ទីកុ្រងតូក្យូៈ ផ្សារហ៊ុននៅទីក្រុងតូក្យូបើកដំណើរការជាមួយតម្លៃកើនឡើងនៅថ្ងៃពុធនេះ គាំទ្រដោយការកើនឡើងរឹងមាំនៅផ្សារហ៊ុន Wall Street មុនពិធីស្បថចូលកាន់តំណែងប្រធានាធិបតីអាមេរិក របស់លោក Joe Biden ហើយបានរំពឹងថា នឹងមានការចំណាយជំរុញសេដ្ឋកិច្ចកាន់តែធំពីសំណាក់រដ្ឋាភិបាល។
សន្ទស្សន៍ភាគហ៊ុន Nikkei 225 បានកើនឡើង ០,៥០ ភាគរយ ឬ មាន ១៤២,៦៤ ពិន្ទុ ដល់ ២៨ ៧៧៦,១០ យ៉េន ក្នុងការជូញដូរពេលបើកភ្លាមៗ ខណៈសន្ទស្សន៍ភាគហ៊ុន ក្រុមហ៊ុន Topix ដែលធំជាងបានកើនឡើង ០,០៩ ភាគរយ ឬ ១,៦៦ ពិន្ទុ នៅតម្លៃ ១៨៥៧,៥០ យ៉េន ក្រុមហ៊ុនមូលបត្រ Okasan Online បានឲ្យដឹងនៅក្នុងការអត្ថាធិប្បាយថា៖ «ភាគហ៊ុនជប៉ុនត្រូវបានគេមើលឃើញកើនឡើងជាមួយការគាំទ្រពីដៃគូក្នុងទីផ្សារអាមេរិក ប៉ុន្តែឥរិយាបថ«រង់ចាំមើល» នឹងកើនឡើងមុនពិធីឡើងកាន់តំណែងប្រធានាធិបតីសហរដ្ឋអាមេរិក»។
ប្រាក់ដុល្លារមានតម្លៃ ១០៣,៨៩ យ៉េន ក្នុងជំនួញអាស៊ីដំបូងធៀបនឹង ១០៣,៩០ យ៉េន ក្នុងទីក្រុងញូវយ៉កកាលពីល្ងាចថ្ងៃអង្គារ។
ក្នុងចំណោមភាគហ៊ុនធំៗ នៅទីក្រុងតូក្យូក្រុមហ៊ុនសូនីបានកើនឡើង ០,៦១ ភាគរយ ស្មើនឹង ១០.៦៧០ យ៉េន ក្រុមហ៊ុន Panasonic បានកើនឡើង ១,២៦ ភាគរយ ស្មើនឹង ១.៣២៦ យ៉េន ហើយក្រុមហ៊ុនផលិតរ៉ូបូត Fanuc បានកើនឡើង ១,៣៣ ភាគរយ ស្មើនឹង ២៧ ៤៩០ យ៉េន។
ក្រុមហ៊ុនអាកាសចរណ៍ ANA Holdings បានធ្លាក់ចុះ ២,១៨ ភាគរយ ស្មើនឹង ២,២៥៩,៥ យ៉េន បន្ទាប់ពីមានរបាយការណ៍មួយបាននិយាយថាក្រុមហ៊ុនអាកាសចរណ៍បង្ហាញ ខាតបង់ទឹកប្រាក់ជាង ៣០០ ពាន់លានយ៉េន (២,៨ ពាន់លានដុល្លារ) សម្រាប់រយៈពេល ៩ ខែ ដែលបានបញ្ចប់នៅក្នុងខែធ្នូ៕ AFP/RR