហ៊ុន​ឈានមុខ​គេ​ផ្នែក​ទូរគមនាគមន៍ គណនី​ទូរស័ព្ទ​ចល័ត និង​ធានារ៉ាប់រង​អាយុជីវិត​នៅ​កម្ពុជា​។

ភាគី​ទាំង​ ៣ នឹង​សហការ​គ្នា​លើ​ប្រតិបត្តិការ​មួយចំនួន​ក្នុង​នោះ​ក្រុមហ៊ុន​មិត្តហ្វូន​នឹង​ផ្ដល់ជូន​ក្រុមហ៊ុន​ព្រូដិនសល​កម្ពុជា​នូវ​សេវា​ហៅ និង​ទទួល​ទូរស័ព្ទ (SIP TRUNK) ការតភ្ជាប់​សេវា​អ៊ីនធឺណិត សេវា​បច្ចេកវិទ្យា​ព័ត៌មាន និង​ទូរគមនាគមន៍ សេវា eConnect សេវា SMS- Brand-name ជាដើម​។

ក្រុមហ៊ុន​មិត្តហ្វូន និង អ៊ី ម៉ាន់នី នឹង​ផ្ដល់​សេវា​ជូន​អតិថិជន​របស់​ក្រុមហ៊ុន​ព្រូដិនសល​កម្ពុជា​ក្នុង​ការបង់​បុព្វលាភ​រ៉ាប់រង តាមរយៈ​ប្រព័ន្ធ​បង់ប្រាក់ អ៊ី ម៉ាន់នី ឬ​ក៏​គណនី​ទូរស័ព្ទ​ចល័ត​។

ទន្ទឹម​នឹងនេះ​ក្រុមហ៊ុន អ៊ី ម៉ាន់នី នឹង​ផ្ដល់ជូន​ព្រូដិនសល​កម្ពុជា​នូវ​ដំណោះស្រាយ​ដែល​នឹង​ជួយ​សម្រួល​ដល់​ការទូទាត់​សំណង​ពី​ព្រូដិនសល​កម្ពុជា​ទៅ​ដល់​អតិថិជន​របស់ខ្លួន ដែល​ប្រើប្រាស់​គណនី​ចល័ត អ៊ី ម៉ាន់នី​។

អតិថិជន​មិត្តហ្វូន​ក៏​នឹង​ចូលទៅ​ប្រើប្រាស់​កម្មវិធី​សុខភាព​លើ​ទូរស័ព្ទដៃ​របស់​ព្រូដិនសល​កម្ពុជា​ឈ្មោះ​ថា «Pulse by- Prudential (Pulse)» ​ដោយ​ឥតគិតថ្លៃ​ថែមទៀត ហើយ​អតិថិជន​ព្រូដិនសល​ក៏មាន​លទ្ធភាព​គ្រប់គ្រង​ព័ត៌មាន​លម្អិត​អំពី​គោលនយោបាយ​របស់ខ្លួន​នឹង​ទទួលបាន​សេវា​សុខភាព​។

លោក Phung Van Cuong អគ្គនាយក​ក្រុមហ៊ុន​មិត្តហ្វូន​បាន​ឲ្យ​ដឹងថា កិច្ចសហប្រតិបត្តិការ​នេះ​ដាក់ចេញ​នូវ​វិធីសាស្ត្រ​ថ្មី​ក្នុង​ការបង់ប្រាក់​សេវា​ធានារ៉ាប់រង​អាយុជីវិត ដែល​នេះ​ជា​ជំហាន​បន្ទាប់​នៃ​ការវិវត្ត​ផ្នែក​ឌីជីថល​របស់​មិត្តហ្វូន​។

លោក​ថ្លែងថា​៖ «​ក្រោម​កិច្ចសហប្រតិបត្តិការ​នេះ ក្រុមហ៊ុន​ទាំង​ ៣ នឹង​ផ្ដល់ជូន​អតិថិជន​របស់ខ្លួន​នូវ​សេវាកម្ម​ប្រកប​ដោយ​ភាពច្នៃប្រឌិត​បំផុត​សម្រាប់​ការតភ្ជាប់ និង​បម្រើប្រជាជន​ដែល​ធ្វើឲ្យ​អតិថិជន​កាន់តែ​មាន​ទំនុកចិត្ត​ហើយ​ជួយ​ឲ្យ​ពួកគាត់​រស់នៅ​មាន​សុខភាព​ល្អ និង​មាន​ផាសុកភាព​ជាង​មុន​»​។

លោក Pham Doan Cuong អគ្គនាយក​ក្រុមហ៊ុន អ៊ី ម៉ាន់នី ភ្នាក់ងារ​ជាង​ ៨ ០០០ ទីតាំង​ នៅ​ទូទាំង​ប្រទេស​បាន​កត់សម្គាល់​ថា ភាពជា​ដៃគូ​នេះ​នឹង​ផ្ដល់​ភាពងាយស្រួល​ដល់​អតិថិជន​របស់​អ៊ី ម៉ាន់នី និង​ព្រូដិនសល​ក្នុង​ការបង់ប្រាក់​បុព្វលាភ​រ៉ាប់រង​។

លោក Sanjay Chakrabarty អគ្គនាយក​ក្រុមហ៊ុន​ព្រូដិនសល​កម្ពុជា​ដែលមាន​អតិថិជន​ជាង​ ២០ ​ម៉ឺន​នាក់​ឲ្យ​ដឹងថា ក្រុមហ៊ុន​ព្រូដិនសល​មានបំណង​ជួយ​ឲ្យ​ប្រជាពលរដ្ឋ​គ្រប់រូប​ទទួល​បាន​នូវ​ជីវិត​ដ៏ប្រសើរ​។

ក្រសួង​សេដ្ឋកិច្ច​ និង​ហិរញ្ញវត្ថុ​ឲ្យ​ដឹងថា បច្ចុប្បន្ន​កម្ពុជា​មាន​ក្រុមហ៊ុន​ធានារ៉ាប់រង​ចំនួន​ ៣៨ កំពុង​ប្រតិបត្តិការ​ក្នុង​ទីផ្សារ​ហិរញ្ញវត្ថុ​ដោយ​ ១៨ ​ផ្តល់​សេវា​ធានារ៉ាប់រង​ទូទៅ ១៤ ផ្តល់​សេវា​ធានារ៉ាប់រង​អាយុជីវិត និង​ ៦ ​ផ្តល់​សេវា ធានារ៉ាប់រង​ខ្នាតតូច​៕LA